ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ធនាគារ និង​សមាគម​មីក្រូហិរញ្ញវត្ថុ បញ្ជាក់​ពី​ភាពរឹងមាំ និង​ស្ថិរភាព នៃ​វិស័យ​ហិរញ្ញវត្ថុ នៅ​កម្ពុជា

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ សមាគម​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​លើ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ សមាគម​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​លើ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា បន្ទាប់​ពី​លោក​ជំទាវ ជា សិរី អគ្គទេសាភិបាល នៃ​ធនាគារជាតិ នៃ​កម្ពុជា ចេញ​មក​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​សម្រុក​មក​ដក​ប្រាក់​បញ្ញើ​ទាំងអស់​ក្នុង​ពេល​តែ​មួយ ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​គ្រប់គ្រង​របស់​ធនាគារ​នោះ​មាន​បញ្ហា​បង្វិលប្រាក់​មិន​ទាន់ ។

សមាគម​ធនាគារ​នៅ​កម្ពុជា​(ABC) និង​សមាគម មីក្រូហិរញ្ញវត្ថុ​កម្ពុជា​(CMA) មាន​កិត្តិយស បញ្ជាក់​ថា វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នៅ​តែ​បន្ត​មាន​ភាពរឹងមាំ មាន​សន្ទនីយ​ភាព​គ្រប់គ្រាន់ និង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ពី​ធនាគារជាតិ នៃ​កម្ពុជា​(NBC) ជាមួយនឹង​សូចនាករ​ចម្បង​ៗ នៃ​ភាព​ប្រុង​ប្រយ័ត្ន​ស្ថិត​នៅ​កម្រិត​លើស​ពី​បទ​ប្បញ្ញត្តិ​ដែល​បាន​កំណត់​។ ការ​ចែកចាយ និ​ផ្សព្វផ្សាយ ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ​មួយ​ចំនួន នា​ពេល​ថ្មី​ៗ​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ជា​រួម​ពី​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងមូល​នៅ​កម្ពុជា​នោះ​ទេ ។

សមាគម​ធនាគារ​នៅ​កម្ពុជា​(ABC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គូសបញ្ជាក់​ថា ភាពរ​អាក់រ​អួរ​ចំពោះ​ប្រតិបត្តិការ​បណ្តោះអាសន្ន​នៅ​ស្ថាប័នហិរញ្ញវត្ថុ​ណាមួយ មិន​គួរ​យក​ទៅ​បកស្រាយ​ថា ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព នៃ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងមូល​នោះ​ឡើយ​។ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​តែ​បន្ត​ទទួល​បានការ​គាំទ្រ​ដោយ​បទ​ប្បញ្ញត្តិ​យ៉ាង​តឹងរ៉ឹង រួម​ទាំង​ការ​ត្រួតពិនិត្យ និង​វិធានការ​ធានា​លើ​ហានិភ័យ​សន្ទនីយ​ភាព​សាច់ប្រាក់​ជា​ប្រចាំ ។

សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​បំភាន់ ដែល​អាច​ប៉ះពាល់​ដល់​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មក​លើ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​។

សមាគម​ទាំង​ពីរ សូម​អំពាវនាវ​ដល់​សាធារណជន សូមកុំ​ឆាប់​ជឿ​តាម​ពាក្យ​ចចាមអារ៉ាម ឬ​ព័ត៌មាន ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ពី​បណ្តាញ​សង្គម​។ សូម​តាមដាន​ព័ត៌មាន​ផ្លូវការ​ពី​ធនាគារជាតិ នៃ​កម្ពុជា និង​ធនាគារ​ដែល​មាន​អាជ្ញាប័ណ្ណ ឬ​ទាក់ទង​ទៅ​គ្រឹះស្ថាន​ដែល​ខ្លួន​ប្រើប្រាស់​សេវា​ដោយ​ផ្ទាល់ ដើម្បី​សាកសួរ​បញ្ជាក់​ព័ត៌មាន​បន្ថែម​។ សមាគម​ទាំង​ពីរ​បន្ត​រក្សា​ទំនុកចិត្ត និង​ភាពរឹងមាំ នៃ​វិស័យ​ធនាគារ និង​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា និង​គ្រឹះស្ថាន​សមាជិក ទាំងអស់ ដើម្បី​ធានា​ការ​ទំនាក់ទំនង​ច្បាស់លាស់ លើកកម្ពស់​បរិយាកាស​ប្រតិបត្តិការ​ឱ្យ​មាន​របៀបរៀបរយ និង​រក្សា​ស្ថិរភាព និង​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ។

សូម​ជម្រាប​ថា ពេល​ថ្មី​ៗ​មាន​ពលរដ្ឋ​ទៅ​សម្រុក​ដក​ប្រាក់​រហូត​ដល់​ធនាគារ​មួយ បាន​ផ្អាក​សេវាកម្ម​ដក​ប្រាក់​ទាំងអស់​រយៈពេល​៥​ថ្ងៃ​។ ធនាគារ​នោះ បាន​ប្រកាស​ផ្អាក​សេវាកម្ម​របស់​ខ្លួន​បណ្ដោះអាសន្ន ដោយសារ​តែ​ការ​ថែទាំ​ប្រព័ន្ធ​។ ក្រោយ​ការ​ប្រកាស​នៅ​ថ្ងៃ​ទី​១៦ ខែមីនា​នេះ មាន​អតិថិជន​របស់​ធនាគារ​ដែល​ប្រកាស​ផ្អាក បាន​សម្រុក​ទៅ​ដក​ប្រាក់​របស់​ខ្លួន ប៉ុន្តែ​ដក​មិន​បាន​ឡើយ ដែល​បង្ក​ឱ្យ​មានការ​បារម្ភ​ចំពោះ​ប្រព័ន្ធ​ធនាគារ​នេះ​។ ទោះជា​យ៉ាងនេះ​ក្តី លោក​ជំទាវ ជា សិរី បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ទុក​ពេលវេលា​ដល់​ធនាគារជាតិ​កម្ពុជា បន្ត​ធ្វើការ​ជាមួយ​ធនាគារ ដែល​ពាក់ព័ន្ធ​រក​វិធី​ដោះស្រាយ​លើ​បញ្ហា​ប្រាក់​បញ្ញើ​របស់​អតិថិជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ