សង្គ្រាមអ៊ុយក្រែន ៖ នាយប់ថ្ងៃទី២៣ មក២៤ មេសា កងទ័ពរុស្ស៊ីបានវាយប្រហារលើទីក្រុងឌីនីប្រូអ៊ុយក្រែន បណ្ដាលឲ្យមានភ្លើងឆាបឆេះ ក្នុងសង្កាត់ផ្សេងៗនៃទីក្រុងនោះក្រោយការវាយប្រហារដោយដ្រូន។ អគាររស់នៅកម្ពស់ច្រើនជាន់មួយរងការខូចខាត ។

យោងតាមតុល្យការចុងក្រោយថា មនុស្ស៣នាក់បានត្រូវស្លាប់ និងយ៉ាងតិច១០នាក់ទៀតរងរបួសក្នុងនោះមានកុមារ២នាក់។ តុល្យការនោះត្រូវបានរាយការណ៍ដោយប្រមុខរដ្ឋបាលតំបន់ឌីនីប្រូប៉េត្រូវស្ក៍លោកអាឡិចសាន់ឌ័រហ្គានហ្សា ។ តាមកងទ័ពអាកាសអ៊ុយក្រែនថា រុស្ស៊ីបានប្រើដ្រូន១៥៥គ្រឿង វាយប្រហារអ៊ុយក្រែន នាយប់ថ្ងៃទី២៣មេសាក្នុងនោះ១៣៩គ្រឿង ត្រូវស្ទាក់កម្ទេចដោយកងការពារអាកាស ។ ចំណែកដ្រូននៅសល់១១គ្រឿងបានវាយប្រហារលើកន្លែង៩ផ្សេងៗគ្នា។
ចំណែកអ៊ុយក្រែនវិញបានវាយប្រហារសំដៅទីតាំងប្រេងរុស្ស៊ីច្រើនកន្លែង បណ្ដាលឲ្យមានភ្លើងឆាបឆេះយ៉ាងខ្លាំង ។ នៅទីក្រុងTUAPSE រុស្ស៊ី អគ្គិភ័យមួយកំពុងត្រូវបានពន្លត់អស់ពេល៣ថ្ងៃមកហើយ ក្រោយការវាយប្រហារមួយចំនួនរបស់ដ្រូនអ៊ុយក្រែន លើបណ្ដាទីតាំងប្រេងកាតក្នុងទីក្រុងនោះ។ ប្រជាជនទទួលរងក្លិនមិនល្អនៃប្រេងដែលឆេះហើយមានការលំបាកក្នុងការដកដង្ហើម។ នាថ្ងៃទី១៦និង២០មេសារោងចក្រសម្រាញ់ប្រេងកាត ក្រុងTUAPSEនិងទីតាំងប្រេងក្នុងសមុទ្ររបស់ក្រុងហ៊ុនប្រេងរុស្ស៊ី ROSNEFTរងការវាយប្រហារដោយដ្រូនអ៊ុយក្រែន។ ផ្សែងភ្លើងបានហុយគ្របដណ្ដប់ពីលើទីក្រុង៣របស់រុស្ស៊ីក្នុងទំំហំច្រើនរយគីឡូម៉ែត្រ ដែលអាចមើលឃើញពីទីអវ
កាស។

ចំណែកផលិតផលប្រេងក្នុងបរមាណដ៏ច្រើនបានធ្លាយចូលក្នុងសមុទ្រខ្មៅបង្កើតជាស្រទាប់ប្រេងរសាត់លើផ្ទៃសមុទ្រ ក្នុងទំហំប្រមាណជា១០.០០០គីឡូម៉ែត្រ ។ អាជ្ញាធរអះអាងថា បណ្ដានាវាកំពុងធ្វើការដើម្បីសម្អាតប្រេងទាំងនេះ ពេលការបំពុលបរិស្ថានកំពុងមានសភាពធ្ងន់ធ្ងរ ។ បណ្ដាសត្វទឹកនិងបណ្ដាបក្សីរងការបំពុលខ្លាំង។ ដោយសារក្លិនស្ងៀមប្រេង ដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព អាជ្ញាធរក្រុងTUAPSE អំពាវនាវដល់ប្រជាជន បើមិនចាំបាច់ចៀសវាងកុំចេញទៅក្រៅហើយត្រូវនៅក្នុងផ្ទះដោយបិទទ្វារនិងបង្អួច។
ចំណែករោងចក្រប្រេង-គីមីនៃទីក្រុងNOVOKUIBYSHEVSK កំពុងតែមានភ្លើងឆាបឆេះក្ន្នុងតំបន់សាម៉ារ៉ារុស្ស៊ី ក្រោយការវាយប្រហារនាពេលយប់ពីសំណាក់ដ្រូនអ៊ុយក្រែន។ អភិបាលក្រុងនោះថ្លែងថា សហគ្រាសនោះរងការខូចខាត ហើយមានមនុស្សស្លាប់ និងរបួស។ រោងចក្រនោះជាទីតាំងចម្រាញ់ឧស្ម័ន ព្រមទាំងបណ្ដាផលិតផលប្រេង-គិមីនិងផលិតផលសំយោគអ័រហ្គានិកដ៏ធំបំផុតមួយនៅរុស្ស៊ី និងអឹរ៉ុបខាងកើត។

គេក៏រាយការណ៍ផងដែរថាបណ្ដាបំណែកដ្រូនបានធ្លាក់លើអគាររស់នៅមួយនៃទីក្រុងសាម៉ារ៉ាបណ្ដាលឲ្យមានមនុស្សរងរបួស ។ អាជ្ញាធរក្រុងនីស្នីណូវហ្គោរ៉ូដក៏អះអាងដែរពីព័ត៌មានដែលថា ស្ថានីយបូមប្រេងកាតមួយនៅហ្គោគី ក្នុងទីក្រុងKSTOVOក៏រងការវាយប្រហារដែរ ។ អគ្គិភ័យមួយកើតមានតែពុំមានសេចក្ដីរាយការណ៍ពីជនរងគ្រោះឡើយ។
ក៏មានសេចក្ដីរាយការណ៍ពីការឆេះទីតាំងស្តុកប្រេងមួយនៅហ្វេអូដូស៊ីយ៉ាតំបន់គ្រីមេ។ មានផ្សែងហុយដែលគេអាចមើលឃើញពីគ្រប់ចំណុចនៃទីក្រុងនោះ។ ចរាចរណ៍ត្រូវបិទនៅតំបន់រោងចក្រចម្រាញ់ប្រេងកាត។ តាមក្រសួងការពារប្រទេសរុស្ស៊ីថា ដ្រូនអ៊ុយក្រែង១៥៤គ្រឿង ត្រូវបាញ់ទម្លាក់នាយប់នោះពីលើតំបន់អាស្ត្រាខាន់ បែលហ្គោរ៉ូដ វ៉ារ៉ូនីញ៉េវ គួរស្ក៍ នីស្នីណូវហ្គោរ៉ូដ រ៉ូស្តូវនិងសាម៉ារ៉ាពីលើដែនទឹកនៃសមុទ្រអាហ្សូវនិងសមុទ្រខ្មៅព្រមទាំងពីលើតំបន់គ្រីមេ ៕
ចែករំលែកព័តមាននេះ