ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង់ផែរឹងមាំចូលក្នុងសមុទ្រទៀតហើយ…សង្ស័យ​មានប្រាក់ទិញយក្សឱ្យបិទភ្នែកទេដឹង?

6 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កន្លងមកថ្មីៗនេះ ប្រជានេសាទ​ដែលមានទូកយន្តចតនៅចំណុចទំនប់រលក ស្ថិតនៅ​ក្នុង​មណ្ឌល០៣ សង្កាត់លេខ០១ក្រុង/ខេត្តព្រះសីហនុ បានត្អូញត្អែរថាចំណតជលយាន (សមុទ្រ) សម្រាប់ការចូលចតទូក ក្រោយពីវិលត្រឡប់មកពីនេសាទវិញ…

ខេត្តព្រះសីហនុ ៖ កន្លងមកថ្មីៗនេះ ប្រជានេសាទ​ដែលមានទូកយន្តចតនៅចំណុចទំនប់រលក ស្ថិតនៅ​ក្នុង​មណ្ឌល០៣ សង្កាត់លេខ០១ក្រុង/ខេត្តព្រះសីហនុ បានត្អូញត្អែរថាចំណតជលយាន (សមុទ្រ) សម្រាប់ការចូលចតទូក ក្រោយពីវិលត្រឡប់មកពីនេសាទវិញ ពេលនេះ កំពុងបាត់បង់ជាបណ្តើរៗ​ហើយ ដោយសាររងការរំលោភលួចសាងសង់សំណង់រឹងមាំ​ចូលក្នុងសមុទ្រយកធ្វើជាកម្មសិទ្ធិឯកជន​ ធ្វើឲ្យបាត់បង់ទីកន្លែងចំណតទូករបស់ប្រជានេសាទ​ ដែលមានពីមុនមកជាច្រើនឆ្នាំបាន​កន្លងផុតទៅហើយក្តី ។

ប្រជានេសាទ ជាម្ចាស់ទូកយន្ត​​ជាច្រើននាក់ ក្នុងលក្ខខណ្ឌសុំមិនបង្ហាញអត្តសញ្ញាណបានបង្ហើបឲ្យដឹងថា ថ្មីៗនេះមានឈ្មោះស្រីអូន និងប្តី មិនស្គាល់អត្តសញ្ញាណ​ដែលប្រជានេសាទបានស្គាល់មុខច្បាស់ បានមកលបលួចសាងសង់សំណង់ផែថ្មីមួយកន្លែងផ្សេងទៀត ស្ថិតក្បែរស្នាក់ការមណ្ឌល០៣​តែម្តង (ទំនប់រលក) ក្នុងសង្កាត់លេខ០១ ក្រុងព្រះសីហនុ​ ដោយមិនមានការរំខានពីអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចពាក់ព័ន្ធឡើយ បង្កការលំបាកសម្រាប់ប្រជានេសាទ ខណ:បាត់បង់ចំណតទូកដែលជាចំណតសុវត្ថិភាពក្នុងពេលមានខ្យល់ព្យុះ​រលកសមុទ្រធំៗនារដូវ
វស្សា ។

ប្រជានេសាទ​ខ្សឹបខ្សៀវគ្នាដាក់ការសង្ស័យទៅលើមន្ត្រីមូលដ្ឋានបែបមាត់ចាបមាត់ព្រាបក្រៅផ្លូវការថាម្ចាស់ទីតាំងសំណង់ផែខាងលើ បានរៀបចំសំណែនចំគោលដៅបានល្អ ទើបដំណើរការសាងសង់​បាន​ដោយ​រលូន​បែបនេះ​ ។ បើទោះបីប្រជានេសាទសុំការអន្តរាគមន៍ទៅលោក​អេង​ វុទ្ធី​ ប្រធានមណ្ឌល០៣ ដែលមានស្នាក់ការនៅបង្កើយ និងសំណង់ផែក៏ដោយ ក៏​លោកមិនខ្ចីរវល់មកទប់ស្កាត់ការសាសង់របស់ម្ចាស់ផែថ្មីនេះដែរ សង្ស័យ​បានសើមមាត់សើមករហើយមើលទៅបានជាមើលមិនឃើញ  ។

ដោយឡែក លោក អេង​ វុទ្ធី ប្រធានមណ្ឌល០៣​បាន​ឲ្យដឹង​ថា ​សំណង់ផែខាងលើនេះ មិនមានច្បាប់អនុញ្ញាតទេ ហើយលោកបានត្រឹមតែថតរូបរាយការណ៍ទៅរដ្ឋបាលក្រុងព្រះសីហនុតែប៉ុណ្ណោះ ។ ដោយឡែក លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោមបានឲ្យដឹងថា ករណីខាងលើ លោកមិនបានដឹងទេ លោកខានចេញ-​ចូលទីតាំងផែទំនប់រលក​យូរហើយ ក្រោយ​បានព័ត៌មាននេះ លោកនឹង​ចាត់ឲ្យមន្ត្រីក្រោមឳវាទចុះទៅពិនិត្យមើលនិងមានវិធានការបន្ត ។

ប្រជានេសាទជាច្រើននាក់​ កំពុងតែរង់ចាំមើលថាតើអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធទុកឲ្យ (អង្ករក្លាយជាបាយ​,​ឬឲ្យបាយក្លាយជាអង្ករវិញ) ដើម្បីវ៉ៃចោលពេលស្ថាបនារួចរាល់​ទេដឹង? យើងគិតថា ចៀសមិនរួចពីវ៉ៃចោលទេ ក្រោយពេលសង់រួច…ហេ!ហេ!​

ព័ត៌មានបន្តនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ