មហាសេដ្ឋីវៀតណាមទម្លាក់មហាសេដ្ឋីឥណ្ឌូណេស៊ី ឡើងឈរជាបុគ្គលមានបំផុតនៅអាស៊ីអាគ្នេយ៍
ប្រទេសវៀតណាម ៖ លោក Pham Nhat Vuong កំពូលមហាសេដ្ឋីវៀតណាមប្រធានក្រុមហ៊ុនឯកជន Vingroup បានវ៉ាដាច់កំពូលមហាសេដ្ឋីឥណ្ឌូណេស៊ី លោក…
ប្រទេសវៀតណាម ៖ លោក Pham Nhat Vuong កំពូលមហាសេដ្ឋីវៀតណាមប្រធានក្រុមហ៊ុនឯកជន Vingroup បានវ៉ាដាច់កំពូលមហាសេដ្ឋីឥណ្ឌូណេស៊ី លោក…
ប្រទេសវៀតណាម ៖ លោក Pham Nhat Vuong កំពូលមហាសេដ្ឋីវៀតណាមប្រធានក្រុមហ៊ុនឯកជន Vingroup បានវ៉ាដាច់កំពូលមហាសេដ្ឋីឥណ្ឌូណេស៊ី លោក Prajogo Pangestu ដើម្បីក្លាយជាបុគ្គលមានជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ជាមួយទ្រព្យសម្បត្តិកើនឡើងដល់ ២៤,៥ ពាន់លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យចុងក្រោយពីទស្សនាវដ្តី Forbes និងត្រូវបានចេញផ្សាយដោយសារព័ត៌មាន VnExpress ។
គិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ទស្សនាវដ្តីពាណិជ្ជកម្មអាមេរិក Forbes បានដាក់ឈ្មោះលោក Pham Nhat Vuong ជាប់ចំណាត់ថ្នាក់ទី១០០ ក្នុងបញ្ជីអ្នកមានបំផុតនៅទូទាំងពិភពលោក ខណៈលោក Prajogo Pangestu ជាប់ចំណាត់ថ្នាក់ទី១៣៨។
នៅក្នុងរយៈពេល៣ខែចុងក្រោយនេះ ទ្រព្យសុទ្ធរបស់លោក Pangestu បានថយចុះពីជាង ៤៤ ពាន់លានដុល្លារ មកត្រឹម ១៨,៦ ពាន់លានដុល្លារ ដែលភាគច្រើនដោយសារការធ្លាក់ចុះរហូតដល់ ៦០% នៃភាគហ៊ុនក្រុមហ៊ុនថាមពល Barito Pacific របស់កំពូលមហាសេដ្ឋីឥណ្ឌូណេស៊ីវ័យ៨១ឆ្នាំរូបនេះ បន្ទាប់ពីអាជ្ញាធរឥណ្ឌូណេស៊ី កាលពីខែមករាកន្លងទៅ បានត្រួតពិនិត្យអំពីតម្លាភាពទីផ្សារភាគហ៊ុនក្នុងស្រុក និងតម្លៃពិតនៃភាគហ៊ុនរបស់សាជីវកម្មធំៗ។
ងាកមកលោក Vuong ចាប់តាំងពីដើមឆ្នាំ២០២៦មក ទ្រព្យសុទ្ធរបស់កំពូលមហាសេដ្ឋីវៀតណាមវ័យ៥៧ឆ្នាំរូបនេះ បានថយចុះជិត ៤ ពាន់លានដុល្លារ ភាគច្រើនដោយសារការធ្លាក់ចុះភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup ដែលជាសម្ព័ន្ធក្រុមហ៊ុនឯកជនខ្នាតយក្សរបស់វៀតណាម កាលពីឆ្នាំមុន។ ដ្បិតលោក និងក្រុមគ្រួសាររបស់លោកបច្ចុប្បន្នកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនសរុបប្រហែល ៦៥%។
លោក Vuong ត្រូវបានទទួលស្គាល់ដោយទស្សនាវដ្តី Forbes ថាជាមហាសេដ្ឋីដំបូងគេរបស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៣ នៅពេលដែលទ្រព្យសុទ្ធរបស់លោកមានចំនួន ១,៥ ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ទី ៩៧៤ ពិភពលោក។ បន្ទាប់ពីរយៈពេល ១២ ឆ្នាំ ទ្រព្យលោកបានកើនឡើងជាង ១៦ ដង។ ក្រុមគ្រួសាររបស់លោក ពោលភរិយាលោកផ្ទាល់គឺលោកស្រី Pham Thu Huong និងប្អូនស្រីរបស់លោកគឺលោកស្រី Pham Thuy Hang ក៏មានងារជាមហាសេដ្ឋីផងដែរ ជាមួយទ្រព្យសុទ្ធ ១,៥ ពាន់លានដុល្លារដូចគ្នា ដោយជាប់ឈ្មោះជាផ្លូវការក្នុងបញ្ជីអ្នកមានបំផុតរបស់ពិភពលោករបស់ Forbes កាលពីខែមីនាកន្លងទៅថ្មីៗនេះ។
លោកស្រី Huong គឺជាអនុប្រធានក្រុមហ៊ុន Vingroup និងជាប្រធានក្រុមហ៊ុន GSM ដែលជាក្រុមហ៊ុនដំណើរការសេវាកម្មតាក់ស៊ី Xanh SM។ ចំណែកលោកស្រី Hang ក៏ជាអនុប្រធានក្រុមហ៊ុន Vingroup ផងដែរ។
នៅឆ្នាំនេះ ក្រុមហ៊ុន Vingroup កំណត់គោលដៅប្រាក់ចំណូលចំនួន ៤៥០ ទ្រីលានដុង ឬ ១៧,១ ពាន់លានដុល្លារអាមេរិក ពោលកើនឡើង ៣៦% ធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុនក៏រំពឹងថា ប្រាក់ចំណេញក្រោយបង់ពន្ធនឹងមានចំនួន ២៥ ទ្រីលានដុង ឬ ៩៥០ លានដុល្លារ ដែលខ្ពស់ជាងឆ្នាំមុន ចំនួន ២,២ ដង និងជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមករបស់ក្រុមហ៊ុន។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ កំពូលមហាសេដ្ឋីសញ្ជាតិអាមេរិក លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ក៏ដូចជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX នៅតែបន្តឈរជាបុគ្គលមានបំផុតលើពិភពលោក ជាមួយទ្រព្យសុទ្ធចំនួន ៨០៩ ពាន់លានដុល្លារអាមេរិក និងកំពុងកាន់កំណត់ត្រាពិភពលោកជាបុគ្គលដំបូងគេក្នុងប្រវត្តិសាស្ត្រដែលទ្រព្យសុទ្ធកើនដល់ ៣០០, ៤០០, ៥០០, ៦០០, ៧០០ និង ៨០០ ពាន់លានដុល្លារផងដែរ។
ដោយឡែក កំពូលមហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ដែលជាប្រធាន ក៏ដូចជានាយកគ្រប់គ្រងក្រុមហ៊ុនថាមពល Reliance Industries នៅតែឈរជាបុគ្គលមានបំផុតប្រចាំទី្វបអាស៊ី ជាមួយទ្រព្យសុទ្ធចំនួន ៩៤ ពាន់លានដុល្លារ៕


ចែករំលែកព័តមាននេះ