ផលិតផលខ្មែរច្រើនមុខ ដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ស្ពឺ នៅតែបន្តដាក់លក់រៀងរាល់ចុងសប្តាហ៍
- កំពង់ស្ពឺ
ខេត្ដកំពង់ស្ពឺ៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ស្ពឺ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ស្ពឺ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍នឹងអាទិត្យ ចាប់ពីម៉ោង ៦និង៣០ព្រឹកតទៅ ដែលមានទីតាំងនៅខាងកើតបរិវេន វិមានឯករាជ សួនច្បារសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ជិតវេទិកាអុំទូក ស្ថិតនៅក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ផងដែរថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
ផ្សារនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង ។
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ សូមចូលរួមគាំទ្រផ្សារផលិតផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរផងដែរ ៕



















ចែករំលែកព័តមាននេះ