ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះពិនិត្យមើលការបង្ករបង្កើនផលដំណាំបន្លែ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយលើកទឹកចិត្តដល់ប្រជាកសិករឱ្យធ្វើការផលិតកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ទៅកាន់ទីផ្សារខាងក្រៅដែលធានាបាន នូវតម្លៃសមរម្យ និងគុណភាព តាមបែបធម្មជាតិ ប្រកបដោយទំនុកចិត្ត មិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូន ប្រជាកសិករ ទទួលបាននូវទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាព ដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេស ផលិតកសិផលទាំងបរិមាណ និងគុណភាព ទៅតាមតម្រូវការ ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅផងដែរ ។
លោកជំទាវ ក៏បានបន្តថា នៅខេត្តប៉ៃលិន ក្រសួងកសិកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៏បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់អោយបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ជាសវាងការផលិត ដែលគ្មានគុណភាព និងមិនមានទីផ្សារ ហើយ ជាក់ស្តែងបច្ចុប្បន្ននេះ ខេត្តប៉ៃលិន មានក្រុមហ៊ុនជាច្រើន កំពុងទទួលទិញបន្លែផ្លែឈើ និងកសិផលផ្សេងៗទៀត ដើម្បីធ្វើការវេចខ្ចប់និងសម្ងួត សម្រាប់នាំចេញ យកទៅលក់នៅក្រៅប្រទេស ដូចជាប្រទេសចិន, ប្រទេសវៀតណាម សហគមន៍អឺរុប និងសហរដ្ឋអាមេរិកជាដើម ។
នៅក្នុងឱកាសនោះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជម្រុញអោយពួកគាត់ បង្កើនការដាំដុះបន្លែ សរីរាង្គអោយបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណីបន្លែគ្មានទីផ្សារ អាចទំនាក់ទំនងទៅកាន់ក្រុមការងារ លោកជំទាវនឹងជួយរកទីផ្សារជូនថែមទៀត៕






ចែករំលែកព័តមាននេះ