ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ ២០២៦ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងក្នុងតំបន់

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិតផ្នែកវិស័យកាត់ដេរនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងក្នុងតំបន់ ដែលរួមមានប្រទេសស្រីលង្កកា, មីយ៉ាន់មា, បង់ក្លាដេស, ឡាវ, ប៉ាគីស្ថាន, និងឥណ្ឌាជាដើម…

រាជធានីភ្នំពេញ ៖ ប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិតផ្នែកវិស័យកាត់ដេរនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងក្នុងតំបន់ ដែលរួមមានប្រទេសស្រីលង្កកា, មីយ៉ាន់មា, បង់ក្លាដេស, ឡាវ, ប៉ាគីស្ថាន, និងឥណ្ឌាជាដើម ។ នេះគឺជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ កាលពីពេលថ្មីៗនេះ ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ៖ «ប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ ២០២៦ នេះ ដែលបូកបន្ថែមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីផង បានកើនដល់ចំនួន ២១០ដុល្លារ ក្នុងមួយខែ ហើយប្រសិនបើជាបូករួម និងអត្ថប្រយោជន៍កាតព្វកិច្ចផ្សេងទៀត គឺប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតផ្នែកវិស័យកាត់ដេរ (កម្ពុជា) មានចំនួនយ៉ាងតិច ២២៧ដុល្លារ ដល់ ២៤០ ដុល្លារអាម៉េរិក ក្នុងមួយខែ ខណៈដែលប្រាក់ឈ្នួលអប្បបរមា នៅប្រទេសស្រីលង្កា មានត្រឹមតែ ៩៧ដុល្លារ, មីយ៉ាន់មា ៩៧ដុល្លារ, បង់ក្លាដេស ១០២ដុល្លារ, ឡាវ ១១៦ដុល្លារ, ប៉ាគីស្ថាន ១៤៣ដុល្លារ, ឥណ្ឌា ១៣២ដុល្លារ ទៅ ១៩២ដុល្លារ, វៀតណាមពី ១៤៨ដុល្លារ ទៅ ២១២ដុល្លារ, ឥណ្ឌូណេស៊ីពី ១៣៨ដុល្លារ ទៅ ៣៤០ដុល្លារ» ។

ចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក្រៅតែពីការដំឡើងប្រាក់ឈ្នួលគោលជាបន្តបន្ទាប់ជូនបងប្អូនកម្មករនិយោជិតរួចហើយនោះ ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ក៏បានបើកការចរចាជាមួយវិស័យឯកជន និងសហជីពដើម្បីផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នឧបត្ថម្ភចំនួន ២,៥០ដុល្លារជូនបងប្អូនកម្មករនិយោជិតក្នុងបរិបទនៃវិបត្តិប្រេងជាសាកលដែលធ្វើឱ្យកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់ដែលបានផ្តល់សោហ៊ុយធ្វើដំណើរបន្ថែមដល់កម្មករ ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលគោលហើយនោះ ជាមធ្យមកម្មករម្នាក់ក្នុងវិស័យកាត់ដេរទទួលបានប្រាក់ចំណូលប្រមាណក្នុងរង្វង់ ៣០០ដុល្លារបូកទាំងការថែមម៉ោងត្រឹមម៉ោង ៦ល្ងាចព្រោះកម្មករនៅកម្ពុជាបច្ចុប្បន្ននេះ ទទួលបានមានប្រាក់អត្ថប្រយោជន៍ទាំងសុខភាព ទាំងគ្រោះថ្នាក់ការងារ និងប្រាក់សោធន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនដែលប្រសើរជាងច្បាប់ ៕