រាជធានីភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ ។ ព្រមទាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីតាំងផ្ទះដែលរងការឆាបឆេះខាងលើនោះ ដើម្បីធ្វើការស្រាវជ្រាវបន្ត និងធ្វើកោសល្យវិច័យ រកមូលហេតុនៃការឆេះនេះ ដើម្បីឲ្យដឹងច្បាស់ កុំឲ្យមានមន្ទិលសង្ស័យថាជាករណីផ្សេងៗទៀត ដូចជាអំពើឃាតកម្ម ឬអត្តឃាតជាដើម ។
នគរបាលបានប្រាប់ឲ្យដឹងជាចុងក្រោយថា ឆ្លងកាត់ការពិនិត្យកោសល្យវិច័យ និងការស្រាវជ្រាវបានរកឃើញថា មូលហេតុដែលនាំឲ្យមានការឆាបឆេះនោះ គឺបណ្ដាលមកពីហេតុការណ៍ឆ្លងចរន្តអគ្គិសនីនៅក្នុងផ្ទះជាន់ផ្ទាល់ដី បង្កជាអណ្ដាតភ្លើងឆាបឆេះសម្ភារៈផ្សេងៗ សន្ធោសន្ធៅ ។ បន្ទាប់មកទើប ក៏ឆេះរាលដាលទៅដល់ជាន់ទី១និងជាន់ទី២តែម្ដង ពុំមានជាប់ពាក់ទៅនិងអំពើឃាតកម្មសម្លាប់រួចដុតផ្ទះ ឬក៏ការអត្តឃាតនោះទេ រីឯម្ចាស់ផ្ទះខាងលើកាលពីមុនគាត់លក់ដ្រូនកសិកម្មមែន ប៉ុន្តែក្រោយមកគាត់ឈប់លក់ដ្រូននោះយូរមកហើយ ។
នគរបាលបានបញ្ជាក់ប្រាប់ទៀតថា បច្ចុប្បន្នគាត់បានលក់កង់អាគុយវិញ ហើយកង់អាគុយ៤គ្រឿងនិងម៉ូតូ២គ្រឿងរួមទាំងទ្រព្យសម្បត្តិទាំងអស់នៅក្នុងផ្ទះនោះ ត្រូវភ្លើងឆេះអស់គ្មានសល់ឡើយ ចំណែកផ្ទះក៏រងការខូចខាតខ្លាំង ដោយពុំដឹងថាអាចជួសជុលឡើងវិញបានឬមិនបាននោះទេ ។
ដោយឡែកបុរសម្ចាស់ផ្ទះបានស្លាប់ដោយឈ្លក់ផ្សែងភ្លើង និងត្រូវភ្លើងឆេះរោល ហើយក្រោយពន្លត់ភ្លើងរលត់ទៅវិញ ត្រូវបាននគរបាលពន្លត់អគ្គិភ័យរកឃើញសពគាត់នៅក្នុងផ្ទះបាយ ។ ដែលសង្ស័យនៅពេលដឹងថាភ្លើងឆេះគាត់ព្យាយាមរត់ចេញដែរ ប៉ុន្តែមិនអាចចេញរួច ក៏ស្លាប់នៅទីនោះតែម្ដងទៅ ក្រោយពេលកើតហេតុសាកសពគាត់ត្រូវបានក្រុមគ្រួសារបាននាំយកទៅធ្វើបុណ្យនៅវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សូមរំលឹកឡើងវិញថា មានករណីអគ្គិភ័យបានឆាបឆេះផ្ទះវីឡាកូនកាត់លក់ដ្រូនកសិកម្ម យីហោ «ប្រូហ្វីត លីងឃើរ (ខេមបូឌា) » បណ្ដាលឲ្យបុរសចំណាស់ម្នាក់ស្លាប់ និងប្រពន្ធរបស់គាត់បានរងរបួសធ្ងន់ ខណៈដែលភ្លើងឆេះនោះពួកគាត់ទាំង២នាក់កំពុងស្ថិតនៅក្នុងផ្ទះជាន់ទី២ ។ ផ្ទះនោះមានកម្ពស់៣ជាន់ ត្រូវភ្លើងឆេះរងការខូចខាត ចំណែកទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗត្រូវភ្លើងឆេះអស់ទាំងស្រុង ហើយក្រុមគ្រួសារកូនចៅជនរងគ្រោះបាននាំគ្នាស្រែកទ្រហោយំសម្លឹងមើលទៅលើជាន់ទី២នោះទាំងការតក់ស្លុត និងខ្លោចផ្សាក្នុងចិត្ត ព្រោះតែពួកគាត់មិនអាចជួយឪពុកម្ដាយឲ្យពួកគាត់មានសុវត្ថិភាពបាន ។ គួររំលឹកថា ស្លា.ប់ម្ចាស់ផ្ទះម្នាក់ ក្នុងករណីឆេះផ្ទះមួយកន្លែង នៅសង្កាត់ចោមចៅទី២ កាលពីយប់មិញ
ឧប្បត្តិហេតុគ្រោះអគ្គិភ័យនោះបានកើតឡើងកាលពីវេលាម៉ោងជិត៩យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាមផ្លូវលេខ៩ក្នុងបុរី លន ស៉ីធី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលស្លាប់ឈ្មោះ ជា មួយសុង អាយុ៦៤ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះ លី ចិន្ដា អាយុ៦៣ឆ្នាំ រងរបួសរលាកភ្លើងមួយចំហៀងខ្លួន និងត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យ សង្គ្រោះបន្ទាន់ទាំងយប់ ។ ដោយឡែកផ្ទះខាងលើ ជាប្រភេទផ្ទះវីឡាកូនកាត់កម្ពស់៣ជាន់ មានទំហំ (៨ម៉ែត្រ x ១៣ម៉ែត្រ) ។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធបានសម្រាកនៅក្នុងផ្ទះជាន់ទី២ លុះដល់ពេលកើតហេតុស្រាប់តែឮស្នូរផ្ទុះ ដែលហាក់ដូចជាការឆ្លងចរន្តអគ្គិសនីអ៊ីចឹង ។ បន្ទាប់មកក៏មានការឆាបឆេះសន្ធោសន្ធៅតែម្ដង ដោយដំបូងបានចាប់ផ្ដើមឆេះនៅជាន់ផ្ទាល់ដីមុន ខណៈនោះជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ បានជាប់នៅក្នុងផ្ទះនោះចេញមិនរួចឡើយ ។ ភ្លាមៗនោះអ្នកជិតខាងនិងសមត្ថកិច្ចបាននាំគ្នាជួយពន្លត់ភ្លើង និងជួយយកស្ត្រីជាប្រពន្ធចេញបាន ដោយគាត់បានរលាក១ចំហៀងខ្លួន រងរបួសធ្ងន់ ចំណែកបុរសជាប្ដីមិនអាចជួយបាន ក៏ស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះ ។
ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា ពេលនោះភ្លើងឆេះខ្លាំងណាស់និងមានផ្សែងហុយឃ្មួលខ្មាញ់ទៀតផង ដែលមិនអាចពន្លត់ឈ្នះនោះទេ បន្ទាប់មកសមត្ថកិច្ចបានរាយការណ៍ទៅកាន់ក្រុមអ្នកពន្លត់អគ្គិភ័យឲ្យជួយអន្តរាគមន៍ ហើយក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យទៅដល់ជាបន្តបន្ទាប់ច្រើនគ្រឿង ។ បន្ទាប់មកក្រុមអ្នកពន្លត់អគ្គិភ័យបានបាញ់ទឹកពន្លត់ដោយប្រើពេលជាង១ម៉ោង ទើបភ្លើងរលត់ទៅវិញទាំងស្រុង ហើយនគរបាលពន្លត់អគ្គិភ័យ ក៏បានដាក់ជណ្ដើរឡើងទៅលើជាន់ទី២ នោះ ក៏បានឃើញបុរសរងគ្រោះស្លាប់នៅក្នុងផ្ទះបាយ ។
នគរបាលបានប្រាប់ថា ចំពោះឧប្បត្តិហេតុអគ្គិភ័យខាងលើនៅមិនទាន់ដឹងថាកើតឡើងដោយសារតែមូលហេតុអ្វីនៅឡើយទេ ពេលនេះកំពុងស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ ហើយនៅក្នុងប្រតិបត្តិការពន្លត់ភ្លើងនោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៧គ្រឿង ។
ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញចំនួន០៩គ្រឿង ប្រើប្រាស់ទឹកអស់១៤រថយន្ត ស្មើនឹង៦៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរ ១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត ស្មើនឹង០៦ម៉ែត្រគូប,រថយន្តពន្លត់អគ្គភ័យកងពលតូចលេខ៧០ ចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់០៧រថយន្ត ស្មើនឹង៧០ម៉ែត្រគូប, ហើយក្រុមរុករកនិងសង្គ្រោះ៧១១ ក៏បាននាំយករថយន្តសង្គ្រោះ០១គ្រឿងទៅកាន់កន្លែងកើតហេតុនោះផងដែរ ភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង ១០យប់ថ្ងៃខែឆ្នាំដដែល ៕
អត្ថបទពាក់ព័ន្ធ ៖
-ស្លា.ប់ម្ចាស់ផ្ទះម្នាក់ ក្នុងករណីឆេះផ្ទះមួយកន្លែង នៅសង្កាត់ចោមចៅទី២ កាលពីយប់មិញ
-មកដឹងលម្អិត! ករណីឆេះផ្ទះវីឡាមួយកន្លែង ស្លា.ប់ម្នាក់ របួ.សធ្ងន់ម្នាក់ នៅចោមចៅទី២ យប់មិញ
















ចែករំលែកព័តមាននេះ