រាជធានីភ្នំពេញ ៖ លោក សឿង កុសល ចៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បានប្រាប់កោះសន្តិភាព ឱ្យដឹងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើសំណង់អគារចាស់ទ្រុឌទ្រោម ដែលជាអតីតសាលាបឋមសិក្សាបដិវត្តន៍ មានទីតាំង ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលកំពុងទទួលរងផលប៉ះពាល់ ដែលក្រសួងរៀបចំដែនដី បង្ខំចិត្តតម្រូវឱ្យរើចេញ ដោយដាក់ឱសានវាទ រយៈពេល៣០ថ្ងៃនោះ មានចំនួន ៩គ្រួសារ រហូតមកដល់ពេលនេះ ពួកគាត់បានយល់ព្រមទទួលសំណង ចាកចេញ ចំនួន ៦គ្រួសារហើយ នៅសល់ចំនួន៣គ្រួសារទៀត ក្រសួងរៀបចំដែនដី លោកកំពុងចរចា និងសម្របសម្រួលដោះស្រាយបន្ត ។
លោក សឿង កុសល បន្តថា តាមរយៈការសាកសួរផ្ទាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលនៅសល់ ចំនួន៣គ្រួសារនេះ មួយគ្រួសារទារសំណងជាថ្នូរនឹងការចាកចេញចំនួន ២៣ម៉ឺនដុល្លារ មួយគ្រួសារទៀត ទារ១៧ម៉ឺនដុល្លារ និងមួយគ្រួសារទៀត មិនទាន់ឆ្លើយតប នេះគ្រាន់តែការស្នើសុំរបស់ ប្រជាពលរដ្ឋទេ ។
លោក សឿង កុសល ចៅសង្កាត់ផ្សារថ្មី៣ បានឱ្យដឹងទៀតថា សំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍នេះ បើតាមការប៉ាន់ស្មានរបស់មន្ត្រី ក្រសួងរៀបចំដែនដី ថា អាចកសាងអំឡុងឆ្នាំ១៩៦០ ដែលមានអាយុកាលប្រហែលជាង៦០ឆ្នាំ ប៉ុន្ដែអគារនេះអាចខ្វះការថែទាំ ទើបមានសភាព ចាស់ទ្រុឌទ្រោម និងពុកផុយខ្លាំង ជាពិសេសនៅផ្នែកខាងលើ បាក់ដោយកន្លែង ហើយនៅពេលមានភ្លៀងម្តងៗ បងប្អូនប្រជាពលរដ្ឋនាំគ្នាយក កៅស៊ូតង់ ទៅបិទបាំង កុំឱ្យទឹកលិច ដែលអាចងាយនឹងរងគ្រោះកើតឡើង។ ហេតុនេះហើយ ទើបក្រសួងរៀបចំដែនដី បង្ខំចិត្តតម្រូវឱ្យបងប្អូន ប្រជាពលរដ្ឋចាកចេញ ដើម្បីហ៊ុមព័ទ្ធ ។
លោក បន្តទៀតថា បន្ទាប់ពីសម្របសម្រួល និងដោះស្រាយ ជាមួយបងប្អូនប្រជាពលរដ្ឋរួច ក្រសួងរៀបចំដែនដី នឹងធ្វើការហ៊ុមព័ទ្ធ ដើម្បីវាយ កម្ទេចចោល ហើយចំពោះ ការសាងសង់អគារថ្មី ឬយ៉ាងណានោះ លោកមិនបានដឹងច្បាស់ទេ ។
គួររំលឹកថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានឲ្យដឹងថា ការឲ្យពលរដ្ឋទៅរកកន្លែងថ្មីរស់នៅនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ដោយសារអគារនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមជាខ្លាំង ។ បើ យោងតាមលទ្ធផលរបស់ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងដែនដីបានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារខាងលើឡើងវិញ ជាលទ្ធផល ពិនិត្យឃើញថា គុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ។ ក្នុងនោះ ស្រទាប់ បេតុងនិងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមច្រែះធ្ងន់ធ្ងរ ដែលធ្វើឲ្យបាត់បង់គុណភាពនិងលទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើត មានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា “សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើត មានឡើងភ្លាមៗ” ។
សេចក្ដី ប្រកាស ព័ត៌មាន បាន បញ្ជាក់ថា ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ សំណង់ជិតខាង អ្នកជិតខាង និងសាធារណជន ក្រសួងរៀបចំដែនដី អំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅលើអគារនេះ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ ដើម្បីក្រុមការងារ ចាប់ផ្តើមអនុវត្តការងារតម្លើង “ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះ អគារអតីតសាលាបឋមសិក្សាបដិវត្តន៍” ។
សេចក្ដីជូនដំណឹងដដែល បានដាក់ឱសានវាទ ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ បើមិនព្រមចាកចេញទេ ក្រសួង និងរដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅឬប្រើប្រាស់អគារនេះទៀតឡើយ និងធ្វើការហ៊ុមព័ទ្ធ និងហាមចូលសំណង់អគារនេះ ៕
















ចែករំលែកព័តមាននេះ