ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយសម្របសម្រួលពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ តំណាង​អ្នករត់កង់​បី ​តាក់ស៊ី និងក្រុមហ៊ុន​អ៊ែ​ប បានឯកភាព​គ្នាហើយ​

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ចន្ទ ទី​០២ ខែមីនា ឆ្នាំ​២០២៦ នៅ​សាលា​រាជធានី​ភ្នំពេញ លោក…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ចន្ទ ទី​០២ ខែមីនា ឆ្នាំ​២០២៦ នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ សម្របសម្រួល តាម​ការ​ស្នើ​សុំ​របស់​ម្ចាស់​សំណើ ដែល​ជា​តំណាង​អ្នកបើកបរ​ម៉ូតូ​កង់​បី និង​តាក់ស៊ី​តាម​ប្រព័ន្ធ បច្ចេកវិទ្យា (App) ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​អ៊ែ​ប (Apps) ទាំងអស់​រួម​មាន ៖ ក្រុមហ៊ុន​ហ្គេ​ប (Grab) ផាស់​អ៊ែ​ប (PassApp) ថា​ដា (Tada) រ៉ាវ​ណា​វ (WowNow) ម៉ាក​ស៊ី​ម (Maxim) និង​ក្រុមហ៊ុន​មូរ (Move) ដើម្បី​ទាមទារ នូវ​លក្ខខណ្ឌ ចំនួន ០៥ ដូច​ខាងក្រោម ៖

១. ស្នើ​សុំ​ដំឡើង​ថ្លៃ​សម្រាប់​កង់​បី ចាប់ពី ១.២០០​រៀល ក្នុង​មួយ​គីឡូម៉ែត្រ
២. ស្នើ​សុំ​បញ្ចុះ​ការ​កាត់​កម្រៃជើងសារ​មក​ត្រឹម ១២%
៣. ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​អ៊ែ​ប ទាំងអស់​កាត់​កម្រៃជើងសារ និង​កំណត់​តម្លៃ​ស្មើ​ៗ​គ្នា
៤. ក្នុង​ករណី​មាន​ភ្ញៀវ​ប្តឹង ស្នើ​សុំ​ក្រុមហ៊ុន​ទាក់ទង​សួរនាំ​អ្នកបើកបរ​ជា​មុន​សិន មុន​ពេល​ផ្អាក ឬ​បិទ គណនី​របស់​អ្នកបើកបរ​។
៥. ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ព័ត៌មាន​ជាក់លាក់​អំពី​ភ្ញៀវ រួម​មាន​៖ ឈ្មោះ​ពិត លេខ​ទូរស័ព្ទ​ពិត និង​រូបថត​ពិត ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្ទៀងផ្ទាត់​។

ក្រោម​កិច្ច​សម្របសម្រួល​ប្រកបដោយ​សុ​ឆន្ទៈ និង​ស្មារតី​យោគយល់ រវាង​ខ្មែរ និង​ខ្មែរ និង​ដើម្បី​លើកកម្ពស់​សាមគ្គីភាព​ជាតិ​ជា​ធ្លុង​តែ​មួយ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ បន្សំ​ការ​ស្នើ​សុំ និង​លទ្ធភាព​ដែល​ក្រុមហ៊ុន​អ៊ែ​ប​ទាំងអស់​អាច​ផ្តល់​ជូន ព្រមទាំង​ឈាន​ដល់​ការ​ឯកភាព​គ្នា​រវាង ភាគី​ម្ចាស់​សំណើ និង​ក្រុមហ៊ុន​ទាំងអស់​ដូច​តទៅ​៖

១. តំណាង​ក្រុមហ៊ុន Tada ក្រុមហ៊ុន Move និង​ក្រុមហ៊ុន Maxim យល់​ព្រមយក​កម្រៃជើងសារ ចំនួន ១២% និង​ថ្លៃ​ដឹក​ជញ្ជូន​គោល​ចំនួន ១.២០០​រៀល ក្នុង​១​គីឡូម៉ែត្រ​។

២. តំណាង​អ្នកបើកបរ​កង់​បី និង​តាក់ស៊ី បាន​ឯកភាព​ដូច​ខាងក្រោម ៖
អនុវត្ត​តាម​គោលការណ៍​ដែល​ក្រុមហ៊ុន​អ៊ែ​ប បាន​កំណត់​ក្នុង​ចំណុច​ទី​១ ខាងលើ​។

ធ្វើការ​ផ្សព្វផ្សាយ​ដល់​សមាជិក​ក្រុម​អ្នកបើកបរ​កង់​បី និង​តាក់ស៊ី​ទាំងអស់​ឱ្យ​បាន​យល់​ពី​ស្មារតី នៃ​កិច្ចប្រជុំ​នេះ និង​គោលការណ៍ ដែល​ក្រុមហ៊ុន​អ៊ែ​ប​បាន​កំណត់ ។

ណែនាំ​ដល់​អ្នកបើកបរ​ទាំងអស់ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ក្រមសីលធម៌​អ្នកបើកបរ ឱ្យ​បាន​ត្រឹមត្រូវ​។
ហាម​ធ្វើ​សកម្មភាព​បាតុកម្ម​តវ៉ា​ខុសច្បាប់​ណាមួយ​ជា​ដាច់ខាត ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ​។

ករណី​អ្នកបើកបរ​មាន​បញ្ហា​ណាមួយ ត្រូវ​ទំនាក់ទំនង និង​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ដោយ សន្តិវិធី​។

៣. ករណី​នៅ​ពេល​មាន​ភ្ញៀវ​ប្តឹង​អ្នកបើកបរ ទៅ​កាន់​ក្រុមហ៊ុន អ៊ែ​ប​៖
ក្រុមហ៊ុន អ៊ែ​ប ត្រូវ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​បណ្ដឹង​នីមួយ​ៗ​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​ឈាន ដល់​ការ​ផ្អាក ឬ​បិទ​គណនី​អ្នកបើកបរ​។

ករណី​អ្នកបើកបរ​ប្រព្រឹត្ត​សកម្មភាព​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​លើ​ភ្ញៀវ ក្រុមហ៊ុន​ត្រូវ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

៤. ក្រុមហ៊ុន អ៊ែ​ប ទាំងអស់​ត្រូវ​៖
រៀបចំ​ជា​លាយលក្ខណ៍អក្សរ​នូវ​គោលនយោបាយ​ប្រតិបត្តិការ​អាជីវកម្ម​បើកបរ​កង់​បី និង​តាក់ស៊ី រៀបចំ​បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និង​កំណត់​កម្រៃជើងសារ ថ្លៃ​ដឹក​ជញ្ជូន​គោល ពេលវេលា បើកបរ និង​គោលការណ៍​លើកទឹកចិត្ត​ផ្សេង​ៗ ហើយ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ទៅ កាន់​អ្នកបើកបរ​។

រៀបចំ​ឱ្យ​មាន​ក្រុមប្រឹក្សាវិន័យ សម្រាប់​ដោះស្រាយ​រាល់​បណ្ដឹង​នានា ពាក់ព័ន្ធ​នឹង​ភ្ញៀវ និង​អ្នក បើកបរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ