ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អាម៉េរិក មាន​សុទិដ្ឋិនិយម​ក្នុង​ការ​បន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទ្វេភាគី

11 ម៉ោង មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក ក្នុង​ឱកាស​នៃ​ការ​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​លើក​ដំបូង​នៃ​ក្រុមប្រឹក្សា​សន្តិភាព (Board of Peace) នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន សហរដ្ឋ​អាម៉េរិក​ ។

ក្នុង​ឱកាស​នៃ​ជំនួប​, ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដែល​បាន​ជំរុញ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី អាម៉េរិក​-​កម្ពុជា កាន់តែ​រីក​ចម្រើន​ជា​លំដាប់ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។
ជាក់ស្ដែង​, ពាណិជ្ជកម្ម​ទ្វេភាគី អាម៉េរិក​-​កម្ពុជា បន្ត​កើនឡើង​ប្រមាណ​ជិត ២៩% ក្នុង​ឆ្នាំ​២០២៥ បើ​ធៀប​នឹង​ទំហំ​ពាណិជ្ជ​ទ្វេភាគី​ក្នុង​ឆ្នាំ​២០២៤ ស្រប​ពេល​ដែល​ការ​វិនិយោគ​របស់​សហរដ្ឋ​អាម៉េរិក​នៅ​កម្ពុជា​ក៏​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​នេះ​ជា​ផ្លែផ្កា​នៃ​ការ​ជឿ​ទុកចិត្ត​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ។

ជា​ការ​ឆ្លើយ​តប​, សម្ដេច​ធិ​បតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាម៉េរិក​ក្នុង​ការ​ចរចា និង​ឈាន​ដល់​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក ដែល​សម្រេច​បាន​អត្រាពន្ធ​ក្នុង​រង្វង់ ១៩% លើ​ការ​នាំ​ចូល​ទំនិញ​របស់​កម្ពុជា​ចូល​សហរដ្ឋ​អាម៉េរិក​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ដែរ​, សម្តេច​ធិ​បតី​ក៏​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​របស់​ឯកឧត្តម​ប្រ​ធានា​ធីប​តី Donald J. Trump ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​សេចក្ដី​ថ្លែង​ការ​រួម​ទីក្រុង​គួ​ឡា​ឡាំ​ពួ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ក៏​ដូច​ជា​សេចក្ដី​ប្រកាស​រួម ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​ធានា​ដល់​ការ​កសាង​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា និង​ថៃ​ ។

សម្ដេច​ធិ​បតី និង​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer ក៏​បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​រវាង​ប្រទេស​ទាំង​ពីរ​, ទំនាក់ទំនង កម្ពុជា​-​អាម៉េរិក នឹង​កាន់តែ​ប្រសើរ​ឡើង ជា​ពិសេស​ជំរុញ​ឱ្យ​មាន​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី និង​កំណើន​ការ​វិនិយោគ​របស់​សហរដ្ឋ​អាម៉េរិក​នៅ​កម្ពុជា​។ សម្ដេច​ធិ​បតី​បាន​បញ្ជាក់​ជូន ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer ថា កម្ពុជា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​នូវ​ការ​បំពេញ​និ​តី​វិ​ី​នានា សំដៅ​ជំរុញ​ការ​អនុវត្ត​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​ប្រទេស​ទាំង​ពីរ សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំង​ពីរ​ ។

មុន​នឹង​បញ្ចប់​, សម្ដេច​ធិ​បតី និង​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer ក៏​បាន​ពិភាក្សា​គ្នា​ផង​ដែរ​អំពី​វិស័យ​សក្កា​នុ​ពល​នានា​ដែល​ប្រទេស​ទាំង​ពីរ​អាច​នឹង​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ដើម្បី​ធានា​បាន​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ និង​ដំណោះស្រាយ​លើ​បញ្ហា​សេសសល់ ដែល​ត្រូវ​រួម​គ្នា​ដោះស្រាយ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​រំហូរ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការ​ធ្វើ​និ​យោគ​របស់​សហរដ្ឋ​អាម៉េរិក​មក​កម្ពុជា​កាន់តែ​រីក​ច​ម្រើន​បន្ថែម​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ