ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្ទឹងត្រែងប្រកាស​បិទ​រដូវ​នេសាទ​ឆ្នាំ​២០២៦ ចាប់ពី​ថ្ងៃ​ទី​០១ ខែឧសភា​នេះ​តទៅ ដើម្បី​ការពារ​ត្រី​មេ​ពូជ

1 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​ចេញ​សេចក្តី​ជូនដំណឹង​លេខ ០៩៣/២៦ ស​ជ​ណ ចុះ​ថ្ងៃ​ទី២៤ មេសា ឆ្នាំ​២០២៦ ស្តី​ពី​ការ​កំណត់​រដូវ​បិទ​នេសាទ និង​ការ​ដាក់​ចេញ​នូវ​វិធានការ​ការពារ​ត្រី​មេ​ពូជ​ក្នុង​រដូវ​ពង​កូន…

ខេត្តស្ទឹងត្រែង ​៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​ចេញ​សេចក្តី​ជូនដំណឹង​លេខ ០៩៣/២៦ ស​ជ​ណ ចុះ​ថ្ងៃ​ទី២៤ មេសា ឆ្នាំ​២០២៦ ស្តី​ពី​ការ​កំណត់​រដូវ​បិទ​នេសាទ និង​ការ​ដាក់​ចេញ​នូវ​វិធានការ​ការពារ​ត្រី​មេ​ពូជ​ក្នុង​រដូវ​ពង​កូន សម្រាប់​តំបន់​ទន្លេមេគង្គ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ ។

យោង​តាម​សេចក្តីជូនដំណឹងរដូវ​បិទ​នេសាទ​ក្នុង​ដែនទឹក​នៃ​ខេត្តស្ទឹងត្រែង នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៦ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ២០២៦​។​ក្នុងអំឡុងពេល​នេះ រដ្ឋបាល​ខេត្ត​ហាមឃាត់ដាច់ខាត ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​មង​គ្រប់​ប្រភេទ ដើម្បី​ផ្តល់​ឱកាស​ដល់​ត្រី​មេ​ពូជ​បង្ក​កំណើត​។​ទោះជា​យ៉ាងណា បងប្អូន​ប្រជា​នេសាទ​នៅ​តែ​អាច​ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ដោយ​ប្រើប្រាស់​ឧបករណ៍​ដែល​ច្បាប់​អនុញ្ញាត រួមមាន​៖​សៃយ៉ឺន​, លប​, សំណាញ់​, អង្រុត​, ចាន់​, តុ​ម​, ទ្រូ​, កញ្ច្រែង​ដងត្រី និង​សន្ទូច​ផ្លែ​មួយ​។     

រដ្ឋបាល​ខេត្ត និង​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សង្កត់ធ្ងន់​ថា ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​នេសាទ​ខុសច្បាប់ ដូច​ជា​៖​ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​គ្រប់​ប្រភេទ​។ ការ​ប្រើ​សារធាតុពុល និង​គ្រឿងផ្ទុះ​។​ល​។​រាល់​ការ​បំពាននឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ដោយសារ​ឧបករណ៍​ទាំងនេះ​បង្ក​វិនាស​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ​ ។

លោក ស្រី សំ​វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង បាន​ផ្ដល់​ទិន្នន័យ​ថា ៖​ក្នុង​រយៈពេល ៤​ខែ​ដើមឆ្នាំ​២០២៦ នេះ ផល​នេសាទ​ដែល​ប្រមូល​បាន​ពី​ធម្មជាតិ​មាន​បរិមាណ​សរុប ១,៨៥០តោន​។ជាមួយ​គ្នា​នេះ ក្នុង​កិច្ច​ប្រតិបត្តិការ​ការពារ​ធនធាន​ជលផល កម្លាំង​ជំនាញ​សហការ​ជាមួយ​សហគមន៍​នេសាទ ឆ្មាំ​អភិរក្ស និង​បណ្តា​អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​សម្រេច​បាន​នូវ​លទ្ធផល​ដូច​ខាងក្រោម​៖​បង្ក្រាប និង​ដកហូត​មង សរុប​ប្រវែង ១៨,៦៦៥ ម៉ែត្រ ដែល​លួច​នេសាទ​ក្នុង​តំបន់ហាមឃាត់​។​ដកហូត​សន្ទូចរនងចំនួន ១៥,៧៤៨ ផ្លែ​។ ទូក​-​ម៉ាស៊ីន ០១​គ្រឿង និង​ទ្រុង​ប្រោស​ត្រី ០១​គ្រឿង​។

លោក​បន្ថែម​ថា​៖​មន្ត្រី​ជំនាញ​ក៏​បាន ធ្វើ​កិច្ចសន្យា​ជាមួយ​ប្រជា​នេសាទ​ចំនួន ៣០​នាក់ និង​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​បាន​ចំនួន ៣៥​នាក់​ផង​ដែរ ​។ ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ខេត្ត ក៏​បាន​អំពាវនាវ​ដល់​សាធារ​ណ​ជន និង​បងប្អូន​ប្រជា​នេសាទ​ទាំងអស់ ចូលរួមគោរព​តាម​សេចក្តីជូនដំណឹង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​និរន្តរភាព​ត្រី​មេ​ពូជ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ