រាជធានីភ្នំពេញ ៖ នៅបំណាច់ខែកុម្ភៈ ២០២៦នេះ រាជធានីភ្នំពេញ ត្រូវតែបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់ នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយតាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបោសសម្អាតឱ្យអស់ នៅត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ។
នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ល្ងាចថ្ងៃទី២៥ កុម្ភៈ ២០២៦នេះនៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បញ្ជាក់ច្បាស់ថា តាមអនុសាសន៌ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ត្រូវធ្វើការបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់ នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ព្រោះប្រទេសកម្ពុជា ទទួលយកតែសេដ្ឋកិច្ច ពណ៌ស មិនមែនប្រផេះ ឬខ្មៅទេ ។
លោក ឃួង ស្រេង បានមានប្រសាសន៌ទៀតថា តាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់យើងទាំងអស់ បោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះឱ្យអស់ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦នេះ។ ស្នើឱ្យកងកម្លាំងប៉ូលិស និងកងរាជអាវុធហត្ថ បង្កើនកិច្ចការងារស្រាវជ្រាវ និងតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅដល់ការបោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះឱ្យអស់ពីរាជធានីភ្នំពេញ ដោយធានាថា ដល់ខែមីនា ត្រូវតែស្អាត ។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញ បានបង្កើតក្រុមការងារបោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ចំនួន៦ក្រុម ដូច្នេះស្នើឱ្យក្រុមទាំង៦ ចុះអនុវត្តការងារព្រមៗគ្នាតែម្តង នៅតំបន់ណាដែលយើងត្រូវអនុវត្ត។ ក្រោយតំបន់នោះយើងសម្អាតអស់ហើយ ទើបយើងបន្តទៅតំបន់មួយទៀត សំដៅធ្វើយ៉ាងណា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែស្អាត នៅបំណាច់ខែកុម្ភៈនេះ ។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យខណ្ឌទាំង១៤ ត្រូវម្ចាស់ការក្នុងការបោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀនផងដែរ ពោលគឺត្រូវអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពឱ្យបានល្អ ។
លោក ឃួង ស្រេង បានណែនាំទៀតថា ក្រោយបេសកម្ម នៃការបោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះអស់ពីរាជធានីភ្នំពេញហើយ រាល់ការផ្ទេរ លក់ ជួលទីតាំង ខុនដូរ អាផាតម៉ិនផ្សេងៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដាច់ខាតត្រូវតែមានលិខិតស្នាមពីអាជ្ញាធរមូលដ្ឋាន ដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រង៕





ចែករំលែកព័តមាននេះ