រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ Jim Jones និង ឯកឧត្តម Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ។
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងក្រុមការងារ បានចួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងកិច្ចពិភាក្សា ឯកឧត្តមក៏បានបង្ហាញនូវចំណាប់អារម្មណ៍នៅក្នុងការចុះស្វែងយល់បន្ថែមអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះព្រំដែន, និងការឆ្លើយតបរបស់កម្ពុជា ក៏ដូចជាការរួមចំណែករបស់សហរដ្ឋអាម៉េរិកក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។
ជាការឆ្លើយតប, សម្ដេចធិបតីជម្រាបជូនឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក អំពីដំណើររឿង និងការវិវត្តជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ន នៃជម្លោះព្រំដែន កម្ពុជា-ថៃ ក៏ដូចជាយន្តការសន្តិវិធី ដែលកម្ពុជាបានប្រើប្រាស់ រួមទាំងការអត់ធ្មត់របស់កម្ពុជាក្នុងការឆ្លើយតប។ ទន្ទឹមនេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីដែលសម្ដេចធិបតីបានជម្រាបជូនឯកឧត្តមប្រធាននាពេលនេះ មិនមែនជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននោះទេ ប៉ុន្តែគឺជាអ្វីដែលបាននិងកំពុងកើតឡើងនៅលើដីជាក់ស្ដែង។ សម្ដេចធិបតីក៏បានស្នើឱ្យក្រុមប្រឹក្សាអាត្លង់ទិក ជួយចែករំលែកបន្តនូវការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃ នេះផងដែរ។
មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក ក៏បានពិភាក្សាគ្នាអំពីជំហានបន្ទាប់ដែលក្រុមប្រឹក្សាអាចរួមចំណែកក្នុងការបង្ហាញការពិតពាក់ព័ន្ធនឹងជម្លោះព្រំដែន កម្ពុជា-ថៃ ទៅកាន់ពិភពលោក៕







ចែករំលែកព័តមាននេះ