ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃ និង រដ្ឋបាលស្រុករលាប្អៀរ រួមទាំងមន្ត្រីរាជការ បានរៀបចំសង្ក្រានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងវត្តអណ្ដូងឬស្សី ស្ថិតនៅក្នុងភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ដោយមានអ្នកចូលរួមកំសាន្តយ៉ាងច្រើនកុះករ។ អ្វីដែលផ្ដោតជាសំខាន់ការរៀបចំសង្ក្រាន្តរបស់រដ្ឋបាលស្រុករលាប្អៀរ ឆ្នាំនេះពិតជាធ្វើបានល្អដោយសារមិនមានការលេងបាញ់ទឹកនិងប៉ាតម្សៅ ដែលពុំមែនជាប្រពៃណីវប្បធម៌របស់ខ្មែរឡើយ។
លោក សេង វិចិត្រអភិបាលស្រុករលាប្អៀរ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំស្ដីពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំនេះ ធ្វើយ៉ាងណាកាត់បន្ថយ ល្បែងរបាំ ឬអ្វីផ្សេងទៀតដែលពុំមែនជាមរតកវប្បធម៌ប្រពៃណីជាតិខ្មែរ ដូចជាការលេងប៉ាតម្សៅ លេងបាញ់ទឹក សុទ្ធតែជារបស់ប្រទេសជិតខាង ហើយបច្ចុប្បន្នកំពុងតែមានឈ្លានពានបងលើកម្ពុជាទៀតផង។ ផលវិបាកនៃការយក ល្បែងទាំង២ប្រភេទនេះមកលេងគឺមិនត្រឹមតែនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រពៃណីវប្បធម៌ខ្មែរប៉ុណ្ណោះទេ ថែមទាំងបានបង្កឲ្យគ្រោះថ្នាក់បាត់បង់ទ្រព្យសម្បត្តិទៀតផង។
ដូចជាការ លេងប៉ាតម្សៅ ពេលខ្លះបាត់ក្រវិល បាត់ចិញ្ចៀន ខ្សែកជាដើមដោយសារតែមានជនខិលខូចលួចបន្លំ លួច ហើយមិនត្រឹមប៉ុណ្ណឹង នៅមានបន្លំកេងចំណេញប៉ះពាល់ខ្លួនប្រាណ ដល់ស្ត្រីភេទទៀតផង។ ចំណែក ការលេងបាញ់ទឹក វាអាចបង្កគ្រោះថ្នាក់ ដួលម៉ូតូ ឬពេលខ្លះ គ្នាទៅវត្តស្លៀកសំលៀកបំពាក់ស្អាតបាត បែរជាបាចទឹកប្រឡាក់ប្រឡូស ខានបានទៅវត្ត លែងបានទៅ ធ្វើបុណ្យ ទៅជាធ្វើបាប ដោយសារការទាស់សំដីគ្នា។ ការរៀបចំសង្ក្រាន្តនៅវត្តអណ្ដូងឫស្សីឆ្នាំនេះ គឺមានការចូលរួមពីមន្ត្រីរាជការ សមាគមនានារបស់ស្រុក រួមទាំងព្រះសង្ឃក៏បានចូលរួមតុបតែងលម្អនៅក្នុងវត្តអារាមផងដែរ។
ជាចុងក្រោយលោកអភិបាលស្រុករលាកប្អៀរ បានថ្លែងអំណរព្រះ គុណដល់ព្រះសង្ឃដែលបានផ្ដល់លទ្ធភាពឲ្យរដ្ឋបាលស្រុកបានរៀបចំសង្ក្រាន្តឆ្នាំថ្មី និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមលេងកម្សាន្ត តាមល្បែងរបាំប្រពៃណីជាតិខ្មែរ ។
សូមបញ្ជាក់ថានៅក្នុងបរិវេណវត្តអណ្ដូងឬស្សីរយៈពេល ២ថ្ងៃនេះមានអ្នកចូលរួមលេងកំសាន្តយ៉ាងច្រើនកុះករ ក្នុងនោះក៏មានជនបរទេសចូលរួមលេងកម្សាន្តសប្បាយដែរ ដោយបានរាំលេងកំសាន្ត លេងល្បែងប្រជាប្រិយ ចោលឈួង បោះអង្គុញ វាយក្អម លោតបាវ ដណ្ដើមស្លឹក ឈើ មានក្រុមសម្ដែងរបាំឈុតខ្លីៗ និងមានឈើប៉ីដងវែង។ល។ អ្វីដែលចាប់អារម្មណ៍នោះអ្នកចូលរួមលេងកំសាន្ត មានទឹកមុខសប្បាយរីករាយ ក្នុងសំលៀកបំពាក់ ទៅពីផ្ទះស្អាត ប៉ុណ្ណាមកវិញស្អាតប៉ុណ្ណឹង មិនមានជោគជាំដោយម្សៅ ឬទទឹក ទឹក នោះទេ៕








ចែករំលែកព័តមាននេះ