ក្រុងប៉ោយប៉ែត ៖ គំនរសំរាមដ៏ធំលើផ្លូវលំមួយកន្លែងជាយូរឆ្នាំមកហើយនោះ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត បាននិងកំពុងជះក្លិនមិនល្អក្នុងរដូវវស្សានេះ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំងពិសេសប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ គំនរសំរាមមួយកន្លែងនេះគេឃើញកើតមានជាយូរយារណាស់មកហើយ ប៉ុន្តែពុំមានអ្នកណាអើពើយកចិត្តទុកដាក់នោះទេ ។
បើតាមប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះនិយាយថា គំនរសំរាមមួយកន្លែងនេះ បើក្នុងរដូវប្រាំងពុំសូវជាមានបញ្ហាចោទប៉ុន្មានទេ ប៉ុន្តែបើក្នុងរដូវវស្សាគំនរសំរាមនេះបានចោលក្លិនមិនល្អប៉ះះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះក្រោយពីមានភ្លៀងធ្លាក់ ។ ពួកគាត់រអ៊ូរទាំថា តាំងពីដើមមកទល់ពេលនេះអាជ្ញាធរហាក់ដូចជាមិនយកចិត្តទុកដាក់ចំពោះគំនរសំរាមមួយកន្លែងនេះទេ ព្រោះយូរឆ្នាំមកហើយនៅតែដដែល។ តាមប្រភពពីគ្រួសារមួយនិយាយថា គ្រួសាររបស់គាត់មានការពិបាកជាខ្លាំងចំពោះក្លិនស្អុយចេញពីគំនរសំរាមមួយកន្លែងនេះ ។ មួយរយៈនេះក្រោយពីក្លិនស្អុយចេះតែនៅបន្តគ្រួសារខ្លះបានខឹងសម្បាដល់មនុស្សមួយចំនួនដែលចេះតែយកសំរាមទៅចោលនៅទីនោះ ។ ចំណែកតាមផ្ទះប្រជាពលរដ្ឋ គេបានយកសំរាមច្រកការុងឬសុខចិត្តបង់ខែឱ្យក្រុមហ៊ុនមួយចំនួនដែលដើរប្រមូលសំរាមដើម្បីបញ្ចៀសក្លិនមិនល្អនេះ ។
ប្រជាពលរដ្ឋដែលរស់នៅជុំវិញគំនរសំរាមខាងលើបានសំណូមពរសុំឱ្យអាជ្ញាធរសង្កាត់ឬក្រុងមេត្តាជួយមានវិធានការចំពោះគំនរសំរាមមួយកន្លែងនេះផង ព្រោះរដូវវស្សាបានចូលមកដល់ហើយ។ ពួកគាត់សង្ឃឹមថា អាជ្ញាធរក្រុងប៉ោយប៉ែត ជាពិសេសលោកង៉ោ ម៉េងជ្រួន ដែលទើបតែកាន់តំណែងជាអភិបាលក្រុងថ្មីនឹងលើកយកករណីនេះទៅដោះស្រាយមិនខាន និងមិនបណ្តោយឱ្យក្រុងដែលមានភ្ញៀវទេសចរបរទេសឆ្លងកាត់ស្រូបក្លិនដ៏អសោចិ៍នេះទៀតឡើយ ៕
ចែករំលែកព័តមាននេះ