ទីក្រុងប៉េកាំង៖ ប្រទេសចិនជំរុញឱ្យអាមេរិកប្រញាប់សហការគ្នាជាមួយរុស្ស៊ីដើម្បីស្វែងរកដំណោះស្រាយដ៏សមស្របមួយក្នុងការគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីសន្ធិសញ្ញានុយក្លេអ៊ែរដែលនៅសេសសល់ចុងក្រោយបង្អស់ឈ្មោះញូស្តាត (New START) បានផុតសុពលភាពកាលពីម្សិលមិញ។ ហេតុនេះ បើគ្មានយន្តការ ឬលិខិតូបករណ៍សម្រាប់ចងជើងប្រទេសមហាអំណាចទេ គេបារម្ភថាការរត់ប្រណាំងខាងអាវុធនុយក្លេអ៊ែរនឹងកើតមានឡើងដូចកាលពីសម័យសង្គ្រាមត្រជាក់។

បញ្ហានេះគ្រោះថ្នាក់ខ្លាំងសម្រាប់ពិភពលោកព្រោះមហាអំណាចអាចផលិត ស្តុកទុក និងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ សូម្បីតែសម្ដេចសង្ឃលីអូទី១៤ក៏ព្រះអង្គខ្វាយខ្វល់ចំពោះបញ្ហានេះសម្បើមណាស់ដែរ។ ថ្ងៃនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកលីនចៀន (Lin Jian) ថ្លែងថាតាមទស្សនៈរបស់ប្រទេសចិន ការផុតសុពលភាពនៃសន្ធិសញ្ញាញូស្តាតគឺពិតជាគួរឱ្យសោកស្ដាយខ្លាំងណាស់។

អ្នកនាំពាក្យរូបនេះថ្លែងបន្តទៀតថាសន្ធិសញ្ញានេះមានសារៈសំខាន់ជាអាយុជីវិតក្នុងការថែរក្សាស្ថិរភាពជាយុទ្ធសាស្ត្រនៅលើសាកលលោក។ បន្ទាប់ពីសន្ធិសញ្ញានេះផុតសុពលភាពទៅ គេកំពុងបារម្ភចំពោះផលប៉ះពាល់ទៅលើប្រព័ន្ធគ្រប់គ្រងការរត់ប្រណាំងនុយក្លេអ៊ែរនៅលើឆាកអន្តរជាតិ និងសណ្ដាប់ធ្នាប់នុយក្លេអ៊ែរជាសាកល។ រុស្ស៊ីធ្លាប់បោះដៃទៅអាមេរិកដើម្បីបន្តសុពលភាពរយៈពេលមួយឆ្នាំទៀត។ មុនដំបូង លោកត្រាំប្រកាសគាំទ្រ។ ប៉ុន្តែសម្រេចសម្រួចនៅទីបញ្ចប់ រុស្ស៊ីថាខ្លួនមិនទាន់ទទួលបានចម្លើយតបពីអាមេរិកទេ។

យោងតាមលោកលីនចៀន ប្រទេសចិនសង្ឃឹមថាអាមេរិកនឹងឆ្លើយតបចំពោះសំណើរបស់អាមេរិក, នឹងស្វែងរកដំណោះស្រាយប្រកបដោយការទទួលខុសត្រូវ ហើយនឹងចាប់ផ្ដើមការសន្ទនាគ្នាឡើងវិញជាមួយរុស្ស៊ីនាពេលឆាប់ៗនេះ។ នេះជាអ្វីដែលពិភពលោកចង់ឃើញ។ ប្រទេសចិនក៏ជាមហាអំណាចនុយក្លេអ៊ែរផងដែរ។ ប៉ុន្តែចិនបដិសេធមិនចូលរួមនៅក្នុងសន្ធិសញ្ញាគ្រប់គ្រងការរត់ប្រណាំងផ្នែកសព្វាវុធទេក្រោមហេតុផលថាចិនមានអាវុធនុយក្លេអ៊ែរតិចតួច។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនសម្រុកផលិតអាវុធនុយក្លេអ៊ែរដោយឥតបន្ធូរដៃ។ មន្ទីរបញ្ចកោណប៉ាន់ស្មានថាប្រទេសចិនសព្វថ្ងៃនេះមានក្បាលគ្រាប់នុយក្លេអ៊ែរជាង៦រយគ្រាប់។ ថ្វីដ្បិតប្រទេសចិនសម្ដែងការខ្វាយខ្វល់ដូចខាងលើនេះ ប៉ុន្តែក្រុមអ្នកវិភាគយល់ថាការផុតសុពលភាពសន្ធិសញ្ញាញូស្តាត (New START) គឺជាឱកាសល្អរបស់ប្រទេសចិនទៅវិញទេ។ ប្រធានាធិបតីចិន លោកស៊ីជីនពីង កំពុងតែព្យាយាមផលិតនុយក្លេអ៊ែរដើម្បីឱ្យចំនួនអាវុធនេះអាចប្រដំប្រសងគ្នាជាមួយអាមេរិក និងរុស្ស៊ី និងដើម្បីងាយស្រួលតតាំងគ្នាជាមួយអាមេរិកនៅពេលផ្ទុះសង្គ្រាមនៅក្នុងតំបន់។ ឧទាហរណ៍ ករណីកងទ័ពចិនវាយប្រហារតៃវ៉ាន់។

សព្វថ្ងៃនេះ គ្រាន់តែអាមេរិក និងរុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល៩០%នៃនុយក្លេអ៊ែរសរុបទូទាំងសាកលលោក។ ប្រទេសទាំង២នេះនីមួយៗមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល៥ពាន់គ្រាប់។ នេះបើយោងតាមការវាយតម្លៃរបស់វិទ្យាស្ថានអន្តរជាតិដើម្បីសន្តិភាពដែលមានទីស្នាក់ការនៅទីក្រុងស្តក់ហូម ប្រទេសស៊ុយអែត៕ ប្រភព៖ ញូស្វីក (Newsweek) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ