ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស Zero Waste មិនមែនគ្រាន់តែជាការរស់នៅតាមសម័យកាលនោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូររបៀបរស់នៅដើម្បីកាត់បន្ថយការបង្កើតសំរាមឱ្យមកនៅកម្រិតទាបបំផុតតាមរយៈគោលការណ៍ 5R ដែលរួមមានការបដិសេធរបស់មិនចាំបាច់ កាត់បន្ថយការប្រើប្រាស់ ប្រើឡើងវិញ កែច្នៃ និងការធ្វើជីកំប៉ុសពីសំណល់អាហារ។
ការរស់នៅបែបនេះមិនត្រឹមតែជួយសង្គ្រោះបរិស្ថានពីបញ្ហាសំរាមលិចក្រុង និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃថវិកា និងលើកកម្ពស់សុខភាពតាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមានសារធាតុគីមីផងដែរ។
អ្នកអាចចាប់ផ្ដើមផ្លាស់ប្តូរពិភពលោកចេញពីក្នុងផ្ទះរបស់អ្នកបានយ៉ាងងាយ ដោយយកសំបកបន្លែផ្លែឈើមកធ្វើជាជីកំប៉ុសធម្មជាតិសម្រាប់ដាក់ដំណាំ ប្រើប្រាស់កាកកាហ្វេធ្វើជាស្ក្រាប់ខាត់ស្បែក ឬយកដបកែវចាស់ៗមកលាងសម្អាតសម្រាប់ដាក់គ្រឿងទេសក្នុងផ្ទះបាយ។ សូម្បីតែខោអាវដែលលែងប្រើ ក៏អាចច្នៃធ្វើជាក្រណាត់ជូត ឬថង់យួរ រីឯក្រដាសដែលប្រើម្ខាងរួចអាចយកមកធ្វើជាសៀវភៅកត់ត្រាបានយ៉ាងមានប្រយោជន៍។ ការទម្លាប់យកថង់ក្រណាត់ ឬកែវទឹកផ្ទាល់ខ្លួនតាមខ្លួនជានិច្ច និងការជ្រើសរើសទិញទំនិញដែលមានការវេចខ្ចប់តិចតួច គឺជាជំហានដំបូងដ៏សាមញ្ញដែលនាំទៅរកការរស់នៅប្រកបដោយនិរន្តរភាព និងសន្សំសំចៃបំផុត៕
ចែករំលែកព័តមាននេះ