ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទាំង​ថ្ម​បុរាណ​ ​រក​ឃើញ​ក្នុង​បាតទន្លេ​មេគង្គ ត្រូវបាន​​នាំ​យកទៅ​រក្សា​ទុក​ ដើម្បី​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ

1 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ អាជ្ញាធរ​ក្រុង​ស្ទឹង​ត្រែង រួម​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​រៀបចំ​ពិធីសែនព្រេន​តាម​បែប​សាសនា និង​ដង្ហែ​វត្ថុ​បុរាណ​នេះ​យក​ទៅ រក្សាទុកជា​បណ្តោះអាសន្ន ដើម្បី​ត្រៀម​ធ្វើ​កោសល្យ​វិ​ច្ច័​យក្រោយ​ប្រជា​នេសាទ​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦​។…

ខេត្តស្ទឹងត្រែង​៖ អាជ្ញាធរ​ក្រុង​ស្ទឹង​ត្រែង រួម​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​រៀបចំ​ពិធីសែនព្រេន​តាម​បែប​សាសនា និង​ដង្ហែ​វត្ថុ​បុរាណ​នេះ​យក​ទៅ រក្សាទុកជា​បណ្តោះអាសន្ន ដើម្បី​ត្រៀម​ធ្វើ​កោសល្យ​វិ​ច្ច័​យក្រោយ​ប្រជា​នេសាទ​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦​។

យោង​តាម​ប្រភព​ព័ត៌មាន ផ្ទាំង​ថ្ម​បុរាណ​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​ចៃដន្យ​នៅ​ក្នុង​បាតទន្លេ​មេគង្គ ត្រង់​ចំណុច​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។​បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ក្រុមការងារ​នៃ​អាជ្ញាធរ​ក្រុង​និង​មន្ត្រី​វប្បធម៌ បាន​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ និង​បាន​សម្រេចចិត្ត​រៀបចំការ​ដង្ហែ​ចេញពី​មាត់ទឹក ដើម្បី​រក្សា​ទុក​។

គេ​សង្កេត​ឃើញ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ដង្ហែ​នេះ អាជ្ញាធរ​បាន​ប្រារព្ធ​ពិធីសែនព្រេន​ទៅ​តាម​ទំនៀមទម្លាប់​ក្នុង​តំបន់ ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ មុន​នឹង​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង​។​ក្នុង​គោលបំណង​ដើម្បី​ការពារ​ឱ្យ​បាន​គង់វង្ស​នូវ​មរតក​ដូនតា​។

ប្រភព​បន្ត​ថា​៖​ជំ​ហ៊ាន​បន្ទាប់​ក្រុម​ជំនាញ​បុរាណវិទ្យា​នឹង​ធ្វើការ​ពិនិត្យ​លើ​ទម្រង់ វត្ថុធាតុ និង​រចនាបថ ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់​ថា​តើ​ផ្ទាំង​ថ្ម​នេះ​ស្ថិត​ក្នុង​សម័យ​កាលណា​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​។
យោង​តាម​ដកស្រង​ពី​សៀវភៅ​”​ទឹកដី​វប្បធម៌​ខេត្តស្ទឹងត្រែង​”​ចងក្រង​ដោយ​លោក សម សា​ឯម អតីត​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ស្ទឹង​ត្រែ បោះពុម្ពនៅ​ឆ្នាំ​២០០៦ ។

ស្ថិត​នៅ​ទីតាំង​ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​ថ្ម​បូរាណ​ខាងលើ​ជាទី​តាំង “​ប្រាសាទ​បា​ចុង ឬ ប្រាសាទ​ប្រុស​”​។
ប្រាសាទ​បា​ចុង​ជា​ប្រាសាទ​ទោល ឋិត​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ នៅ​ចំ​ជ្រុង​ទន្លេ​ដែល ប្រសព្វ​គ្នា​រវាង​ទន្លេមេគង្គ និង​ទន្លេសេកុង​។ ប្រាសាទ​នេះ​ឋិត​នៅ​ក្នុងភូមិ​បា​ចុង ឃុំ​ព្រះបាទ ស្រុក​ស្ទឹង​ត្រែង នៅ​ចំ​ពីមុខ​វត្ត​ធម្ម​រង្សី​(​វត្ត​ជា​ចុង​) ។

ប្រាសាទ​នេះ​សាងសង់​នៅ សតវត្ស​ទី​៧ ដើម្បី ឧ​ទ្ទិស​ថ្វាយ ព្រហ្មញសាសនា ។​សាងសង់ អំពី​ឥដ្ឋ ថ្មភក់ និង ថ្មបាយក្រៀម ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​១ ។

ដោយ​ប្រាសាទ​ឋិត​នៅ​មាត់ទន្លេ​គឺ​ចំ​ជ្រុង​បំបែក​ទឹកជា​ហេតុ​បណ្តាល​ឱ្យ​ទឹក​ហូរ​បាក់​ច្រាំង​រលំ​ដួល ប្រាសាទ​ធ្លាក់​ទៅ​ក្នុង​ទន្លេ​ស្ទើរតែ​អស់ ។​ចំណែក​ប្រាសាទ​មួយចំនួន​ទៀត ដែល​ជា​ក្រុម​ប្រាសាទតូច​ៗ បាន​សង់​រកេតរកូត​នៅ​ក្នុង​ទីធ្លា​វត្ត​ធម្ម​រង្សី បច្ចុប្បន្ន​ត្រូវ​រលុះ​កប់​ដី​មួយចំនួន​ធំ ស្ទើរតែ​រលំរលាយ​អស់ហើយ ។ ក្នុង​សម័យ​សង្គមរាស្ត្រនិយម (១៩៥៣) ប្រជាពលរដ្ឋ​បាន​សាងសង់​កុ​ដ និង​សាលាឆាន់​នៅ​ពីលើ​ទៀត​។​វត្ត​និង​សាលាឆាន់​គង់វង្ស​មក​ដល់​សព្វ​ថ្ងៃជា​ហេតុ​ធ្វើ​ឱ្យ​ទួល​ប្រាសាទនេះ​ក្លាយទៅជា​ទីទួល​វត្ត​អារាម​ទៅ​វិញ​ម្តង​។

ដុំ​ថ្ម​ក្បូរក្បាច់ ចម្លាក់​ផ្តែរ និង​ចម្លាក់​ផ្សេង​ៗ​ទៀត ត្រូវ​បាន​តំកល់​ទុក​នៅ​ក្នុង​វត្ត និង​នៅ​តាម​ផ្ទះ ប្រជាពលរដ្ឋ​ជា​ច្រើន ។​វត្ថុ​មាន​តំលៃ​ទាំង​អស់នេះ​បាន​យក​ពី​ប្រជាពលរដ្ឋ បាន​ទៅ​ផ្សងព្រេង​វែង​រក​មាស​និង​លោហៈធាតុ​ផ្សេង​ៗ​នៅ​មាត់ទន្លេ ក៏​រើស​បាន​យក​មក​រក្សា​ទុក​នៅផ្ទះ​តែ​ម្តង​ទៅ ។ ហើយ​បើ​តាម ព​ត៌​មាន​ប្រជាពលរដ្ឋ​ភាគច្រើន​ឱ្យ​ដឹង​ថា នៅ​អែប​ក្បែរ​មាត់ទន្លេ​ជ្រោយ​បា​ចុង ក្នុង​បរិវេណ​ប្រាសាទ​បានឃើញ​ផ្ទាំង​ថ្ម​មួយ​ចំនួន​នៅរ​ប៉ាត់រប៉ាយ ផ្ទាំង​ថ្ម​នេះ​តាម​ចាស់​ៗ​បុរាណ​តំណាល​ថាៈ ជា​បំណែក ផ្ទាំង​ថ្ម​សំរាប់​បិទ​រូង​កំណប់ (​បច្ចុប្បន្ន​នេះ​មិនដឹង​នៅ​ត្រង់​ណា​ទេ​)​។

កាល​ជំនាន់​បារាំង​កាន់កាប់ ខេត្តស្ទឹង​ត្រែង​បារាំង​បាន​ជួល​ជនជាតិវៀតណាម​​ធ្មេញ​ខ្មៅ (​យួន​វេ​) ឱ្យ​ជីក​រក​កំណប់​នៅ​ក្នុង​ប្រាសាទ​នេះ ជីក​បាន មាស ប្រាក់ និង​ជីក​បាន​ទូក​មាស​បាក់​កាំ​មួយ តែ​ទូក​មាស​នេះ ជីក​បាន​ហើយនឹង​ដឹក​ទៅ​ភ្នំពេញ​តែ​ដឹក មិន​បាន​ត្រូវ​បាន​លិច​ក្នុង​ទន្លេ​ជ្រោយ​បា​ចុង​នេះ​វិញ​។ ចំណែក មាស ប្រាក់ ជា​ច្រើន​បាន​ដឹក​តាម​ទូក​ទៅ ភ្នំពេញ​ស្រាប់តែ​ទៅ​ដល់​កាំ​ង​ទង់ដែង ឋិត​នៅ​កន្ទុយ​កោះ​សន្ទុះ ភូមិ​កោះ​សំពាយ ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក ទូក​ក៏​ត្រូវ​លិច​បាត់​មាស ប្រាក់​អស់ សូ​ម្បី​បារាំង​បញ្ជា​ឱ្យ​ស្តាយក​មក​វិញ​ក៏​មិន​បាន​ផង​។

សូម​បញ្ជា​ក់ថាៈ ទំ​រាំ​តែ​ជីក​បាន មាស ប្រាក់ ជា​កំណប់​នោះ​ពួក​ជនជាតិវៀតណាម​​ត្រូវ​ស្លាប់​បាត់បង់​ជីវិត ជា​ច្រើន​អ្នក ដោយ​ចុះរាក​ផង ក្អួត​ផង មូលហេតុ​មក​ពី​ខ្មោច​កំណប់​កាច់​យក ។

ចំពោះ​ផ្ទាំង​ថ្ម​បុរាណ​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ទាំងនេះ​ជា​ទឹក​តាង​មួយ​ដែល​បញ្ជាក់​អំពី​អត្តសញ្ញាណ​មួយ​ចំនួន​នៃ​អតីត​ប្រាសាទ​បា​ចុង​ឬ​ប្រាសាទ​ប្រុស​រហូត​មក​ទល់​បច្ចុប្បន្ន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ