ទីក្រុងតេអេរ៉ង់៖ អធិការបតីអាល្លឺម៉ង់ លោកហ្វ្រីតរីច ម៊ែក (Friedrich Merz) ថ្លែងថាដោយសារតែខ្វាយខ្វល់ថាអាចនឹងផ្ទុះសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរនោះទើបធ្វើឱ្យលោកបំពេញទស្សនកិច្ចនៅតំបន់ឈូងសមុទ្រ។ លោកបានអំពាវនាវឱ្យបិទបញ្ចប់នូវអ្វីដែលលោកចាត់ទុកថាជាអំពើឈ្លានពាន។ លោកសូមអំពាវនាវឱ្យភាគីជម្លោះទាំង២ចាប់ផ្ដើមចរចាគ្នា។

លោកថាអាល្លឺម៉ង់នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបន្ធូរបន្ថយភាពតានតឹង និងជួយស្ដារស្ថិរភាពនៅក្នុងតំបន់។ លោកម៊ែកអំពាវនាវឱ្យអ៊ីរ៉ង់ចរចាគ្នាលើកនេះប្រកបដោយភាពច្បាស់លាស់ដើម្បីបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែរ។ លោកក៏ឆ្លៀតព្រមានផងដែរថាតំបន់មជ្ឈិមបូព៌ាស្រួលមិនស្រួលអាចនឹងឈានដល់ការផ្ទុះសង្គ្រាម។ លោកក៏បានព្រមានដោយត្រង់ៗទៅថ្នាក់ដឹកនាំអ៊ីរ៉ង់ផងដែរថាគួរណាស់ចូលតុចរចា ហើយចរចាដោយភាពហ្មត់ចត់។

លោកម៊ែកថ្លែងថាបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់គឺជាប្រធានបទធំជាងគេដែលលោកត្រូវយកទៅពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត និងកាតា។ លោកចង់យកឱកាសនេះអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងតេអេរ៉ង់បិទបញ្ចប់អំពើឈ្លានពាន និងបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែរដូចដែលពួកគេបានសន្យាយ៉ាងឱឡារិកជាអន្តរជាតិ។ លោកម៊ែកកត់សម្គាល់ថាបើសិនប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមអ្នកតំណាងអាមេរិកអាចជួបចរចាគ្នាជាមួយអ៊ីរ៉ង់បានមែនជាការល្អ។

ប្រសាសន៍របស់មេដឹកនាំអាល្លឺម៉ង់កើតឡើងចំពេលដែលអាមេរិកប្រមូលផ្ដុំយោធាកាន់តែច្រើនឡើងៗនៅឈូងសមុទ្រពែក្ស (Persian Gulf) និងចេញសេចក្ដីព្រមានជាបន្តបន្ទាប់។ ការអំពាវនាវឱ្យដោះស្រាយបញ្ហាតាមមធ្យោបាយការទូតជាការឆ្លុះបញ្ចាំងឱ្យឃើញថាថ្វីដ្បិតអឺរ៉ុបគាំទ្រគំនិតរបស់អាមេរិកដែលចង់ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្តែពួកគេចង់ឃើញការនិយាយគ្នាដោយសន្តិវិធីជាជាងការប្រើប្រាស់កម្លាំងយោធា៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ