ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ស្នើ​ម្ចាស់​ការដ្ឋាន​សំណង់ ​ឱ្យ​ជួយ​ជំរុញ​បងប្អូន​អតីត​ពលករ​មក​ពី​ថៃ ​មក​ចុះ​ឈ្មោះ​ធ្វើតេស្ដ​ទទួលស្គាល់​ជំនាញ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្នើ​សុំ​កិច្ចសហការ​ពី​ម្ចាស់​ការដ្ឋាន​សំណង់​នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​ជួយ​ជំរុញ​បងប្អូន​អតីត​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ថៃ មក​ចុះ​ឈ្មោះ​ធ្វើតេស្ដ​តាម​រយៈ​កម្មវិធី​វាយតម្លៃ​ទទួលស្គាល់​ជំនាញ​ពី​មុន​(RPL) ដើម្បី​បង្កើន​ឱកាស​ការងារ និង​លើកកម្ពស់​ប្រាក់​ចំណូល ​។ លោក…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្នើ​សុំ​កិច្ចសហការ​ពី​ម្ចាស់​ការដ្ឋាន​សំណង់​នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​ជួយ​ជំរុញ​បងប្អូន​អតីត​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ថៃ មក​ចុះ​ឈ្មោះ​ធ្វើតេស្ដ​តាម​រយៈ​កម្មវិធី​វាយតម្លៃ​ទទួលស្គាល់​ជំនាញ​ពី​មុន​(RPL) ដើម្បី​បង្កើន​ឱកាស​ការងារ និង​លើកកម្ពស់​ប្រាក់​ចំណូល ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៩ ខែមេសា​នេះ បាន​ស្នើ​សុំ​កិច្ចសហការ​ពី​ម្ចាស់​ការដ្ឋាន​សំណង់​នានា​នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​ចូលរួម ក្នុង​ការ​ជំរុញ​បងប្អូន​អតីត​ពលករ​ខ្មែរ​ដែល​បាន​ត្រឡប់​មក​ពី​ថៃ ប្រញាប់​មក​ចុះ​ឈ្មោះ​ធ្វើតេស្ដ​ជំនាញ​ក្នុង​កម្មវិធី RPL ដោយ​ឥត​គិតថ្លៃ ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​ជំនាញ​ពី​ក្រសួង ​។

ការ​ធ្វើតេស្ដ​នេះ ពួក​គាត់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ទៀត គឺ​ទទួល​បាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជំនាញ​មួយ ដែល​ចេញ​បញ្ជាក់​ពី​ការ​ទទួលស្គាល់​សមត្ថភាព និង​ជំនាញ ដើម្បី​បំប្លែង​បទ​ពិសោធ​ធ្វើការ​ពី​ក្រៅប្រទេស​ឱ្យទៅ​ជា​វិញ្ញាបនបត្រ​កម្រិត​ថ្នាក់​ជាតិ​ជា​ផ្លូវការ ដែល​ជា​ឱកាស​ងាយស្រួល​រក​ការងារ​ធ្វើ ប្រាក់ខែ​សមរម្យ និង​មានឱកាស​ឡើង​តំណែង​តួនាទី​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ស៊ុន មេ​សា​ ។

អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា​៖ «​យើង​ស្នើ​សុំ​កិច្ចសហការ​ពី​ម្ចាស់​ការដ្ឋាន​ទាំងអស់ គឺ​សូម​ជួយ​លើកទឹកចិត្ត​ដល់​បុគ្គលិក និង​កម្មករ​របស់​ខ្លួន​ដែល​មាន​ជំនាញ​ជាក់លាក់ និង​មានបទពិសោធន៍​ផ្នែក​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ មក​ចុះ​ឈ្មោះ​ធ្វើតេស្ត​នៅ​តាម​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​របស់​យើង​ដែល​បាន​បង្ហាញ​កន្លង​មក​។ សូម​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ជួយ​ដល់​បងប្អូន​អតីត​ពលករ​ខ្មែរ​របស់​យើង ក៏​ដូច​ជា​ជួយ​សង្គម​ជាតិ​យើង​ផង​ដែរ​»​ ។

សម្រាប់​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរ​សព្ទ ១២៩៧ ឬ​ទីតាំង​ដែល​អាច​ចុះ​ឈ្មោះ​មាន​ចំនួន​៩ កន្លែង​រួម​មាន​៖ ១-​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC), ២-​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI), ៣-​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ (PPI), ៤-​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI), ៥-​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ (NPIA) នៅ​ខេត្តសៀមរាប​, ៦-​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយ​រៀង (RPITSSR) នៅ​ខេត្តស្វាយរៀង​, ៧-​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង (BIT) នៅ​ខេត្តបាត់ដំបង​, ៨-​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ (PIBMC) ខេត្តបន្ទាយមានជ័យ​, និង ៩-​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ (RPITST) ខេត្តតាកែវ ​។

ដោយ​មានមុខ​ជំនាញ​ចំនួន ៨​មុខ​ជំនាញ នៅ​ក្នុង​វិស័យ​សំណង់ ដែល​ពួក​គាត់​អាច​យក​ទៅ​ប្រើប្រាស់ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ល្អ និង​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន​។ ជំនាញ​ទាំង ៨​នោះ​រួម​មាន ការងារ​កំបោរ (​រៀប​ឥដ្ឋ​និង​បូក​), ការងារ​ការ៉ូ​, ការ​ដំឡើង​ពុម្ព​, ការ​ដំឡើង​បណ្តាញ​បំពង់​ទឹក​, ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​, ការងារ​រន្ទា​, ការ​ដំឡើង​សរសៃដែក និង​ការ​ផ្សារ​អគ្គិសនី​ ៕ អត្ថបទសហការ