ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​មក​វិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ​ ២០​រូបពី​អ្នកកាន់កា.ប់​សមុច្ច័យ​ឯកជន​មួយ​នៅ​តំបន់​អាស៊ី

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ​ចំនួន​២០​រូប ដែល​កាន់កាប់​ដោយ​ស​មុ​ច្ឆ័​យ ដែល​ជា​អ្នក​សន្សំ​ឯកជន​មួយ ក្នុង​តំបន់​អាស៊ី ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​ហើយ ។ ​តាម​ក្រសួង​វប្បធម៌…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ​ចំនួន​២០​រូប ដែល​កាន់កាប់​ដោយ​ស​មុ​ច្ឆ័​យ ដែល​ជា​អ្នក​សន្សំ​ឯកជន​មួយ ក្នុង​តំបន់​អាស៊ី ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​ហើយ ។

​តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​បាន​ចេញ​សេចក្តី​ប្រកាស នៅ​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៦ ឱ្យ​ដឹង​ថា ការ​ប្រគល់​មក​វិញ​នៃ​វត្ថុ​ទាំងនេះ គឺជា​សមិទ្ធផល​ដ៏​ធំធេង​ថ្មី​មួយទៀត តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ប្រចាំ​របស់​កម្ពុជា​ក្នុង​ការ​ទាមទារ និង​ស្តារ​ឡើង​វិញ​នូវ​មរតក​វប្បធម៌​ដូនតា​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។

ក្រសួង​បាន​លើក​ឡើង​ថា សមុច្ច័យ​ដែល​បាន​ប្រគល់​មក​វិញ មាន​លក្ខណៈ​ចម្រុះ​សាង​ពី​ថ្មភក់ និង​សំរឹទ្ធ​ដូច​ជា រូប​បដិមា​សម័យ​បាយ័ន ដែល​គេ​ជឿ​ថា មាន​ប្រភព​ដើម​មក​ពី​ក្រុង​អង្គរធំ ។ សម្បត្តិ​វប្បធម៌​ទាំងនេះ មិន​ត្រឹមតែ​ជា​វត្ថុ​សិល្បៈ​ទេ តែ​ជា​សាក្សី​រស់​នៃ​បញ្ញាញាណ​របស់​បុព្វបុរស និង​ដួង​ព្រលឹង​នៃ​អរិយធម៌​ខ្មែរ​ដែល​នឹង​ផ្តល់​ការ​យល់​ដឹង​បន្ថែម​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា ។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា ក្នុង​ដំណើរការ​ទាមទារ​នេះ​អាច​សម្រេច​ទៅ​បាន​ដោយ​មានការ​ចូលរួម​ជ្រោមជ្រែង​ពី​អ្នកជំនាញ​នៃ​ក្រុមការងារ​ស្រាវជ្រាវ ដែល​បាន​ផ្តល់​ប្រឹក្សា និង​រៀបចំ​ការ​ចរចា​រហូត​ឈាន​ដល់​ការ​ប្រគល់​វត្ថុ​ទាំងនេះ​មក​កម្ពុជា​វិញ ។

បុគ្គល​ស្នូល ក្នុង​កិច្ចការ​នេះ គឺ​លោក Imran Hamid Khwaja ជា​ដៃគូ​នៃ​ក្រុមហ៊ុន Tan Rajah & Cheah ដែល​ជា​ក្រុមហ៊ុន​ច្បាប់​ដ៏​ចំណាស់​បំផុត​មួយ​របស់​ប្រទេស​សិង្ហ​បុរី និង​ជា​មេធាវី ដែល​មានបទពិសោធន៍​ទូលំទូលាយ​ក្នុង​ការ​ដោះស្រាយ​វិវាទ​អន្តរជាតិ ។

លោក Khwaja និង​លោក Bradley J. Gordon នៃ​ក្រុមហ៊ុន Edenbridge Asia បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សហការ និង​ចរចា​បញ្ជូន​ត្រឡប់​មក​វិញ​នៃ​រតនវត្ថុ​ជាតិ​ទាំងនេះ ។

ប្រភព​ខាងលើ​នេះ បានឱ្យ​ដឹង​បន្ថែម​ថា ការ​ប្រគល់​មក​វិញ​នូវ​វត្ថុ​បុរាណ​ទាំងនេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​បន្ត​ស្វែងរក​យុត្តិធម៌ សម្រាប់​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួន ។ កម្ពុជា​មាន​ក្តី​រំភើប ចំពោះ​ការ​វិល​ត្រឡប់​មក​វិញ​នៃ​ព្រលឹង​ដូនតា​ខ្មែរ​មក​កាន់​មាតុភូមិ​កំណើត ។

សមិទ្ធផល​នេះ បាន​បញ្ជូន​សារ​យ៉ាង​ច្បាស់​ថា ប្រជាជន​កម្ពុជា​បន្ត​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការ​ការពារ​មរតក​វប្បធម៌​របស់​ខ្លួន​សម្រាប់​មនុស្សជាតិ​ទាំងមូល ។

ជាមួយ​គ្នា​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏​បាន​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ដៃគូ​អន្តរជាតិ និង​ក្រុមការងារ​ដែល​បាន​សម្របសម្រួល​ក្នុង​ការងារ​មួយ​នេះ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​សារមន្ទីរ និង​អ្នក​ប្រមូល​សមុច្ច័យ​ឯកជន​នានា​ដែល​កំពុង​កាន់កាប់​វត្ថុ​បុរាណ​ខ្មែរ​ឱ្យ​ទាក់ទង​មក​ក្រសួង និង​ចូលរួម​ពិភាក្សា​ប្រកបដោយ​វិជ្ជាជីវៈ​ក្នុង​ការ​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​មក​កម្ពុជា​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ