មហាសង្ក្រាន្តឆ្នាំមមី នឹងចូលមកដល់នៅថ្ងៃអង្គារ ទី ១៤ ខែមេសា វេលាម៉ោង ១០ និង ៤៨ នាទីព្រឹក
រាជធានីភ្នំពេញ ៖ មហាសង្ក្រាន្តឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រឹស្តសករាជ ២០២៦ មហាសករាជ ១៩៤៨…
រាជធានីភ្នំពេញ ៖ មហាសង្ក្រាន្តឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រឹស្តសករាជ ២០២៦ មហាសករាជ ១៩៤៨…
រាជធានីភ្នំពេញ ៖ មហាសង្ក្រាន្តឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រឹស្តសករាជ ២០២៦ មហាសករាជ ១៩៤៨ ចុល្លសករាជ ១៣៨៨ សុភមស្តុ ! វរមង្គលាជយាតិរេក ។ ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តា កន្លងទៅហើយបាន ១៥៦៩ ត្រឹមថ្ងៃសុក្រ ១៥កើត ខែពិសាខ លុះដល់ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័កតទៅ ចូលពុទ្ធសករាជ ២៥៧០ ។ នឹងគណនាឆ្នាំមមី ឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៦ វេលាម៉ោង ១០និង ៤៨នាទីព្រឹក ។ ពេលនេះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមរាក្សាសាទេវី ជារាជបុត្រីទី ៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ លម្អនៅព្រះកាណ៌ដោយសៀតឈូក អភរណៈ កែវមនោរា ភក្សាហារទ្រង់លោហិត (ឈាម) ព្រះហស្តស្តាំទ្រង់ធ្នូ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៌ ទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យ (សេះ) ជាមគ្គពាហនៈ ។

ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុហាកែវ ធម្មមាលិ នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាសនាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី ។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង ៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានសីល ដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គក្នុងភគវតីសភា សាលាដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោរបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តីជ័យមង្គលជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ ។
ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៦ វេលាម៉ោង ១០ និង ៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំ (វារៈមហាសង្ក្រាន្ត) ។ ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា គ្រឹស្តសករាជ ២០២៦ ជាវារៈវន័បត ។ ថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែចេត្រ ត្រូវថ្ងៃទី ១៦ ខែមេសា គ្រឹស្តសករាជ ២០២៦ វេលាម៉ោង ១៤ និង ៤០នាទី ១២វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូរណ័ចូលជាសកល ឆ្នាំមមី អដ្ឋស័ក មហាសករាជ ១៩៤៨ ចុល្លសករាជ ១៣៨៨ តទៅ ។
នៅក្នុងឱកាសសង្ក្រាន្តទាំង ៣ថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយជាចិត្តអប្រិយជាប់ដោយគំនុំគុំគួនព្យាបាលឈ្នានីស ដែលកើតមាន ក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំនេះតរៀងទៅ ៕ ប្រភព ៖ សៀវភៅមហាសង្ក្រាន្ត
ចែករំលែកព័តមាននេះ