ខេត្តបាត់ដំបង ៖ អាសូរលោកយាយទុរគត វ័យ៨៥ឆ្នាំ ត្រូវបានព្រះអគ្គីដែលគេអះអាងផ្ដើមចេញពី «ភ្លើងធូប» លេបយកផ្ទះដ៏កំសត់របស់គាត់អស់គ្មានសល់នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៣០ មេសា នៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល គឺបន្ទាប់ពីគាត់ដុតធូបទុកចោល រួចឡើងរថយន្តទៅជាមួយគេឯងចេញផុតទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើបុណ្យ ។

របាយការណ៍មន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា អគ្គិភ័យនោះបានកើតឡើង បន្ទាប់ពីម្ចាស់ផ្ទះជិះរថយន្តចេញផុតនៅវេលាមទៀបភ្លឺ ។ ជនរងគ្រោះជាស្ត្រីទុរគតវ័យ៨៥ឆ្នាំ ឈ្មោះ អាំ ឈឿម រស់នៅចំណុចកើតហេតុ ។ របាយការណ៍ដដែលបានឲ្យដឹងថា គាត់ត្រូវងើបពីយប់បន្តិច ជិះរថយន្តចេញទៅធ្វើបុណ្យជាមួយអ្នកភូមិដទៃៗទៀតនៅខេត្តសៀមរាប នាថ្ងៃកើតហេតុនោះ ។ ប៉ុន្តែមុនពេលចេញទៅ គាត់បានងើបពីយប់រៀបចំខ្លួន និងបានដុតធូបនោះលើហឹងក្នុងផ្ទះសុំសេចក្ដីសុខ សប្បាយ មុនពេលរថយន្តមកទទួលគាត់ ។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្រោយដុតធូបរួច រថយន្តក៏មកទទួលគាត់ លុះគាត់ចេញផុតយ៉ាងយូរ ស្រាប់តែអគ្គិភ័យបានកើតឡើងនៅក្នុងផ្ទះគាត់យ៉ាងសន្ធោសន្ធៅខ្ទេចខ្ទីរអស់គ្មានសល់តែម្ដង ។ សូម្បីរថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ចក៏មិនអាចជួយអន្តរាគមន៍ទាន់ពេលវេលាដែរ ។

លំនៅឋានដ៏កំសត់របស់លោកយាយវ័យ៨៥ឆ្នាំ ដែលព្រះអគ្គិលេបត្របាក់យកអស់នោះ ធ្វើពីឈើ ប្រក់ស័ង្កសី មានទំហំ ៥ម៉x ៧ម៉ ។ នៅក្នុងរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះរបស់គាត់ត្រូវភ្លើងឆេះអស់គ្មានសល់ ។ គ្មានទ្រព្យអ្វីដែលអាចរំដោះបានទេ ក្នុងនោះ លុយសុទ្ធដែលគាត់សន្សំទុកមានចំនួន៥លានរៀល ក៏ត្រូវភ្លើងឆេះខូចខាតដែរ ។ ហើយរាប់ទាំងផ្ទះ ទាំងសម្ភារៈ និងទ្រព្យសម្បត្តិនៅក្នុងផ្ទះថែមទៀតសរុបជាទឹកប្រាក់ប្រមាណ១៥លានរៀលទៀត ។ ពោល លោកយាយទុរគត នៅសេសសល់ត្រឹមមួយចង្កេះតែប៉ុណ្ណោះ ។

អធិការស្រុកបវេល លោក សុខ សារិន បាននិយាយថា ម្ចាស់ផ្ទះជាស្ត្រីទុរគត មានវ័យចំណាស់ គ្មានកូនចៅនៅក្បែរទេ ។ គាត់រស់នៅម្នាក់ឯងក្នុងផ្ទះជរា ។ បើតាមអ្នកភូមិ៖ គាត់មានសាច់ញាតិ កូនចៅដែរ ប៉ុន្តែពួកគេរស់នៅឆ្ងាយ ដូច្នេះហើយ ទើបពួកគេមិនអាចមកជួយគាត់បានទាន់ពេលវេលា ។ លោក សុខ សារិន បាននិយាយថា បើតាមការសាកសួរ ម្ចាស់ផ្ទះបានប្រាប់ថា មុនពេលគាត់ឡើងរថយន្តចេញទៅសៀមរាប គាត់បានដុតធូបនៅក្នុងផ្ទះ ហើយរថយន្តក៏មកយកគាត់ ។ លុះចេញផុតក៏មានអគ្គិភ័យកើតឡើង ដូច្នេះ គាត់សង្ស័យអគ្គិភ័យលេបយកផ្ទះគាត់ គឺផ្ដើមចេញពីភ្លើងធូបដែលគាត់ដុតទុកចោល មុនពេលគាត់ឡើងរថយន្ត ។

លោកអធិការក៏បានបញ្ជាក់ដែរថា អគ្គិភ័យនោះឆេះលឿន ទម្រាំរថយន្តពន្លត់អគ្គិភ័យចេញទៅដល់ភ្លើងឆេះផ្ទះគាត់អស់ទៅហើយ ។ ដូច្នេះ យើងបានត្រឹមចូលរួមសោកស្ដាយតែប៉ុណ្ណោះ ៕



ចែករំលែកព័តមាននេះ