ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ថ្លែងថាប្រទេសរុស្ស៊ីមិនស័ក្ដិសមនឹងទទួលបានការបន្ធូរបន្ថយ ឬលើកលែងទណ្ឌកម្មសេដ្ឋកិច្ចនោះទេ។ រុស្ស៊ីកំពុងភ្នាល់សង្គ្រាម។ អ្វីដែលគេគួរឆ្លើយតបចំពោះទង្វើរបស់រុស្ស៊ី បើយោងតាមលោកហ្សេឡិនស្គី ត្រូវតែខិតខំការពារអាយុជីវិតរបស់ប្រជាជនដោយប្រើប្រាស់វិធានការសរុប។ មិនតែប៉ុណ្ណោះត្រូវតែដាក់សម្ពាធយ៉ាងពេញបន្ទុកដើម្បីសម្រេចបានសន្តិភាព។

លោកសូមអរគុណប្រទេសអាល្លឺម៉ង់ ន័រវេ និងអ៊ីតាលីដែលទើបតែចុះកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនដើម្បីគាំទ្រដែនអាកាស។ លោកក៏បានអះអាងអំពីការសហការជាមួយហូឡង់ដើម្បីទទួលបានជំនួយបន្ថែមទៀត។ កាលពីព្រឹកមិញ លោកហ្សេឡិនស្គីបានទទួលរបាយការណ៍ពីមេបញ្ជាការកងទ័ពអាកាស។ រុស្ស៊ីបញ្ជូនដ្រូនជិត៧រយគ្រឿងទៅវាយប្រហារអ៊ុយក្រែនកាលពីពេលព្រឹក និងពេលក្បាលព្រលប់ថ្ងៃទី១៥ ខែមេសា។

រុស្ស៊ីក៏បានបាញ់មីស៊ីលផ្លោង (បលលីសស្ទីក -ballistic) និងមីស៊ីលបណ្ដែត (គ្រូស -cruise) សរុប១៩គ្រាប់ផងដែរ។ មីស៊ីលបលលីសស្ទីកភាគច្រើនបាញ់សំដៅទៅរករដ្ឋធានីកៀវរបស់អ៊ុយក្រែន។ លោកហ្សេឡិនស្គីអះអាងថាដ្រូន៦៣៦គ្រឿង និងមីស៊ីលមួយចំនួនត្រូវយោធាអ៊ុយក្រែនបាញ់ទម្លាក់។ ប៉ុន្តែគួរឱ្យស្ដាយ អ៊ុយក្រែនមិនអាចបាញ់ទម្លាក់ទាំងអស់ទេ។ មីស៊ីល និងដ្រូនដែលគេចផុតពីការតាមប្រមាញ់របស់អ៊ុយក្រែនអាចហោះទៅវាយប្រហារអគាររបស់ជនស៊ីវិល។

នៅទីក្រុងអូដេសា (Odesa) កៀវ និងឌីនីប្រូ (Dnipro) មានករណីស្លាប់មនុស្សមួយចំនួន។ ក្នុងនោះក៏មានកុមារាម្នាក់អាយុ១២ឆ្នាំផងដែរ។ លោកសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជូនចំពោះក្រុមគ្រួសារជនរងគ្រោះ។ គិតមកដល់ពេលនេះ លោកអះអាងថាការវាយប្រហារត្រឹមតែមួយលើកនេះប៉ុណ្ណោះបណ្ដាលឱ្យមនុស្ស១រយនាក់រងរបួស។ មេដឹកនាំអ៊ុយក្រែនរូបនេះយល់ថាបើយោងទៅលើការវាយប្រហារពីសំណាក់រុស្ស៊ីដូចសព្វថ្ងៃនេះ ប្រទេសទាំង២ប្រហែលជាពិបាកនឹងមានទំនាក់ទំនងល្អជាមួយគ្នាណាស់៕ ប្រភព៖ The Guardian និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ