ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ UNESCO ប្រចាំ​ប្រទេស​កម្ពុជា​ បញ្ជាក់​ជំហរ​សហការ​បន្ថែម​ទៀត​ជាមួយ​ក្រសួងទេសចរណ៍​ ដើម្បី​អភិវឌ្ឍ​ទេសចរណ៍វប្បធម៌​-​បេតិកភណ្ឌ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អនុញ្ញាត​ជូន​លោក Flavio Bonetti តំណាង​អង្គការ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អនុញ្ញាត​ជូន​លោក Flavio Bonetti តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា និង​សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦​ នា​ទីស្តីការ​ក្រសួងទេសចរណ៍​ ។

ក្នុង​ឱកាស​ នៃ​ជំនួប​ប្រកបដោយ​ផ្លែផ្កា​នេះ លោក Flavio Bonetti បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត ​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ការ​អភិរក្ស និង​លើកកម្ពស់​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ ដែល​ជា​សក្តានុពល​ដ៏​សម្បូរ​បែប និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ខ្លាំងក្លា​ ដែល​កម្ពុជា​មាន​ ។

កិច្ច​ពិភាក្សា ក៏​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​ដល់​ក្រសួងទេសចរណ៍​លើ​ការ​ចុះបញ្ជី​បណ្តាញ​ទីក្រុង​ច្នៃប្រឌិត​របស់ UNESCO ដោយ​បាន​លើក​ឡើង​ពី​ភាព​ជោគជ័យ​របស់​ទីក្រុង​បាត់ដំបង ​ដែល​ជាប់​ជាទី​ក្រុង​ច្នៃប្រឌិត​ផ្នែក​ម្ហូបអាហារ ព្រមទាំង​ពិចារណា​លើ​ការ​គាំទ្រ​ខេត្ត​ផ្សេង​ៗ នា​ពេល​អនាគត ព្រមទាំង​ពិភាក្សា​អំពី​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​បេតិកភណ្ឌ​ពិភពលោក ដូច​ជា​ប្រាសាទសំបូរព្រៃគុក និង​ប្រាសាទព្រះវិហារ ដោយ​ផ្តោត​លើ​ការ​អភិរក្ស​តម្លៃ​សកល​ដ៏​អស្ចារ្យ​ឱ្យ​បាន​គង់វង្ស និង​ឋិត​ឋេ​រ សម្រាប់​ជា​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ ។

ជា​កិច្ច​ឆ្លើយ​តប ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ដល់​លោក Flavio Bonetti និង​សហការី​របស់​អង្គការសហប្រជាជាតិ UNESCO ប្រចាំ​កម្ពុជា ចំពោះ​ការ​គាំទ្រ និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួងទេសចរណ៍​រហូត​មក​ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និង​ធម្មជាតិ ប្រកបដោយ​ចីរភាព ស្រប​តាម​ស្តង់ដា​អន្តរជាតិ និង​បរិបទ​ជាក់លាក់​របស់​កម្ពុជា ព្រមទាំង​គំនិត​ផ្តួចផ្តើម និង​កិច្ច​សហប្រតិបត្តិការ​ដែល​កំពុង​អនុវត្ត និង​គ្រោង​អនុវត្ត​នានា ដែល​ជា​ចំណែក​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​សុំ​ការ​គាំទ្រ​បន្ថែម​ពី UNESCO ក្នុង​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​លើ​ឆាក​អន្តរជាតិ ការ​ផ្តល់​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​អភិរក្ស និង​អភិវឌ្ឍ​បេតិកភណ្ឌ​ជា​ពិសេស និង​បន្ទាន់​គឺ​ប្រាសាទព្រះវិហារ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ជំនួយ​បច្ចេកទេស​ដល់​ក្រសួងទេសចរណ៍ ក្នុង​ការ​ចុះបញ្ជី​ទីក្រុង​កំពត ទីរួមខេត្ត​ក្រចេះ និង​ខេត្តរតនគិរី​ក្នុង​បណ្តាញ​ទីក្រុង​បណ្តាញ​ទីក្រុង​ច្នៃប្រឌិត​របស់ UNESCO ព្រមទាំង​ការ​បញ្ចូល​វិស័យ​ទេសចរណ៍​ជា​មូលបទ​សំខាន់​មួយ​ក្នុង​អបអរសាទរ​ខួប​លើក​ទី​៧៥ នៃ​ការ​ចូល​ជា​សមាជិក UNESCO របស់​កម្ពុជា នា​ឆ្នាំ​២០២៦​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ UNESCO តាំងពី​ឆ្នាំ​១៩៥១ ដែល​គិត​មក​ដល់​ឆ្នាំ​២០២៦ នេះ មាន​រយៈពេល ៧៥​ឆ្នាំ ហើយ​ក៏​ជា​ខួប​លើក​ទី​៣៥ នៃ​ការ​បើក​ការិយាល័យ UNESCO ប្រចាំ​កម្ពុជា​ឡើង​វិញ​នា​ឆ្នាំ​១៩៩១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ