រាជធានីភ្នំពេញ ៖ ប្រព័ន្ធសម្ពាធទាបកំពុងជះឥទ្ធិពលថ្មីមួយទៀតមកលើប្រទេសកម្ពុជា បន្ទាប់ពីសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចំនួន២ លើកកន្លងមកនេះ ស្តីពីស្ថានភាពធាតុអាកាសនៃប្រព័ន្ធសម្ពាធទាប និងព្យុះទី៨ ឈ្មោះណុកថិន (Nock-Ten) ជាហេតុបណ្តាលឱ្យមានភ្លៀងធ្លាក់ច្រើននៅប្រទេសកម្ពុជា ឡាវ និងប្រទេសថៃ ពិសេសនៅអាងទន្លេមេគង្គលើ ហើយធ្វើឱ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់លឿន។
នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយមលោកចាន់ យុត្ថា បានមានប្រសាសន៍ឱ្យដឹងថា តាមពិតទៅប្រព័ន្ធសម្ពាធទាបថ្មីមួយនេះវាមិនដល់ថ្នាក់ឱ្យយើងប្រកាសស្តីពីការប្រុងប្រយ័ត្នកម្ពស់ទឹក ភ្លៀង និងខ្យល់នោះទេ ប៉ុន្តែដោយសារតែវារួមដំណើរបន្តបន្ទាប់គ្នាជាមួយព្យុះណុកថិន បង្កឱ្យមានភ្លៀងច្រើន និងទឹកទន្លេមេគង្គហក់ឡើងលឿននោះ ក្រសួងក៏បានចេញសេចក្តីជូនដំណឹងមួយស្តីពីកម្ពស់ទឹក។ កម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រត្រូវបានពិនិត្យឃើញនាថ្ងៃទី១ សីហា ២០១១ ឱ្យដឹងថា ៖
-ខេត្តស្ទឹងត្រែង ទឹកមានកម្ពស់៨,៥៥ម៉ែត្រ ទាបជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន២,១៥ម៉ែត្រ។
-ខេត្តក្រចេះ ទឹកមានកម្ពស់១៨,៧៩ម៉ែត្រ ទាបជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន៣,២១ម៉ែត្រ។
-ខេត្តកំពង់ចាម ទឹកមានកម្ពស់១២,៧៣ម៉ែត្រ ទាបជាកម្រិតកម្ពស់ប្រុងប្រយ័ត្ន២,៤៧ម៉ែត្រ។
-ភ្នំពេញ-បាសាក់ចតុមុខ ទឹកមានកម្ពស់៧,៧០ម៉ែត្រ ទាបជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន២,៨០ម៉ែត្រ។
-អ្នកលឿង ទឹកមានកម្ពស់៥,៣២ម៉ែត្រ ទាបជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន២,១៨ម៉ែត្រ។
-កោះខែល ទឹកមានកម្ពស់៦,៥៦ម៉ែត្រ ទាបជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន០,៨៤ម៉ែត្រ។
-ព្រែកក្តាម ទឹកមានកម្ពស់៦,៤៦ម៉ែត្រ ទាបជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន៣,០៤ម៉ែត្រ។
ទោះបីជាកម្ពស់ទឹកគ្រប់បណ្តាស្ថានីយនៅទាបជាងកម្រិតកម្ពស់ប្រុងប្រយ័ត្នក្តី ដោយយោងតាមការព្យាករណ៍កម្ពស់ទឹកនឹងកើនឡើងបន្តថែមទៀតក្នុងរយៈពេល៤ទៅ៥ថ្ងៃខាងមុខ ហើយកម្ពស់ទឹកនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នឹងអាចឡើងដល់កម្រិតកម្ពស់ប្រុងប្រយ័ត្ន។ ម្យ៉ាងវិញទៀត ស្ថានភាពទឹកទន្លេនឹងហូរចូលទៅគ្រប់បណ្តាព្រែកនៅតំបន់លិចទឹកអមទន្លេមេគង្គ បាសាក់ និងទន្លេសាប។
ទាក់ទងទៅនឹងគ្រោះមហន្តរាយដោយសារឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងខ្យល់ព្យុះណុក ថិននេះវិញ លោកនាយកខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កែវ វី បានបញ្ជាក់ឱ្យដឹងដែរថា មកទល់នឹងព្រឹកថ្ងៃទី១ សីហា នេះ មិនទាន់មានមនុស្សណាម្នាក់ស្លាប់ ឬរបួស ដោយោសារឥទ្ធិពលនៃខ្យល់ព្យុះណុក ថិននេះនៅឡើយទេ ។ ប៉ុន្តែលោកកែវ វី បានឱ្យដឹងទៀតថា នៅស្រុកដំណាក់ចង្អើរខេត្តកែបមានផ្ទះប្រជាពលរដ្ឋ៦ខ្នង បានដួលរលំ និង១៣ខ្នងទៀតរបើកដំបូល ។ ចំណែកនៅឯស្រុកឈូក ខេត្តកំពតឯណោះវិញ ផ្ទះប្រជាពលរដ្ឋ៣ខ្នងបានរបើកដំបូលរីឯកាលពីថ្ងៃទី៣០ កក្កដា នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ទឹកភ្លៀងបានជន់លិចផ្លូវជាតិលេខ៤ រយៈពេល៣ម៉ោង។
លោកនាយកខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកែវ វី បានបន្តថា នៅយប់ថ្ងៃទី៣១ កក្កដា កន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំងនៅក្រុងស្ទឹងត្រែង បណ្តាលឱ្យជន់លិចក្រុងរយៈពេល១ម៉ោង។ ទោះជាយ៉ាងណា លោកកែវ វី ដែលជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរនោះ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀង ឬឥទ្ធិពលដោយខ្យល់ព្យុះណុកថិន នាពេលនេះមិនប៉ះពាល់ធ្ងន់ធ្ងរដូចកាលពីឆ្នាំ២០០៩ និង២០១០ កន្លងមកនេះ ទេ។
សូមបញ្ជាក់ថា ព្យុះទី៨ឈ្មោះណុកថិន (Nock-Ten) កន្លងមកបានធ្វើដំណើរឆ្លងកាត់កោះហៃណាំឆ្ពោះទៅប្រទេសវៀតណាម និងប្រទេសឡាវ ភាគខាងជើង ក្នុងល្បឿន២៧គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះនេះមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា និងអាងទន្លេមេគង្គចាប់ពីថ្ងៃទី៣០ កក្កដា រហូតដល់ថ្ងៃទី២ សីហា ២០១១នេះ។
យោងតាមសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា បន្ទាប់ពីបានធ្វើការសង្កេត និងតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ព្យុះទី៨ ឈ្មោះណុកថិន (Nock-Ten) ដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ កក្កដា ២០១១ នោះ បានធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីនឆ្ពោះទៅទិសពាយ័ព្យ ។ បច្ចុប្បន្នព្យុះនេះកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងត្រង់ចំណុចខ្សែស្របទី១១៦អង្សា៣ នៃរយៈបណ្តោយខាងកើត និងខ្សែវ័ណ្ឌទី១៨ អង្សា១ នៃរយៈទទឹងខាងជើង។ ស្ថានភាពព្យុះនេះអាចបង្កឱ្យមានផលប៉ះពាល់ដល់ប្រទេសកម្ពុជានៅតំបន់ខ្ពង់រាបភាគខាងជើង និងភាគឦសាន តំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ ។
គួររំលឹកថា ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសកាលពីថ្ងៃទី២៥ កក្កដា ២០១១ ឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ កក្កដា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ឋិពលពីប្រព័ន្ធសម្ពាធទាប អាយ ធី ស៊ី ហ្សិត ស្ថានភាពបែបនេះនឹងបង្កអោយតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ខ្លាំង នឹងអាចបង្កអោយមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ព្រមទាំងកំណាត់ផ្លូវជាតិលេខ៤។
តំបន់ខ្ពង់រាបឦសានមានភ្លៀងធ្លាក់ខ្លាំង និង អាចបង្កអោយមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះនៃ ខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី។ តំបន់វាលទំនាបកណ្តាលមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម។ ឥទ្ឋិពលនៃប្រព័ន្ធសម្ពាធទាបនេះ ក៏នឹងធ្វើអោយកំពស់ទឹកទន្លេមេគង្គហក់ឡើងផងដែរ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមដដែលក៏បាន អោយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ និងតាមបណ្តាខេត្តខាងលើបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕
ចែករំលែកព័តមាននេះ