ទីក្រុងវ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាម៉េរិកបានបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់មួយគ្រឿង បន្ទាប់ពីដ្រូននេះបានហោះចូលមកកៀកនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដោយសង្ស័យថាមានចេតនាបង្កការគំរាមកំហែង។ នេះបើយោងតាមសារព័ត៌មាន Reuters និងប្រភពផ្សេងៗទៀត ចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈនេះ។
ប្រតិបត្តិការការពារខ្លួននេះធ្វើឡើងដោយយន្តហោះចម្បាំងទំនើប F-35C ដែលបានធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងភ្លាមៗជាង ១ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានថា «រឿងអាក្រក់ៗ» នឹងកើតឡើង ប្រសិនបើអ៊ីរ៉ង់មិនព្រមធ្វើសម្បទានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ មកទល់ពេលនេះ គ្មានកងទ័ពអាម៉េរិកណាម្នាក់រងរបួសឡើយ ប៉ុន្តែហេតុការណ៍នេះបានក្លាយជាឧបសគ្គថ្មីមួយសម្រាប់កិច្ចចរចាការទូតដែលកំពុងរៀបចំឡើង។
ការបាញ់ទម្លាក់ដ្រូននេះកើតឡើងចំពេលដែលសហរដ្ឋអាម៉េរិកកំពុងបង្កើនវត្តមានយោធាយ៉ាងខ្លាំងក្លានៅមជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបបាតុកម្មដ៏ហិង្សានៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន។ លោក ដូណាល់ ត្រាំ បានប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរមាដោយបញ្ជូនក្បួននាវាចម្បាំងទៅក្បែរឆ្នេរសមុទ្រអ៊ីរ៉ង់ ដើម្បីបង្ខំឱ្យទីក្រុងតេហេរ៉ង់ងាកមកតុចរចាវិញ។ ច្រកសមុទ្រ ហូមូស និងសមុទ្រអារ៉ាប់ បានក្លាយជាសមរភូមិល្បងកម្លាំងគ្នា ខណៈអ៊ីរ៉ង់តែងតែប្រើប្រាស់ដ្រូន និងទូកល្បឿនលឿនដើម្បីតាមដាន និងរំខានដល់នាវាចម្បាំងអាម៉េរិក ដែលសកម្មភាពនេះត្រូវបានរដ្ឋការទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខនាវាចរណ៍អន្តរជាតិ៕
ចែករំលែកព័តមាននេះ