រាជធានីភ្នំពញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញម្ចាស់ស្ថានីយ៍ផ្សព្វផ្សាយទាំងអស់ធ្វើការផ្សព្វផ្សាយខ្លឹមសារព័ត៌មានដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងបណ្តុះស្មារតីប្រិយមិត្តរបស់ខ្លួនលើខ្លឹមសារបែបផ្តល់ព័ត៌មានចំណេះ ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងតាមបណ្តាញសង្គម នៅថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២៦ នេះថា នៅកិច្ចប្រជុំជាមួយតំណាងម្ចាស់ស្ថានីយ៍ទូរទស្សន៍ដើម្បីជំរុញការផ្សព្វផ្សាយខ្លឹមសារដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងបណ្តុះស្មារតីប្រិយមិត្តរបស់ខ្លួនលើខ្លឹមសារបែបផ្តល់ព័ត៌មានចំណេះដឹង ជាជាងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងជម្លោះគ្រួសារ ជម្លោះស្នេហា ឬព័ត៌មានដែលបង្ហាញពីសាកសព ការធ្វើអត្តឃាតជាដើម ដើម្បីគ្រាន់តែចង់បានអ្នកមើលច្រើន ប៉ុន្តែជះឥទ្ធិពលមិនល្អលើអារម្មណ៍ផ្លូវចិត្តរបស់ពលរដ្ឋដែលទស្សនា និងសង្គមផងដែរ ។

លោកបញ្ជាក់ថា ជាមួយគ្នានេះ ខ្ញុំនឹងជួបជាថ្មីបន្ថែមទៀតជាមួយបងប្អូនអ្នកសាព័ត៌មានអនឡាញដែលបានកំពុងចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសន្តិសុខសង្គម និងជម្លោះនានាដែលបានកើតឡើង ដើម្បីពង្រឹងលើក្រមសីលធម៌ផង និងការផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់សង្គមផង ជំរុញឱ្យមានការផលិតផ្សព្វផ្សាយព័ត៌មានដែលមានផលប្រយោជន៍ច្រើនដល់ពលរដ្ឋ ។

លោករដ្ឋមន្ត្រី ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មានដែលផ្តល់ចំណេះដឹង ការយល់ដឹង ផ្តល់គំនិតនិងទស្សនៈជាជាងការទស្សនាព័ត៌មានបែបរន្ធត់ ព័ត៌មានទាក់ទងនឹងការធ្វើអត្តឃាត ឬជម្លោះផ្សេងៗ ។ លោកថា ពេលខ្លះបងប្អូនអាចមានអារម្មណ៍មិនល្អ ឈឺក្បាល ស្រ្តេស ឬអារម្មណ៍ផ្សេង បងប្អូនមិនមានជំងឺអ្វីទេ ប៉ុន្តែអាចមកពីបងប្អូនអានព័ត៌មាន ឬទស្សនារូបភាពដែលរន្ធត់ ឬព័ត៌មានមិនល្អ ។ លោកបញ្ជាក់ថា សូមរួមគ្នាដើម្បីផលិតផ្សព្វផ្សាយព័ត៌មានដែលផ្តល់ផលប្រយោជន៍ដល់សង្គម ៕
ចែករំលែកព័តមាននេះ