ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ប៉ុនប៉ង​រត់ពន្ធ​ស្រមោច​រស់​ជាង​២​ពាន់​ក្បាល​ពី​កេ​ន​យ៉ា

1 ម៉ោង មុន

ទីក្រុង​ណៃ​រ៉ូ​ប៊ី ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ឯអាកាស​យានដ្ឋាន​ប្រទេស​កេ​ន​យ៉ា ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ព្យាយាម​រត់ពន្ធ​ស្រមោច​រស់​ជាង​២​ពាន់​ក្បាល ចេញពី​ប្រទេស​នៅ​អាហ្វ្រិក​ខាងកើត​មួយ​នេះ​។ នេះ​បើ​តាម​ប្រភព​ពី BBC និង Reuters…

ទីក្រុង​ណៃ​រ៉ូ​ប៊ី ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ឯអាកាស​យានដ្ឋាន​ប្រទេស​កេ​ន​យ៉ា ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ព្យាយាម​រត់ពន្ធ​ស្រមោច​រស់​ជាង​២​ពាន់​ក្បាល ចេញពី​ប្រទេស​នៅ​អាហ្វ្រិក​ខាងកើត​មួយ​នេះ​។ នេះ​បើ​តាម​ប្រភព​ពី BBC និង Reuters បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៦​។

លោក Zhang Kequn អាយុ​២៧​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន អំឡុង​ពេល​ត្រួតពិនិត្យ​សន្តិសុខ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Jomo Kenyatta (JKIA) ក្នុង​ទីក្រុង​ណៃ​រ៉ូ​ប៊ី (Nairobi) បន្ទាប់​ពី​អាជ្ញាធរ​រក​ឃើញ​ស្រមោច​រស់​ជា​ច្រើន​ក្នុង​វ៉ា​លី​របស់​គាត់ ដែល​ត្រៀម​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ប្រទេស​ចិន​។ លោក Zhang មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​នៅឡើយ​ទេ ប៉ុន្តែ​អ្នកស៊ើប​អង្កេត​បាន​បញ្ជាក់​នៅ​ក្នុង​តុលាការ​ថា បុរស​ជនជាតិ​ចិន​រូប​នេះ មាន​ទំនាក់ទំនង​ជាមួយ​បណ្តាញ​ក្រុម​ជួញដូរ​ស្រមោច ដែល​ត្រូវ​បា​នប​ង្គ្រា​ប​នៅ​ក្នុង​ប្រទេស​កេ​ន​យ៉ា​កាលពី​ឆ្នាំ​មុន​។ ដ្បិត​សត្វ​ស្រមោច​ត្រូវ​បានការ​ពារ​ដោយ​សន្ធិសញ្ញា​ជីវចម្រុះ​អន្តរជាតិ ហើយ​ការ​ជួញដូរ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​។

កាលពី​ឆ្នាំ​មុន ភ្នាក់ងារ​សេវា​សត្វព្រៃ​កេ​ន​យ៉ា (KWS) បាន​ព្រមាន​អំពី​តម្រូវការ​កើនឡើង​សម្រាប់​ស្រមោច ដែល​ត្រូវ​បាន​ស្គាល់​តាម​បែប​វិទ្យាសាស្ត្រ​ថា «Messor Cephalotes» នៅ​តំបន់​អឺរ៉ុប និង​អាស៊ី ជា​តំបន់​សម្បូរ​អ្នក​ប្រមូល​ទិញ​យក​រក្សា​ទុកជា​សត្វ​ចិញ្ចឹម​។

លោក Allen Mulama ព្រះរាជអាជ្ញា​បាន​ប្រាប់​តុលាការ​ថា នៅ​ក្នុង​វ៉ា​លី​ស​ផ្ទាល់ខ្លួន​របស់​លោក Zhang បាន​រក​ឃើញ​ស្រមោច​រស់​ចំនួន ១ ៩៤៨ ក្បាល​ខ្ចប់​ក្នុង​បំពង់​ពិសោធន៍​ឯកទេស ហើយ ៣០០ ក្បាល​ផ្សេង​ទៀត​រក​ឃើញ​លាក់​ទុក​ក្នុង​ក្រដាស​ជូត​មាត់​ចំនួន​៣​សន្លឹក​លាក់​ក្នុង​វ៉ា​លី​ស​។ ជាមួយ​គ្នា​នោះ ព្រះរាជអាជ្ញា​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​អនុញ្ញាត​ដើម្បី​ត្រួតពិនិត្យ​ទូរស័ព្ទ និង​កុំព្យូទ័រ​យួរដៃ​របស់​ជនសង្ស័យ​ផង​ដែរ​។

លោក Duncan Juma មន្ត្រីជាន់ខ្ពស់ KWS បាន​ប្រាប់ BBC ថា ការ​ចាប់ខ្លួន​អ្នករត់ពន្ធ​ស្រមោច​បន្ថែម​ទៀត​ត្រូវ​បាន​រំពឹង​ទុក ខណៈ​ពេល​ដែល​ក្រុម​ស៊ើបអង្កេត​ពង្រីក​ការ​ស៊ើបអង្កេត​របស់​ពួក​គេ​ទៅ​កាន់​ទីក្រុង​ផ្សេង​ទៀត​ក្នុង​ប្រទេស​កេ​ន​យ៉ា​។

កាលពី​ខែឧសភា ឆ្នាំ​មុន តុលាការ​កេ​ន​យ៉ា​បាន​កាត់ទោស​បុរស​៤​នាក់​ឱ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ចំនួន ៧ ៧០០ ដុល្លារ​អា​មេ​រិ​ក​ពី​បទ​ព្យាយាម​រត់ពន្ធ​ស្រមោចរ​ស់រាប់​ពាន់​ក្បាល​ចេញពី​ប្រទេស​កេ​ន​យ៉ា ដែល​ជា​ករណី​ដំបូង​បំផុត​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​សត្វ​ស្រមោច​។ KWS បាន​ពិពណ៌នា​អំពី​សេចក្តីសម្រេច​កាលពី​ឆ្នាំ​មុន​ថា​ជា​ករណី​ដ៏​សំខាន់ ព្រោះ​ស្រមោច​ដែល​រឹបអូស​បាន​កាលពី​ឆ្នាំ​មុន គឺជា​ស្រមោច​យក្ស​ពូជ​អាហ្វ្រិក ដែល KWS អះអាង​ថា​មាន​សារៈសំខាន់​ដល់​អេកូឡូស៊ី ដោយ​កត់​សម្គាល់ថា អវត្តមាន​សម្រោច​ទាំងនោះ​ពី​ប្រព័ន្ធ​អេកូឡូស៊ី​អាច​រំខាន​ដល់​សុខភាព​ដី និង​ជីវចម្រុះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ