ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី១ សីហា ម្ចាស់អាជីវកម្មឡូត៍នេសាទលេខ៤ បានរៀបចំពិធីលែងត្រីមេពូជចម្រុះចំនួន៧០០គីឡូក្រាមបន្ថែមទៅក្នុងឡូត៍របស់ខ្លួននៅចំណុចអន្លង់ត្រែងទឹក ឃុំប្រាសាទ ស្រុកស្អាង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីខណ្ឌរដ្ឋបាលជលផលផ្នែក សង្កាត់ និងលោកមេឃុំប្រាសាទផងដែរ ។
លោកគី ហេង តំណាងទទួលសិទ្ធិកាន់កាប់ឡូត៍នេសាទលេខ៤ ខេត្តកណ្តាល បានឱ្យដឹងថា ជារៀងរាល់ឆ្នាំនៅរដូវបិទនេសាទ លោកតែងតែរៀបចំការលែងត្រីមេពូជចូលក្នុងឡូត៍របស់ខ្លួនដើម្បីឱ្យធំធាត់និងពងកូនក្នុងដែនទឹកធម្មជាតិ។ ត្រីមេពូជដែលត្រូវលែងលើកនេះមានចំនួន៧០០គីឡូក្រាម ជាត្រីឆ្តោ និងត្រីរ៉ស់ ។ កាលពីអំឡុងខែមិថុនាកន្លងមក លោកបានលែងត្រីចម្រុះប្រមាណ២ពាន់គីឡូក្រាមទៅក្នុងដែនឡូត៍លេខ៤ម្តងរួចមកហើយដោយមានការអញ្ជើញចូលរួមពីមន្ត្រីជលផល និងអាជ្ញាធរផងដែរ ។ នេះជាកាតព្វកិច្ចរបស់ម្ចាស់អាជីវកម្មឡូត៍នេសាទ ក្នុងការអនុវត្តតាមការណែនាំរបស់រដ្ឋបាលជលផល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតម្រូវឱ្យគ្រប់ឡូត៍នេសាទត្រូវតែលែងត្រីមេពូជឱ្យបានយ៉ាងតិច២ពាន់គីឡូក្រាម ក្នុងមួយឡូត៍ ក្នុងគោលបំណងបង្កើនផលស្តុកត្រីក្នុងដែនធម្មជាតិឱ្យសំបូរដើម្បីបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋបន្ថែមទៀត ។
លោកគី ហេង បានបន្តថា ម្យ៉ាងទៀតដោយសារចំនួនប្រជាពលរដ្ឋមានការកើនឡើងដូច្នេះតម្រូវការហូបចុកត្រីក៏មានការឡើងដែរ ចំណែកពូជត្រីមានការថយចុះដោយសារទឹករីងរាក់ បើយើងមិនធ្វើការលែងមេពូជត្រីបន្ថែមទេនាំឱ្យមានការថយចុះនូវផលនេសាទនាពេលខាងមុខ។ ក្នុងសកម្មភាពនេះ មន្ត្រីជលផលនិងអាជ្ញាធរ បានកោតសរសើរម្ចាស់អាជីវកម្មឡូត៍នេសាទលេខ៤ដែលបានលែងមេពូជត្រីលើសពីផែនការកំណត់ ៕
ចែករំលែកព័តមាននេះ