យប់មិញនៅក្រុងប៉ោយប៉ែត ៖ ភ្លើងឆេះផ្ទះសំណាក់ និងទីតាំងលក់សំបុត្រឡានអស់ទាំងស្រុង ខណៈមនុស្សម្នាក់រងរបួស
- បន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ព័ត៌មានបឋម កម្លាំងនគរបាលចម្រុះជាច្រើននាក់ បានបើកប្រតិបត្តិការសង្គ្រោះយ៉ាងក្តៅគគុកពេញមួយយប់ ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យដែលបានឆាបឆេះទីតាំងអាជីវកម្មស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងក្រុងប៉ោយប៉ែត ។

កាលពីវេលាម៉ោង២១:២០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះសំណាក់យីហោ ខេមរា និងទីតាំងលក់សំបុត្ររថយន្តក្រុងដឹកអ្នកដំណើរយីហោ កាពីតូល នៅតាមផ្លូវជាតិលេខ ៥ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងការងារសេនាធិការ បានដឹកនាំកម្លាំងនគរបាលជំនាញ ពន្លត់អគ្គីភ័យ និងកម្លាំងនគរបាលតាមបណ្តាក្រុង/ស្រុក សរុបចំនួន១១គ្រឿង កម្លាំងសរុប១៥០នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ក្រុមពន្លត់អគ្គីភ័យមកពីបណ្តាក្រុមហ៊ុនកាស៊ីណូ ចុះជួយអន្តរាគមន៍ពន្លត់ទីតាំងកើតហេតុ ។

ប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះ នគរបាលយើងបានប្រើប្រាស់រថយន្តដឹកទឹកចំនួន១១គ្រឿង ទឹកចំនួន១៩ធុង រហូតដល់ម៉ោង១១យប់ទើប ភ្លើងបានរលត់ទាំងស្រុង និងគ្រប់គ្រងបាន១០០ភាគរយ មិនឆេះរាលដល់ទៅកន្លែងដទៃទៀត ។
ហេតុការនេះមិនបានបណ្តាលឲ្យបានជនណាម្នាក់ស្លា.ប់បាត់បង់ជីវិតទេ មានតែពលរដ្ឋម្នាក់រងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។ ចំពោះផ្ទះចំនួន២ទីតាំង ដែលមួយទីតាំងមានទំហំ ៨៨ម៉ែត្រx៣០ម៉ែត្រ ត្រូវបានភ្លើងឆេះទាំងស្រុង ។
ចំពោះមូលហេតុ និងការខូចខាតនោះខាងលើនេះ យើងនៅមិនទាន់ដឹងនៅឡើយទេ ៕




ចែករំលែកព័តមាននេះ