ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាបង្ហាញការគាំទ្រការបោសសម្អាត Online Scams

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា
ឯក​ឧត្តម គី​ម ឆាង​យ៉ុ​ង (KIM CHANGYONG) បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​យុទ្ធនាការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams) ក្នុង​ប្រទេស​កម្ពុជា ពិសេស នៅ​ខេត្តបន្ទាយមានជ័យ និង​គាំទ្រ​រាល់​កិច្ចសហការ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេះ ដែល​ជា​បញ្ហា​ស្មុគស្មាញ​រីក​រាលដាល​នៅ​ក្នុង​ទូ​ទាំង​ពិភពលោក ។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត គី​ម ឆាង​យ៉ុ​ង បាន​ថ្លែង​ការ​គាំទ្រ​បែប​នេះ ក្នុង​ពេល​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយនឹង​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ពិភាក្សា​លើ​ប្រធានបទ បទល្មើស​បោកប្រាស់ និង​ស្ថានភាព​ព្រំដែន នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត កាលពី​ព្រឹក​ថ្ង​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ កន្លង​ទៅ នៅ​សាល​ប្រជុំ​សាលាខេត្ត ។

ក្នុង​ជំនួប​នោះ ឯកឧត្ដម អ៊ុំ រាត្រី បាន​បញ្ជាក់​ថា អនុវត្ត​នូវ​បញ្ជា​របស់​ប្រមុខ​រាជរ​ដ្ឋា​ភិបាល​កម្ពុជា រដ្ឋបាល​ខេត្ត​បាន​និង​កំពុង​ខិតខំ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ដោយ​បាន​ដាក់​ចេញ​ផែនការ​សកម្មភាព និង​ចាត់វិធានការ​ជំរុញ​អនុវត្ត​យ៉ាង​សកម្ម​ក្នុង​ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams) ។

ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​ទីតាំង​សង្ស័យ​មាន​ជនបរទេស​រស់នៅ​ប្រមូលផ្ដុំ លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បទល្មើស​ផ្សេង​ៗ នៅ​ក្នុងភូមិ​សាស្ត្រ​សង្ស័យ និង​បាន​ចុះ​ប្រតិ​បត្តិការ​បង្ក្រាប​ជា​បន្តបន្ទាប់ ។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​បង្ហាញ​នូវ​ការ​កោតសរសើរ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច
មហា​វរ​ប​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់​ចេញ​នូវ​ផែនការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams) ដែល​កំពុង​អនុវត្ត​ទទួល​បាន​ជោគជ័យ និង​បាន​ធ្វើការ​បង្ក្រាប​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​បន្តបន្ទាប់ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​អរគុណ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ពិសេស​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាជន​កូរ៉េ​ដែល​កំពុង​រស់នៅ និង​ធ្វើ​ការងារ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ក្នុង​ការ​ការពារ​សុខ​សុវត្ថិភាព​ជាក់ស្តែង ក្នុង​កំឡុង​ពេល​មាន​ជម្លោះ​តាម​បន្ទាត់​ព្រំដែន ។ ពិសេស​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ បាន​យកចិត្តទុកដាក់​ទៅ​លើ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក រួម​ទាំង​កុមារ​ភៀស​សឹក ក៏​ដូច​ជា​ជនបរទេស ជនជាតិ​កូរ៉េ ដែល​រស់នៅ​ក្នុង​ខេត្ត ទទួល​បានការ​ការពារ​សុវត្ថិភាព​យ៉ាង​ល្អ​ប្រសើរ ៕