រាជធានីភ្នំពេញ ៖ ក្រសួងរៀបចំដែនដី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើសំណង់អគារចាស់ ដែលជាអតីតសាលាបឋមសិក្សាបដិវត្តន៍ នៅទីតាំងអគារ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឱ្យទៅរកកន្លែងរស់នៅថ្មី ចាប់ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះទៅ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានឲ្យដឹងថា ការឲ្យពលរដ្ឋទៅរកកន្លែងថ្មីរស់នៅនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ដោយសារអគារនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមជាខ្លាំង ។
សេចក្តីប្រកាសព័ត៌មានបន្តថា យោងតាមលទ្ធផលរបស់ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងដែនដី បានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារខាងលើឡើងវិញ ជាលទ្ធផល ពិនិត្យឃើញថា គុណភាពសំណង់អគារនេះ មានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។ ក្នុងនោះ ស្រទាប់បេតុង និងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមច្រែះធ្ងន់ធ្ងរ ដែលធ្វើឲ្យបាត់បង់គុណភាព និងលទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើតមានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា “សំណង់ ដែលមានសភាពគ្រោះថ្នាក់ ដែលអាចកើត មានឡើងភ្លាមៗ” ។
លិខិតបញ្ជាក់ថា ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផលក្នុងអគារ និងដីកម្មសិទ្ធរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ សំណង់ជិតខាង អ្នកជិតខាង និងសាធារណជន ក្រសួងរៀបចំដែនដី អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើអគារនេះ ស្វែងរកទីកន្លែងស្នាក់នៅថ្មី ដែលមានសុវត្ថិភាពជាបន្ទាន់ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ ដើម្បីក្រុមការងារចាប់ផ្តើមអនុវត្តការងារតម្លើង “ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះ អគារអតីតសាលាបឋមសិក្សាបដិវត្តន៍” ។
លិខិតឲ្យដឹងទៀតថា ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ បើមិនព្រមចាកចេញទេ ក្រសួង និងរដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅ ឬប្រើប្រាស់អគារនេះទៀតឡើយ និងធ្វើការហ៊ុមព័ទ្ធ និងហាមចូលសំណង់អគារនេះ ៕








ចែករំលែកព័តមាននេះ