ទីក្រុងម៉ូស្គូ៖ មេបញ្ជាការកំពូលរុស្ស៊ីទទួលបន្ទុកផ្នែកស៊ើបការណ៍សម្ងាត់យោធា ឬជីអ័រយូ (GRU) ត្រូវគេលបបាញ់ប្រហារជាច្រើនគ្រាប់នៅអគារស្នាក់នៅមួយកន្លែងនៃទីក្រុងម៉ូស្គូ។ គេសន្និដ្ឋានថាអំពើនេះអាចជាការប៉ុនប៉ងផ្ដាច់ផ្ដិលជីវិតរបស់លោក។ ឧត្ដមសេនីយ៍ឯកវ៉្លាឌីមៀ អាឡិចសេយេវ (Vladimir Alekseyev) មានឋាន្តរស័ក្ដិជាមេបញ្ជាការរងអង្គភាពស៊ើបការណ៍សម្ងាត់ GRU។

លោកត្រូវគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដោយមានមុខរបួសសុសពេញខ្លួន។ នេះបើតាមការបង្ហើបឱ្យដឹងពីក្រុមអ្នកស៊ើបអង្កេត។ ជនដៃដល់នៅក្នុងអំពើបាញ់ប្រហារនេះចាប់មិនទាន់បាននៅឡើយទេ ហើយកំពុងរត់គេចខ្លួន។ ថ្វីដ្បិតគោលបំណងនៃការបាញ់ប្រហារនេះមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមានចំណុចមួយដែលគេកត់សម្គាល់គឺថាការធ្វើឃាត ឬប៉ុនប៉ងធ្វើឃាតមេធំៗផ្នែកយោធារបស់រុស្ស៊ីមិនមែនទើបតែកើតឡើងជាលើកទីមួយទេ។

ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងដំបូងរហូតមកដល់ពេលនេះ មេទាហានលំដាប់ឧត្ដមសេនីយ៍របស់រុស្ស៊ីមិនតិចនាក់ឡើយដែលត្រូវគេធ្វើឃាត។ លោកអាឡិចសេយេវបានដើរតួនាទីសំខាន់នៅក្នុងការចរចាគ្នាជាមួយទាហានស៊ីឈ្នួលរបស់ក្រុមវ៉ាកណឺគ្រុប (Wagner Group) កាលពីពេលដែលក្រុមនេះបះបោរនឹងអាជ្ញាធររុស្ស៊ីក្នុងឆ្នាំ២០២៣។

អ្នកនាំពាក្យគណៈកម្មការស៊ើបអង្កេតរបស់រុស្ស៊ី លោកស្រីស្វិតឡាណា ប៉េត្រេនកូ (Svetlana Petrenko) ថ្លែងថាឧត្ដមសេនីយ៍អាឡិចសេយេវត្រូវជនដៃដល់បាញ់នៅបរិវេណអគារមួយនៅតាមបណ្ដោយផ្លូវហាយវេកណ្ដាលរដ្ឋធានីម៉ូស្គូ។ លោកស្រីថ្លែងបន្តទៀតថាសម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមអ្នកស៊ើបអង្កេត និងអ្នកឯកទេសខាងកោសល្យវិច័យកំពុងត្រួតពិនិត្យមើលកន្លែងកើតហេតុ៕ ប្រភព៖ ញូស្វីក និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ