ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា ខេត្ត​ប៉ៃលិន

5 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ នា​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី…

ខេត្ត​ប៉ៃលិន ៖ នា​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស តែងតាំង​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ជា​ប្រធាន​គណៈកម្មាធិការ សមាគម អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ ។

បន្ទាប់​ពី​ទទួល​បានការ​ប្រកាស​តែងតាំង​ថ្មី លោក​ជំទាវ បាន ស្រី​មុំ ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ព្រមទាំង​ប្តេជ្ញា​ចិត្ត​គោរព​តាម​ការ​សម្រេចចិត្ត​របស់​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា ដោយ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​បន្ត​ដឹកនាំ​សមាគម​ឱ្យ​រីក​ចម្រើន​បន្ថែម​ទៀត ជា​ពិសេស​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន នូវ លក្ខន្តិកៈ​របស់​សមាគម ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខុមាលភាព និង​ជីវភាព​របស់​សមាជិក ផ្តល់​ការ​គាំទ្រ​ចំពោះ​សមាជិក ដែល​ជួប​ការ​ខ្វះខាត​កំពុង​មាន​ជំងឺ ផ្តល់​ការ​ឧបត្ថម្ភ​ដល់​គ្រួសារ​សមាជិក ដែល​បាន​ទទួលមរណភាព ឱ្យទាន់​ពេលវេលា សំដៅ​រួមចំណែក​សម្រាលទុក្ខ​លំបាក​របស់​ពួក​គាត់​ ។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ៖ “​អតីត​យុទ្ធ​ជន និង​និវត្តជន ពួក​គាត់​ពិតជា​បាន​លះបង់​ធំធេង​ណាស់​សម្រាប់​ជាតិ​មាតុភូមិ​។ ដូច្នេះ​ហើយ ​ទើប​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន បង្កើត​ឱ្យ​មាន​សមាគម​នេះ​ឡើង គឺ​ដើម្បី​ឱ្យ​យើង​ជួយ​មើលថែ​ចិញ្ចឹម​ពួក​គាត់​ ជា​ពិសេស​បន្ត​ទទួល​បានការ​យកចិត្តទុកដាក់ និងអត្ថប្រយោជន៍ បន្ថែម​ទៀត​ពី​រាជរដ្ឋាភិបាល ​។

ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ នាយ​ឧត្តមសេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា និង សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធ​ជន ដែល​មានគុណ​បំណាច់​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ បាន ហ៊ាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ និង​ធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង ក្នុង​បុព្វហេតុ​រំដោះប្រទេស​ជាតិ ប្រជាជន ឱ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​រហូត​ដល់ សព្វថ្ងៃ​។

ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម បាន​មាន​ប្រសាសន៍​ថ្លែង​ការ​កោតសរសើរ​ចំពោះ​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​សុខទុក្ខ​អតីត​យុទ្ធ​ជន និង​វិ​វត្ត​ជន នៅ​ក្នុង​ខេត្ត​, រដ្ឋបាល​ក្រុង​/​ស្រុក និង​មេឃុំ​/​ចៅសង្កាត់ មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល អធិការ​ក្រុង​/​ស្រុក ដែល​បាន​យកចិត្តទុកដាក់​មើលថែ​អតីត​យុទ្ធ​ជន នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​បន្ថែម​ពីលើ​នេះ សូម​ជំរុញ​លើកទឹកចិត្ត ដល់​អាជ្ញាធរ និង​បណ្ដា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ជួយ​ដោះស្រាយ ចំពោះ​ជីវភាព សុខភាព និង​បញ្ហា​ប្រឈម​នានា​របស់​អតីត​យុទ្ធ​ជន​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង ថែម​ទៀត​ផងដែរ​។

ក្នុង​ឱកាស​នោះ ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម បាន​ផ្ដល់​សម្ភារៈ​បរិក្ខា​មួយ​ចំនួន ដល់​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខេត្ត​ប៉ៃលិន សម្រាប់​បម្រើ​ការងារ ព្រមទាំង​ឧបត្ថម្ភ​ថវិកា និង​សម្ភារៈ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា ដល់​អតីត​យុទ្ធ​ជន និង​និវត្តជន​នៅ​ក្នុង​ខេត្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ