ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចេញលិខិតតវ៉ាផ្លូវការ ក្រោយកងទ័ពថៃដាក់រថពាសដែក និងរាយលួសបន្លានៅតំបន់ព្រះវិហារ

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៥ ខែមេសា​នេះ​ថា ៖ រាជរដ្ឋាភិបាល​កម្ពុជា សូម​ធ្វើការ​តវ៉ា​ជំទាស់​ជា​ផ្លូវការ​ប្រឆាំង​នឹង​ប្រទេស​ថៃ​ចំពោះ​សកម្មភាព​ខុសច្បាប់ និង​កើតឡើង​ដដែល​ៗ​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ នៅ​តំបន់​ដែល​កាន់កាប់​ដោយ​ខុសច្បាប់ ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៦ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ក្បែរ​តំបន់​ប្រាសាទព្រះវិហារ ភាគ​ខាងជើង​នៃ​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ ។ កងទ័ព​ថៃ​ក៏​រាយ​លួស​បន្លា​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ និង​ដាក់​ពង្រាយ​រថពាសដែក នៅ​តំបន់​បុស្ស​ស្បូវ​-​ជាំ​តែ​ផង​ដែរ ។

សកម្មភាព​ទាំងនេះ មិនមែន​ជា​ការ​ការពារ​ខ្លួន​ទេ ហើយ​ក៏​មិន​ស្រប​តាម​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ ពិសេស​លើក​ទី​៣ របស់​គណៈកម្មការ​ព្រំដែន​ទូទៅ (GBC) នា​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ នោះ​ដែរ ។

ក្រសួងការបរទេស បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​ណាមួយ ក្នុង​ការ​ធ្វើ​ឱ្យ​ខូច​ស្ថានការណ៍ ដោយ​បង្កើត​ការ​កាន់កាប់​លើ​ដី​ជាក់ស្តែង (fait accompli on the ground) និង​សូម​តវ៉ា​យ៉ាង​ខ្លាំង ចំពោះ​សកម្មភាព​ទាំងឡាយ ដែល​រំលោភ​អធិបតេយ្យ និង​បូរណៈភាព​ទឹកដី​របស់​កម្ពុជា ក្រោម​អនុសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ។
បន្ថែម​ពី​នេះ​ទៀត​សកម្មភាព​ទាំងនោះ​ក៏​ផ្ទុយ​នឹង​វិធានការ​បន្ថយ​ភាព​តានតឹង ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​រួម​របស់​គណៈកម្មការ​ព្រំដែន​ទូទៅ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។
កម្ពុជា​មិន​ទទួលស្គាល់​នូវ​បន្ទាត់​ព្រំដែន ឬ​ការ​ទាមទារ​ដែនដី​ដោយ​ឯកតោភាគី​ពី​ប្រទេស​ថៃ​ទេ ហើយ​សង្កត់ធ្ងន់​ថា សកម្មភាព​ថ្មី​ៗ​នេះ​មិន​ត្រូវធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់​របស់​កម្ពុជា​ទាក់ទង​នឹង​ព្រំដែន​អន្តរជាតិ​ឡើយ ។

រាជរដ្ឋាភិបាល​កម្ពុជា​ទាមទារ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​ជា​បន្ទាន់ នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងនេះ បញ្ឈប់​ការ​ប្រព្រឹត្ត​រាល់​សកម្មភាព​ឯកតោភាគី​ផ្សេង​ៗ និង​ត្រូវធ្វើ​សកម្មភាព​បន្ថយ​ភាព​តានតឹង ពង្រឹង​ទំនុកចិត្ត​គ្នា​ទៅ​វិញ ទៅ​មក ព្រមទាំង​ថែរក្សា​សន្តិភាព និង​ភាព​ជា​អ្នក​ជិតខាង​ល្អ​នៅ​តាម​បណ្តោយ​ព្រំដែន ។

កម្ពុជា​គោរព​យ៉ាង​មុតមាំ​នូវ​ជំហរ​ជា​គោលការណ៍​ថា បន្ទាត់​ព្រំដែន​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រើប្រាស់ កម្លាំង​នោះ​ទេ និង​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ ក្នុង​ការ​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ តាម​រយៈ​មធ្យោបាយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​នានា ៕