ខេត្តកណ្តាល ៖ បុរសម្នាក់មានជំងឺជនវិបល្លាសស្មារតី (សតិមិនប្រក្រតី) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ តាមឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពហិ.ង្សាដោយចេតនា(បណ្ដាលឲ្យមនុស្សស្លាប់) ដោយចាប់ទាញជីដូនបង្កើត ទម្លាក់ពីលើគ្រែ ខាងក្រោមផ្ទះ និងវាយបណ្តាលឲ្យរបួសជាច្រើនកន្លែង រហូតដល់ស្លាប់ ។
ហេតុការណ៍ដ៏គួរអោយរន្ធត់នេះ បានកើតឡើងពេលវេលា១១ព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានអោយដឹងថា ជនសង្ស័យដែល វាយសម្លាប់ជីដូនរូបនោះ ឈ្មោះ ប៊ូ ចាន់ដារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ មានសតិមិនប្រក្រតី (ជនវិបល្លាសស្មារតី) មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ចំណែកជនរងគ្រោះឈ្មោះ ប៊ូ សុឃន ភេទស្រី អាយុ៩០ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវជាជីដូនបង្កើតជនសង្ស័យ ។
លោកបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំង នៃអធិការដ្ឋានស្រុកកៀនស្វាយឃាត់ខ្លួន កាលពីវេលាម៉ោង០២ និង១០នាទីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅម្តុំជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពទាញជីដូនចាស់ជរា ទម្លាក់ពីលើគ្រែ និងវាយដំរហូតដល់ស្លាប់បាន១ថ្ងៃ ។
តាមនគរបាលបានអោយដឹងទៀតថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៩:០០នាទីព្រឹក ជនសង្ស័យបានធ្វើសកម្មភាពចាប់ទាញជនរងគ្រោះទម្លាក់ពីលើគ្រែ ខាងក្រោមផ្ទះ និងវាយជនរងគ្រោះ បណ្តាលឲ្យរបួសជាច្រើនកន្លែង ឃើញដូចនេះឈ្មោះ លន ធឿន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ (ត្រូវជាក្មួយស្រីរបស់ជនរងគ្រោះ) បានទៅប្រាប់ឈ្មោះ ឡុង ចាន់តារ៉ា ភេទប្រុស ត្រូវជាមេភូមិដូនសរ ឃុំគគីរ ពីសកម្មភាពរបស់ជនសង្ស័យ ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះ ដែលជាជីដូន។ លុះដល់ពេលឈ្មោះ លន ធឿន ភេទស្រី ត្រឡប់មកពីផ្ទះមេភូមិវិញ បាននាំបងប្អូនមករៀបចំកន្លែង ដោយលើកជនរងគ្រោះដាក់នៅលើគ្រែ ក្រោមផ្ទះ ដើម្បីបញ្ចុកបបរ និងទឹក តែជនសង្ស័យស្រែកឡូឡា និងតាមរករឿងឈ្មោះ លន ធឿន ភេទស្រី មិនឲ្យបញ្ចុកបបរជនរងគ្រោះឡើយ ។
តាមព័ត៌មានអោយដឹងទៀតថា លុះដល់ម៉ោង១៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះលន ធឿន ភេទស្រី បានជិះម៉ូតូទៅប្រាប់កម្លាំងប៉ុស្តិ៍គគីរ ឲ្យជួយមកមើលជនសង្ស័យ ព្រោះមិនអោយខ្លួនចូលមើលជនរងគ្រោះ ដើម្បីបញ្ចុកបបរ និងទឹក។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍គគីរ បានចុះទៅដល់ផ្ទះជនរងគ្រោះ រួចបាននិយាយណែនាំជនសង្ស័យ ឲ្យឈប់ស្រែកឡូឡា ពេលនោះជនសង្ស័យក៏យល់ព្រម។ រហូតដល់ម៉ោង១៤និង៤០នាទី ថ្ងៃខែឆ្នាំដដែល ទើបបងប្អូនជនរងគ្រោះ បានរាយការណ៍មកនគរបាលប៉ុស្តិ៍គគីរ ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ ។
តាមនគរបាល បានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍គគីរ សហការណ៍ជំនាញយុត្តិធម៌ នៃអធិការដ្ឋានស្រុកកៀនស្វាយ បានធ្វើការស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅម្តុំជញ្ជីងថ្លឹងរថយន្ត ឋិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ប៊ូ ចាន់ដារ៉ា ភេទប្រុស ជាជនវិបល្លាសស្មារតី ដោយសារទទួលគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរនៅប្រទេសអូស្ត្រាលី ព្រមទាំងមានសំបុត្របញ្ជាក់ពីពេទ្យនៅប្រទេសអូស្ត្រាលី ផងដែរ ព្រោះធ្លាប់ទៅរស់នៅប្រទេសអូស្ត្រាលី អស់រយៈពេល២០ឆ្នាំ ជាមួយម្តាយបង្កើត ដោយមានបញ្ហាខាងលើនេះហើយ ទើបសមត្ថកិច្ចប្រទេសអូស្ត្រាលី បានចាត់បញ្ជូនអោយមករស់នៅប្រទេសកម្ពុជាវិញ។ នៅជាមួយជនរងគ្រោះឈ្មោះ ប៊ូ សុឃន ភេទស្រី ត្រូវជាជីដូនបង្កើត វ័យជរា ។
កន្លងមកអោយតែជនសង្ស័យមានអាការៈធ្វើទុក្ខមិនស្រួលខ្លួន ជនសង្ស័យតែងតែចាប់ធ្វើបាបជនរងគ្រោះជាញឹកញាប់ ហើយកម្លាំងនគរបាលប៉ុស្ដិ៍តែងតែចុះអន្តរាគមន៍រហូត និងធ្លាប់ឃាត់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារ អស់រយៈពេល១ឆ្នាំ កាលពីកំឡុងឆ្នាំ២០១៩ ពីបទ”គំរាមកំហែង ថាសម្លាប់”ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ