រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានដាក់គោលដៅថ្មីដោយនាងនឹងនាំយកឈុតស្បៃ និងភ្លេងបុរាណខ្មែរយកទៅបង្ហាញ និងសម្តែងនៅលើឆាកអន្តរជាតិជាថ្មីនាប្រទេសហ្វីលីពីន ។

នេះជាគោលដៅថ្មីមួយទៀត សម្រាប់តារាចម្រៀងរូបនេះ បន្ទាប់ពីនាងទើបតែទទួលបានជោគជ័យជាទីមោទនៈ នៅក្នុងការនាំយករបាំបុរាណខ្មែរទៅសម្តែងអមជាមួយនាងលើឆាកដ៏ធំក្នុងប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះ ។
យ៉ាងណា បើទោះបីជា ទេព បូព្រឹក្ស នៅមិនទាន់បញ្ជាក់ពីពេលវេលាដែលនាងត្រូវទៅសម្តែងនៅហ្វីលីពីនម្តងទៀតក៏ដោយ ប៉ុន្តែតារារូបនេះបានដាក់គោលដៅច្បាស់លាស់ពីការនាំយកអ្វីដែលសិល្បៈវប្បធម៌របស់ខ្មែរយកទៅបង្ហាញអោយអន្តរជាតិបានស្គាល់បន្ថែមទៀត ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម តារាចម្រៀងនាង ទេព បូព្រឹក្ស បានគូសបញ្ជាក់ថា វគ្គនេះ របាំវគ្គក្រោយដល់ម៉ោងថែមស្បៃនឹងបង្ហាញឧបករណ៍ភ្លេងបុរាណខ្មែរម្តងsee you soon again Philippines ។
តាមរយៈការលើកឡើងខាងលើពី សំណាក់ នាង ទេព បូព្រឹក្ស គេឃើញមហាជន និងប្រិយមិត្តគាំទ្រជាច្រើនបានសម្តែងការគាំទ្រ និងកោតសសើរទៅដល់តារាស្រីរូបនេះដែលបានលះបង់ និងចូលរួមចំណែកនៅក្នុងការនាំយកសិល្បៈវប្បធម៌ខ្មែរបង្ហាញលើឆាកអន្តរជាតិជាបន្តបន្ទាប់ ។
ដោយឡែក ពាក់ព័ន្ធនឹងឈុតស្បៃខ្មែរនេះដែរ ទេព បូព្រឹក្ស ក៏ធ្លាប់ផលិតជាវីដេអូបង្ហោះលើបណ្តាញសង្គម ដោយគ្រងឈុតស្បៃថតនៅក្នុងបរិវេណប្រាង្គប្រាសាទបុរាណខ្មែរ ខណៈពេលវីដេអូរបស់នាងបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកទស្សនា ។

ជាមួយនឹងវីដេអូខាងលើ ទេព បូព្រឹក្ស បានភ្ជាប់ជាមួយនឹងសំណេរថា «ស្បៃខ្មែរ» គួរតែថែដោយញាតិ អត្តសញ្ញាណជាតិ សម្គាល់ខេមរា ស្បៃខ្មែរយើងតែងមានគេប្រាថ្នា ស្បៃខ្មែរយើងណាចូលអ្នកចងចាំ ចូលអ្នករួបរួមភ្ចាប់និស្ស័យ ប្រយត្ន័ សម្តី ប្រែជា កម្ម យើងខ្មែរតែមួយ កត់ចំណាំ ស្បៃខ្មែរថែផ្តាំ តកូនចៅ ។
ជាការកត់សម្គាល់ អ្នកសិល្បៈ និងមហាជនសម្តែងមោទនភាពចំពោះ ទេព បូព្រឹក្ស និង ជី ដេវីត ដែលនាំសិល្បៈវប្បធម៌ខ្មែរសម្តែងលើឆាកដ៏ធំនៅហ្វីលីពីនកាលពីពេលថ្មីៗនេះ ។
ទេព បូព្រឹក្ស និងលោក ជី ដេវីត បានក្លាយជាតារាចម្រៀងតំណាងប្រទេសកម្ពុជា នៅក្នុងការចូលរួមកម្មវិធី ASEAN-Korea Music Festival 2026 ROUND ដែលរៀបចំធ្វើនៅក្នុងប្រទេសហ្វីលីពីន ក្នុងនោះក៏មានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាច្រើរូបក្នុងតំបន់អាស៊ីផងដែរ ។

អ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញសម្រាប់ទស្សនិកជនដែលចូលរួមទស្សនាផ្ទាល់ ជាពិសេសទស្សនិកជនកម្ពុជានោះ គឺផ្ទាំងទស្សនីយភាពទម្រង់សិល្បៈបុរាណខ្មែរមួយចំនួនត្រូវបានរំលេចឡើងនៅលើឆាកតន្ត្រីដ៏អស្ចារ្យមួយនេះ ។
ជាមួយការឡើងបកស្រាយចម្រៀងបទ ទេវរាជ និង វីរៈនារី តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ក៏បានរំលេចនូវការសម្តែងទម្រង់សិល្បៈបុរាណមានដូចជា របាំអប្សរា និងល្ខោនខោលជាដើម ។ល។ អមនៅលើឆាកដែលមើលទៅពិតជាអស្ចារ្យ ខណះពេលដែលការសម្តែងនេះក៏ទទួលបានការគាំទ្រ ទះដៃយ៉ាងកងរំពងពីសំណាក់ទស្សនិកជនដែលចូលរួមទស្សនាដោយផ្ទាល់ផងដែរ ។
ដោយឡែក ជាមួយនឹងរូបភាពវីដេអូនៃការសម្តែងមួយនេះតារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ក៏បានភ្ជាប់ជាមួយសំណេរខ្លីបង្ហោះលើបណ្តាញសង្គមថា របាំអប្សរា វប្បធម៌របស់យើង រះ យ៉ាងស្រស់ស្អាតបំផុតនៅលើឆាកអន្តរជាតិ នៅហ្វីលីនពីន ។

នេះមិនមែនជាលើកទីមួយទេ ដែលតារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បាននាំយកទម្រង់សិល្បៈបុរាណខ្មែរយកទៅសម្តែងនៅលើឆាកអន្តរជាតិ ពោលកាលពីខែមិថុនា ឆ្នាំ២០២៥ ក៏បាននាំយកផ្ទាំងទស្សនីយភាពសិល្បៈបុរាណខ្មែរមួយចំនួនយកទៅសម្តែងនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី ROUND FESTIVAL 2025 ដែលបានរៀបចំធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ផងដែរ ។
បន្ទាប់ពីការសម្តែងបានបញ្ចប់ ទេព បូព្រឹក្ស បានបង្ហាញក្តីរីករាយ និងមោទនភាពយ៉ាងខ្លាំង ក្នុងពេលដែលនាងមានឱកាសបង្ហាញការសម្តែងរបស់ខ្លួននៅក្រៅប្រទេសជាលើកដំបូង ដោយរួមទាំងនាំយកទម្រង់សិល្បៈបុរាណខ្មែរបង្ហាញអោយអន្តរជាតិបានស្គាល់ថែមទៀត ៕
ចែករំលែកព័តមាននេះ