ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះសំណាក់ «គោកធ្លក» ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងបានបដិសេធមិនទទួលខុសត្រូវចំពោះការធ្វើឱ្យបាត់បង់ម៉ូតូស៊េរីទំនើបរបស់ភ្ញៀវមួយគ្រឿងដែលបានប្តឹងចោទប្រកាន់កាលពីថ្ងៃទី២៦ កក្កដា ទោះបីកាមេរ៉ាចាប់រូបភាពក្នុងផ្ទះសំណាក់បានបង្ហាញពីសកម្មភាពអ្នកលួចយកម៉ូតូនោះក្តី ។
សមត្ថកិច្ចនិយាយថា ម្ចាស់ម៉ូតូឈ្មោះហេង សីលា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។ គាត់បានបាត់ម៉ូតូម៉ាកឌ្រីមC125 ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់ 1C 6427 ខណៈដែលរូបគាត់និងភរិយាចូលទៅស្នាក់ក្នុងផ្ទះសំណាក់នោះ ។
លោកហេង សីលា ប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៨ កក្កដា ថា រូបគាត់និងភរិយាបានចូលទៅស្នាក់នៅក្នុងផ្ទះសំណាក់គោកធ្លកនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ កក្កដា ក្នុងគ្រាដែលគាត់ទៅរកទិញទំនិញនៅខេត្តបាត់ដំបង និងនាំភរិយាទៅពិនិត្យជំងឺ ។ ក្រោយពីរូបគាត់រុញម៉ូតូទុកត្រឹមត្រូវ និងមានអ្នកទទួលហើយ រូបគាត់និងភរិយាក៏ឡើងទៅកាន់បន្ទប់សម្រាក ។ លុះម៉ោង២រសៀលថ្ងៃដដែល រូបគាត់និងភរិយាចុះមកក្រោម ដើម្បីនាំភរិយាទៅពេទ្យ តែរកម៉ូតូមិនឃើញ ហើយសួរនាំកម្មករមើលការខុសត្រូវ និងម្ចាស់ផ្ទះសំណាក់នេះ ក៏គ្មានអ្នកដឹងឡើយ ។ នៅថ្ងៃទី២៦ កក្កដា រូបគាត់សម្រេចទៅប្តឹងនៅស្នងការដ្ឋានខេត្ត ព្រោះម្ចាស់ផ្ទះសំណាក់នោះមិនទទួលខុសត្រូវ ។
កោះសន្តិភាពបានសុំការបំភ្លឺតាមទូរស័ព្ទពីម្ចាស់ផ្ទះសំណាក់កាលពីព្រឹកថ្ងៃទី២៨ កក្កដា ហើយស្ត្រីម្ចាស់ផ្ទះសំណាក់នោះដែលមិនប្រាប់ឈ្មោះបាននិយាយថា «ខ្ញុំមិនដឹងទេរឿងនេះ… សូមទៅសួរសមត្ថកិច្ចទៅ» ។ មន្ត្រីនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបាននិយាយថា ម្ចាស់ផ្ទះសំណាក់មានការរឹងរូសពេលសមត្ថកិច្ចអញ្ជើញទៅសួរនាំពីរឿងធ្វើឱ្យបាត់ម៉ូតូភ្ញៀវ ។ ពេលមកដល់ការិយាល័យជំនាញស្ត្រីម្ចាស់ផ្ទះសំណាក់បានឆ្លើយបដិសេធមិនទទួលខុសត្រូវឡើយ ថែមទាំងស្តីបន្ទោសដល់ម្ចាស់ម៉ូតូថា មិនបានប្រាប់ថា មានម៉ូតូយកមកផ្ញើទេ ។
លោកមៀន ឡាយ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានថ្លែងថា «យើងបានទៅពិនិត្យរូបភាពក្នុងកាមេរ៉ាដែលម្ចាស់ផ្ទះសំណាក់នេះចាក់បង្ហាញ ។ យើងឃើញរូបភាពនេះបានបង្ហាញពីម្ចាស់ម៉ូតូអូសម៉ូតូចូលក្នុងកន្លែងទុកម៉ូតូក្នុងផ្ទះសំណាក់ ប៉ុន្តែក្រោយមកបន្តិច ស្រាប់តែគេឃើញមានយុវជន២នាក់ ចូលទៅអូសយកម៉ូតូនោះចេញមកវិញ ដូច្នេះនេះជាភស្តុតាងដែលអាចបញ្ជាក់បានថា ម្ចាស់ម៉ូតូពិតជាបានយកម៉ូតូទៅទុកក្នុងផ្ទះសំណាក់នោះមែន ក្នុងគ្រាដែលរូបគាត់និងប្រពន្ធធចូលទៅស្នាក់នៅទីនោះ» ។
តាមការបំភ្លឺបន្ថែមពីម្ចាស់ម៉ូតូ លោកហេង សីលា ថា ម្ចាស់ផ្ទះសំណាក់ធ្លាប់ស្គាល់រូបគាត់ ព្រោះរូបគាត់ធ្លាប់ចូលស្នាក់នៅ៣លើកមកហើយ ហើយរូបគាត់តែងជិះម៉ូតូទៅរាល់លើក ។ លោកបញ្ជាក់ថា ម្ចាស់ផ្ទះសំណាក់ឆ្លើយបដិសេធក្នុងភាពមិនច្បាស់លាស់ ហើយស្តីបន្ទោសរូបគាត់ម្តងថា ធ្វើបាត់កន្លែងផ្សេង រួចមកចោទថា បាត់នៅផ្ទះសំណាក់ខ្លួន ម្តងថាយកម៉ូតូមកទុកមិនប្រាប់ខ្លួន ។ បើបាត់បង់ទ្រព្យសម្បត្តិ ម្ចាស់ផ្ទះសំណាក់មិនទទួលខុសត្រូវបែបនេះ ភ្ញៀវពិតជាលែងហ៊ានទៅស្នាក់នៅក្នុងផ្ទះសំណាក់នេះទៀតហើយ ព្រោះវាអាចបាត់ម៉ូតូ រថយន្តរបស់ភ្ញៀវទៀតនៅថ្ងៃក្រោយ ។
លោកមៀន ឡាយ នាយការិយាល័យជំនាញបញ្ជាក់ថា យើងនឹងដោះស្រាយជាថ្មីទៀតរវាងភាគីទាំង២ តែបើមិនអាចសម្រួលគ្នាបានទេ យើងមានតែបញ្ជូនសំណុំរឿងទៅតុលាការប៉ុណ្ណោះ ។
សមត្ថកិច្ចនិយាយថា សំខាន់បំផុត គឺភស្តុតាងក្នុងកាមេរ៉ារបស់ម្ចាស់ផ្ទះសំណាក់ តើអ្នកណាដែលអូសម៉ូតូចេញក្រោយពីម្ចាស់អូសចូលទៅទុកដោយមានទាំងកម្មករ ឬអ្នកទទួលខុសត្រូវរៀបចំទុកដាក់រួចមក ។ វាជាតម្រុយសម្រាប់សមត្ថកិច្ចកំណត់មុខសញ្ញាបានយ៉ាងងាយបំផុតដែលអាចធ្វើឱ្យម្ចាស់ផ្ទះសំណាក់កប់យោបល់ក្នុងការឆ្លើយបដិសេធ ៕
ចែករំលែកព័តមាននេះ