ខេត្តកណ្តាល ៖ រយៈពេល ៣ថ្ងៃហើយជនសង្ស័យម្នាក់ រត់គេចខ្លួនបាត់ស្រមោល ក្រោយធ្វើសកម្មភាព គាស់តំបូលហាងលក់ទូរស័ព្ទដៃមួយកន្លែង នៅឃុំទំនប់ធំ លួចយកនូវទូរស័ព្ទ ម៉ាកអាយហ្វូន ចំនួន ៤៩គ្រឿង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ នៅចំណុចហាងលក់ទូរស័ព្ទដៃមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៅ ឃុំទំនប់ធំ ស្រុកពញ្ញាឭ ខេត្តកណ្តាល ។
តាមការបញ្ជាក់ពីជនរងគ្រោះបានអោយដឹងថា នាវេលាយប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីលក់ដូររួច គាត់បានចាក់សោរហាងយ៉ាងត្រឹមត្រូវ ហើយក៏ឡើងទៅសម្រាន្តនៅបន្ទប់ជាន់ខាងលើតែម្តង ។ លុះមកដល់វេលាព្រឹកថ្ងៃដដែល គាត់ភ្ញាក់ឡើង ក៏ស្រាប់តែ បាត់ទូរស័ព្ទ ម៉ាក អាយហ្វូនចំនួន ៤៩គ្រឿង (បើគិតជាទឹកប្រាក់ ១៥ ៨៣៥ ដុល្លារ ) ។
ប្រភពដដែលបន្តថា ភ្លាមៗ គាត់បានឆែកមើលតាមកាំម៉េរ៉ាសុវត្ថិភាព បានឃើញជនសង្ស័យម្នាក់ បានដើរកាត់ពីក្រោយផ្ទះរបស់គាត់ រួចក៏ឡើងទៅលើដំបូលផ្ទះ ធ្វើសកម្មភាពគាស់ដំបូល ចុះមកខាងក្រោម ធ្វើសកម្មភាពលួចយកទូរស័ព្ទ ម៉ាកអាយហ្វូន ចេញពីក្នុងទូរដាក់តាំង ដាក់ចូលកាបូបស្ពាយរួចឡើងទៅលើដំបូលផ្លោះរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ រួចបន្តធ្វើការស្រាវជ្រាវ រកមុខសញ្ញា ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ មានរយៈពេល ៣ថ្ងៃមកហើយ ដែលជនរងគ្រោះដាក់ពាក្យបណ្តឹង ប៉ុន្តែពុំទាន់បានដំណឹងពីសមត្ថកិច្ចនោះឡើយថាករណីខាងលើស្រាវជ្រាវកំណត់មុខសញ្ញាបានហើយឬនៅ ៕


ចែករំលែកព័តមាននេះ