ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម អំពាវនាវ​ឱ្យ​​យុវជន​ជំនាន់​ក្រោយ​ ជួយ​ថែ​ក្សា ឬ​បន្តវេន​ទម្រង់​សិល្បៈ​អា​យ៉ៃ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​ពហុ​ជំនាញ​ អ្នក​នាង ខាត់ សុ​ឃី​ម បាន​ធ្វើការ​អំពាវ​ឲ្យ​យុវជន​ជំនាន់​​ក្រោយ​ ចូលរួម​ថែរក្សា​លើក​ស្ទួយ ឬ​ក៏​សិក្សា​រៀនសូត្រ ដើម្បី​បន្តវេន​នូវ​ទម្រង់​សិល្បៈ​ចម្រៀង​អា​យ៉ៃ​ឆ្លើយឆ្លង…

រាជធានីភ្នំពេញ ៖ តារា​ពហុ​ជំនាញ​ អ្នក​នាង ខាត់ សុ​ឃី​ម បាន​ធ្វើការ​អំពាវ​ឲ្យ​យុវជន​ជំនាន់​​ក្រោយ​ ចូលរួម​ថែរក្សា​លើក​ស្ទួយ ឬ​ក៏​សិក្សា​រៀនសូត្រ ដើម្បី​បន្តវេន​នូវ​ទម្រង់​សិល្បៈ​ចម្រៀង​អា​យ៉ៃ​ឆ្លើយឆ្លង ដើម្បី​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត និង​កុំ​ឲ្យ​មានការ​បាត់​បង់ ។

ការ​លើក​ឡើង​ពី​តារា​ស្រី​រូប​នេះ​បាន​ធ្វើ​ឡើង​ឡើង បន្ទាប់​ពី​នាង​មានឱកាស​ចាប់​ដៃគូ​សម្តែង​អា​យ៉ៃ​ឆ្លើយឆ្លង​ជាមួយ​លោក ដួង សុខ​គា នៅ​លើ​ឆាក​ភូមិ​វប្បធម៌​នៃ​កម្មវិធី​នគរ​សង្ក្រាន្ត អបអរ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ កាលពី​ពេល​ថ្មី​ៗ​នេះ​។

ជាមួយនឹង​ការ​សម្តែង​អា​យ៉ៃ​ឆ្លើយឆ្លង ហើយ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ប្រិ​យ​​មិត្ត​ទស្សនា​នោះ អ្នក​នាង ខាត់ សុ​ឃី​ម បាន​សម្តែង​ក្តី​រំភើប និង​អរគុណ​ទៅ​កាន់​មហាជន ខ​ណៈ​ពេល​ដែល​អ្នក​នាង​ក៏​បង្ហាញ​នូវ​មោទនភាព​ចំពោះ​ខ្លួនឯង​ផង​ដែរ​ដែល​អាច​បម្រើ​អារម្មណ៍​បងប្អូន​ក្នុង​ទម្រង់​សិល្បៈ​មួយ​នេះ ។

ទន្ទឹម​គ្នា​នេះ​​ដែរ ​អ្នក​នាង​ក៏​បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ចូលរួម​គាំទ្រ និង​ថែរក្សា ឬ​ក៏​អាច​សិក្សា​ក្លាយជា​អ្នក​បន្តវេន​ទៅ​លើ​ទម្រង់​សិល្បៈ​អា​យ៉ៃ​នេះ ដើម្បី​ឲ្យ​មានការ​រីក​ចម្រើន និង​កុំ​ឲ្យ​មានការ​បាត់បង់ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​ថា អរគុណ​សំរាប់​ការ​គាំទ្រ ការ​ច្រៀង​អា​យ៉ៃ ឆ្លើយឆ្លង កាលពី​ម្សិលមិញ នាង​ខ្ញុំ​ពិតជា​មាន សេចក្តី​រំភើប​ក្រៃ​លែង ដែល​បាន​បំរើ​អារម្មណ៍​បងប្អូន​ក្នុង​ទំរង់​មួយ​នេះ ជឿជាក់​ថា ​កូនក្មួយ​នឹង​ជួយ​ថែ​ក្សា រឺ​ក៏​បន្តវេន អោយ​ទំរង់​អា​យ៉ៃ​មួយ​នេះ ការ​តែ​រីក​ចម្រើន ទៅ​មុខ​ទៀត ។

ជា​ការ​កត់សម្គាល់ បើ​និយាយ​ពី​ទម្រង់​សិល្បៈ​ចម្រៀង​អា​យ៉ៃ​នេះ គេ​តែងតែ​នឹក​ដល់​លោក ព្រហ្ម ម៉ា​ញ និង​អ្នកស្រី នួន សារី ហៅ​យាយ​យ​យ ដែល​ជា​សិល្បៈករ​ជើង​ចាស់​ដ៏​ល្បីល្បាញ​នៅ​ក្នុង​អាជីព​សិល្បៈ​មួយ​នេះ ខ​ណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​ក៏​ជា​ដៃគូ​ដ៏​ស័ក្តិ​​សម​បំផុត​នៅ​ក្នុង​ការ​សម្តែង​រួម​គ្នា ហើយ​ផ្តល់​សំណើច​ សម្រាប់​ទស្សនិកជន​ទស្សនា​ផង​ដែរ ។

កន្លង​មក ​នៅ​មុន​ពេល​ដែល​លោក​ព្រហ្ម ម៉ា​ញ មិន​ទាន់​ធ្លាក់ខ្លួន​ជរា​នោះ ​លោក​ក៏​ធ្លាប់​បើក​បង្រៀន​ផ្នែក​អា​យ៉ៃ​នេះ​ ដោយ​មិន​យក​ប្រាក់​ផង​ដែរ ក្នុង​ពេល​ដែល​ថ្នាក់រៀន​របស់​ខ្លួន​ក៏​មាន​សិស្ស​ចូល​រៀន​ជា​បន្តបន្ទាប់​ផង​ដែរ ។

ការ​សម្រេច​បើក​បង្រៀន​អា​យ៉ៃ​ពី​លោក ព្រហ្ម ម៉ា​ញ នា​ពេល​នេះ ​ត្រូវ​បាន​លោក​គូសបញ្ជាក់​ថា លោក​មាន​គោលបំណង​ចង់​បណ្ដុះ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​មាន​ទឹកចិត្ត​ស្រឡាញ់ ក៏​ដូច​ជា​ចូលរួម​ថែរក្សា​ឲ្យ​គង់វង្ស និង​លើក​ស្ទួយ​សិល្បៈ​ដ៏​ចំណាស់​មួយ​នេះ​របស់​ខ្មែរ និង​ឲ្យ​មានការ​រីក​ចម្រើន ជា​ពិសេស​​ សិល្បៈ​អា​យ៉ៃ ដែល​មិនសូវ​មាន​អ្នកចេះ​ច្រើន​នោះ​ឡើយ ។

លោក​បញ្ជាក់​ថា លោក​នឹង​ខិតខំ​ផ្ទេរ​ចំណេះដឹង​ដែល​លោក​មាន​លើ​សិល្បៈ​អា​យ៉ៃ​នេះ​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​បាន​ចេះ​ចាំ ដើម្បី​បន្សល់​ទុកជា​ស្នាដៃ និង​អ​ភ​រិ​ក្ស​សិល្បៈ​មួយ​នេះ​ឲ្យ​បាន​ស្ថិត​ស្ថិរ​គង់វង្ស​ជា​ច្រើន​ឆ្នាំ​បន្ត​ទៀត មុន​ពេល​ដែល​លោក​លាចាក​លោក​នេះ​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ