រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Carson Harte នាយកប្រតិបត្តិអង្គការ Exceed Worldwide ចូលជួបសម្តែងការគួរសម ។
ក្នុងជំនួបនោះ លោក Carson Harte បានធ្វើសេចក្តីរាយការណ៍អំពីការផ្តល់សេវាកម្មដល់ជនមានពិការភាព និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរមីន ដែលបានផ្តល់ នូវការគាំទ្រដល់អង្គការ Exceed Worldwide ។
ជាមួយគ្នានោះ លោក Carson Harte បានបញ្ជាក់ថា អង្គការ Exceed Worldwide ដែលគ្រប់គ្រងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ កំពង់ឆ្នាំង និងព្រះសីហនុ មានផែនការពង្រីកការផ្តល់សេវាកម្មស្តារកាយនីតិសម្បទានៅតាមមន្ទីរពេទ្យ (Hospital Based Rehabilitation) ដែលស្នើសុំឱ្យមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អង្គការ Exceed Worldwide ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចគាំពារបីបាច់ថែទាំ និងការផ្តល់សេវាកម្មនានាដល់ជនមានពិការភាព ជាពិសេសជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្គ្រាម រួមទាំងការគាំទ្រសហគមន៍ឱ្យទទួលបាននូវឱកាសអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗ ជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីកម្ពុជា ទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាគ្រាប់មីនបានច្រើនយ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែបន្តរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅសេសសល់ ដែលតម្រូវឱ្យមានការចូលរួមចំណែកពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងការដោះស្រាយ ហើយក្នុងនោះ អង្គការ Exceed Worldwide គឺជាដៃគូមួយក្នុងការផ្តល់សេវាដល់ជនមានពិការភាព ផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានសម្តែងនូវការស្វាគមន៍ចំពោះផែនការពង្រីកសេវាកម្មរបស់អង្គការ Exceed Worldwide នៅតាមមន្ទីរពេទ្យរដ្ឋ ហើយអាជ្ញាធរមីន និងអង្គការ Exceed Worldwide នឹងបន្តពង្រឹងកិច្ចសហការរវាងគ្នាក្នុងការគាំទ្រផ្តល់សេវាស្តារកាយនីតិសម្បទាដល់ជនមានពិការភាពដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចគាំទ្រដល់សហគមន៍ងាយរងគ្រោះ៕



ចែករំលែកព័តមាននេះ