ខណៈដែលតំបន់មជ្ឈិមបូព៌ាកំពុងឆាបឆេះដោយភ្លើងសង្គ្រាម ភ្នែកពិភពលោកកំពុងសម្លឹងមើលទៅទីក្រុងប៉េកាំង ។ តើការដួលរលំនៃស្ថិរភាពនៅអ៊ីរ៉ង់នឹងប៉ះពាល់ដល់មហិច្ឆតាសេដ្ឋកិច្ច និងសន្តិសុខ ថាមពលរបស់ចិនកម្រិតណា? បើទោះបីជាចិនក្តោបក្តាប់ ការនាំចេញប្រេងរបស់អ៊ីរ៉ង់ដល់ទៅ៩០% ក៏ដោយ ប៉ុន្តែអ្នកជំនាញមើលឃើញថា ហានិភ័យពិតប្រាកដរបស់ចិន មិនមែនស្ថិតលើតែរឿងប្រេងមួយមុខនោះទេ ។
នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាន់មួយ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន បានសម្តែងនូវ «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការវាយប្រហារតាមអាកាសរបស់អាម៉េរិក និងអ៊ីស្រាអ៊ែល មកលើទឹកដីអ៊ីរ៉ង់ ។ ទីក្រុងប៉េកាំងបានអំពាវនាវឱ្យមាន«ការបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់» ដើម្បីទប់ស្កាត់កុំឱ្យស្ថានការណ៍វិវត្តទៅរកភាពវឹកវរដែលមិនអាចគ្រប់គ្រងបាន ។
បន្ថែមលើនេះចិនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនា និងការចរចា ដោយចាត់ទុកថាជាមធ្យោបាយតែមួយគត់ ដើម្បីការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ដែលសម្បូរទៅដោយធនធានប្រេងមួយនេះ ។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យប្រជាជនអ៊ីរ៉ង់ងើបឡើងផ្តួលរំលំរដ្ឋាភិបាល ដែលជាសញ្ញាមួយបង្ហាញពីបំណងផ្លាស់ប្តូររបបដឹកនាំនៅក្រុងតេហេរ៉ង់ ។
តើចំណងសេដ្ឋកិច្ចចិន-អ៊ីរ៉ង់ មានភាពរឹងមាំកម្រិតណា? បើយោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ទំនាក់ទំនងសេដ្ឋកិច្ចរវាងមហាយក្សទាំងពីរមានលក្ខណៈមិនស្មើគ្នានោះទេ ។ ទីក្រុងប៉េកាំង គឺជាដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយក្តោបក្តាប់ប្រហែល ១ភាគ៣ នៃពាណិជ្ជកម្មសរុបរបស់ប្រទេសនេះ ។
ផ្ទុយទៅវិញ សម្រាប់ចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី២ ពិភពលោកពាណិជ្ជកម្មជាមួយអ៊ីរ៉ង់មានចំណែកតិចជាង១% ប៉ុណ្ណោះនៃទំហំពាណិជ្ជកម្មសកលរបស់ខ្លួន ។ ទោះបីជាចិនទិញប្រេងពីអ៊ីរ៉ង់ រហូតដល់៩០% នៃទំហំនាំចេញសរុប (មិនខ្វល់ពីទណ្ឌកម្មអាម៉េរិក) ក៏ដោយ ប៉ុន្តែតាមទ្រឹស្តីអ្នកជំនាញយល់ថា ចិននៅតែមានសមត្ថភាព អាចរកប្រភពថាមពលផ្សេងមកជំនួសអ៊ីរ៉ង់បាន បើចាំបាច់ ។
ហានិភ័យពិតប្រាកដ គែច្រកសមុទ្រ Hormuz ៖ ចំណុចដែលចិនបារម្ភបំផុត គឺខ្សែសង្វាក់ផ្គត់ផ្គង់តាមផ្លូវទឹក ។ ប្រហែលមួយភាគបី នៃប្រេងឆៅ ដែលចិនប្រើប្រាស់ត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ក្រោយការវាយប្រហារ កាលពីថ្ងៃសៅរ៍ នាវាដឹកប្រេងជាច្រើន បានចាប់ផ្តើមជៀសវាងការឆ្លងកាត់ច្រកសមុទ្រនេះដែលវាជាសញ្ញាគ្រោះថ្នាក់ សម្រាប់ស្ថិរភាពតម្លៃថាមពលរបស់ចិន ។
យុទ្ធសាស្ត្រការទូត និងមហិច្ឆតា ប្រឆាំងឥទ្ធិពលអាម៉េរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោក ស៊ី ជិនពីង បានពង្រឹងឥទ្ធិពលការទូតយ៉ាងខ្លាំង ជាមួយអ៊ីរ៉ង់ ដោយបានរុញច្រានប្រទេសនេះ ឱ្យចូលជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការស៊ាងហៃ (SCO) និងប្លុក BRICS ដើម្បីពង្រីកប្លុកប្រឆាំងនឹងឥទ្ធិពលរបស់លោកខាងលិច ។
ទោះជាយ៉ាងណា កិច្ចព្រមព្រៀងវិនិយោគ៤០០ ពាន់លានដុល្លារ រយៈពេល២៥ឆ្នាំ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០២១ នៅតែមិនទាន់មានសកម្មភាពលេចធ្លោនៅឡើយ ។
ម្យ៉ាងវិញទៀត ផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិននៅក្នុងបណ្តាប្រទេសឈូងសមុទ្រដទៃទៀត (ដូចជា អារ៉ាប៊ីសាអ៊ូឌីត) មានទំហំធំធេងជាងក្នុងប្រទេសអ៊ីរ៉ង់ឆ្ងាយណាស់ ។ ដូច្នេះ ក្នុងល្បែងអុកនយោបាយនេះចិន អាចនឹងត្រូវថ្លឹងថ្លែងយ៉ាងហ្មត់ចត់រវាងការការពារសម្ព័ន្ធមិត្តមនោគមវិជ្ជា និងការរក្សាស្ថិរភាពសេដ្ឋកិច្ចសកលរបស់ខ្លួន ៕




ចែករំលែកព័តមាននេះ