ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងលម្អិត! ករណីឆេះ​ផ្ទះ​វីឡាមួយកន្លែង​​ ​ស្លា.ប់​​ម្នាក់ របួ.សធ្ងន់ម្នាក់​ នៅចោម​ចៅ​ទី​២ យប់មិញ

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ករណីអគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​វីឡា​កូនកាត់​លក់​ដ្រូ​ន​កសិកម្ម​ យីហោ «​ប្រូ​ហ្វី​ត លីង​ឃើ​រ (​ខេ​ម​បូ​ឌា​) » បណ្ដាល​ឲ្យ​បុរស​ចំណាស់​ម្នាក់​ស្លាប់ និង​ប្រពន្ធ​របស់​គាត់​បាន​រង​របួសធ្ងន់…

រាជធានី​ភ្នំពេញ ​៖ ​ករណីអគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​វីឡា​កូនកាត់​លក់​ដ្រូ​ន​កសិកម្ម​ យីហោ «​ប្រូ​ហ្វី​ត លីង​ឃើ​រ (​ខេ​ម​បូ​ឌា​) » បណ្ដាល​ឲ្យ​បុរស​ចំណាស់​ម្នាក់​ស្លាប់ និង​ប្រពន្ធ​របស់​គាត់​បាន​រង​របួសធ្ងន់ ខណៈ​ដែល​ភ្លើង​ឆេះ​នោះ​ពួក​គាត់​ទាំង​២​នាក់​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ​ជាន់​ទី​២ ។ ផ្ទះ​នោះ​មាន​កម្ពស់​៣​ជាន់ ត្រូវ​ភ្លើង​ឆេះ​រងការ​ខូចខាត​ ចំណែក​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ផ្សេង​ៗ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ហើយ​ក្រុម​គ្រួសារ​កូនចៅ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ស្រែក​ទ្រហោយំ​សម្លឹង​មើលទៅ​លើ​ជាន់​ទី​២​នោះ​ទាំង​ការ​តក់ស្លុត និង​ខ្លោចផ្សា​ក្នុង​ចិត្ត ព្រោះតែ​ពួក​គាត់​មិន​អាច​ជួយ​ឪពុក​ម្ដាយ​ឲ្យ​ពួក​គាត់​មាន​សុវត្ថិភាព​បាន ។ គួររំលឹកថា ស្លា.ប់​ម្ចាស់ផ្ទះម្នាក់​​ ក្នុងករណី​ឆេះ​ផ្ទះ​មួយ​កន្លែង​ នៅ​សង្កាត់​ចោម​ចៅ​ទី​២ កាលពីយប់មិញ​

ឧប្បត្តិហេតុ​គ្រោះ​អគ្គិភ័យ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​តាម​ផ្លូវ​លេខ​៩​ក្នុង​បុរី លន ស៉ី​ធី ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ដែល​ស្លាប់​ឈ្មោះ ជា មួយ​សុង អាយុ​៦៤​ឆ្នាំ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ លី ចិន្ដា អាយុ​៦៣​ឆ្នាំ រង​របួស​រលាកភ្លើង​មួយ​ចំហៀង​ខ្លួន និង​ត្រូវ​បាន​ក្រុម​គ្រួសារ បញ្ជូន​ទៅ​មន្ទីរពេទ្យ សង្គ្រោះ​បន្ទាន់​ទាំង​យប់ ។ ដោយឡែក​ផ្ទះ​ខាងលើ ជា​ប្រភេទ​ផ្ទះ​វីឡា​កូនកាត់​កម្ពស់​៣​ជាន់ មាន​ទំហំ (៨​ម៉ែត្រ x ១៣​ម៉ែត្រ​) ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​បាន​សម្រាក​នៅ​ក្នុងផ្ទះ​ជាន់​ទី​២ លុះដល់​ពេល​កើតហេតុ​ស្រាប់តែ​ឮ​ស្នូរ​ផ្ទុះ​ ដែលហាក់ដូចជា​ការ​ឆ្លង​ចរន្តអគ្គិសនី​អ៊ីចឹង ។ បន្ទាប់​មក​ក៏​មានការ​ឆាបឆេះ​សន្ធោសន្ធៅ​តែ​ម្ដង ដោយ​ដំបូង​បាន​ចាប់ផ្ដើម​ឆេះ​នៅ​ជាន់​ផ្ទាល់​ដី​មុន ខណៈនោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ បាន​ជាប់​នៅ​ក្នុងផ្ទះ​នោះ​ចេញ​មិន​រួច​ឡើយ ។ ភ្លាម​ៗ​នោះ​អ្នក​ជិតខាង​និង​សមត្ថកិច្ច​បាន​នាំ​គ្នា​ជួយ​ពន្លត់ភ្លើង និង​ជួយ​យក​ស្ត្រី​ជា​ប្រពន្ធ​ចេញ​បាន ដោយ​គាត់​បាន​រលាក​១​ចំហៀង​ខ្លួន រង​របួសធ្ងន់ ចំណែក​បុរស​ជា​ប្ដី​មិន​អាច​ជួយ​បាន ក៏​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុងផ្ទះ ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ថា ពេល​នោះ​ភ្លើង​ឆេះ​ខ្លាំង​ណាស់​និង​មាន​ផ្សែងហុយ​ឃ្មួ​ល​ខ្មាញ់​ទៀត​ផង ដែល​មិន​អាច​ពន្លត់​ឈ្នះ​​នោះ​ទេ បន្ទាប់​មក​សមត្ថកិច្ច​បាន​រាយការណ៍​ទៅ​កាន់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ក្រោយមក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​ជា​បន្តបន្ទាប់​ច្រើន​គ្រឿង ។ បន្ទាប់​មក​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ទឹក​ពន្លត់​ដោយ​ប្រើ​ពេល​ជាង​១​ម៉ោង ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ហើយ​នគរបាល​ពន្លត់​អគ្គិភ័យ ក៏​បាន​ដាក់​ជណ្ដើរ​ឡើង​ទៅ​លើ​ជាន់​ទី​២ នោះ ក៏​បានឃើញ​បុរស​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​ផ្ទះបាយ ។

នគរបាល​បាន​ប្រាប់​ថា ចំពោះ​ឧប្បត្តិហេតុ​អគ្គិភ័យ​ខាងលើ​នៅ​មិន​ទាន់​ដឹង​ថា​កើតឡើង​ដោយសារ​តែ​មូលហេតុ​អ្វី​នៅឡើយ​ទេ ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នៅឡើយ ហើយ​នៅ​ក្នុង​ប្រតិបត្តិការ​ពន្លត់ភ្លើង​នោះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៧​គ្រឿង ។

ក្នុង​នោះ​រួម​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​០៩​គ្រឿង ប្រើប្រាស់​ទឹក​អស់​១៤​រថយន្ត ស្មើនឹង​៦៨​ម៉ែត្រគូប​, រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​ ១​គ្រឿង ប្រើ​ប្រាស់​ទឹក​អស់​០១​រថយន្ត ស្មើនឹង​០៦​ម៉ែត្រគូប​,​រថយន្ត​ពន្លត់​អគ្គ​ភ័យ​កងពលតូច​លេខ​៧០ ចំនួន​០៧​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៧​រថយន្ត ស្មើនឹង​៧០​ម៉ែត្រគូប​, ហើយ​ក្រុម​រុករក​និង​សង្គ្រោះ​៧១១ ក៏​បាន​នាំ​យក​រថយន្ត​សង្គ្រោះ​០១​គ្រឿង​ទៅ​កាន់​កន្លែង​កើតហេតុ​នោះ​ផង​ដែរ ភ្លើង​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង ១០​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ