ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់ ។
ជនសង្ស័យទាំង០២នាក់ រួមមាន ៖
១-ឈ្មោះ វ៉ើន សុវិន ហៅ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត បច្ចុប្បន្នរស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(រក្សាទុក និងប្រើប្រាស់)។
២-ឈ្មោះ ញឹម តុលា ហៅ ម៉េវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរជាងជួសជុលម៉ូតូ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់, កាន់កាប់អាវុធ) ។
កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដកហូតវត្ថុតាង រួមមាន ៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់ រាងមូល ពណ៌ក្រហម (WY) ចំនួន០១ថង់កិប ស្មើនឹង៨០គ្រាប់ ទម្ងន់៧,៦៤ក្រាម (ទម្ងន់សាច់ថ្នាំសុទ្ធ), គ្រឿងញៀនប្រភេទម្ស៉ៅ និងដុំក្រាមពណ៌សថ្លា (ICE) ចំនួន០៦ថង់កិប ទម្ងន់៧៧,៣៦ក្រាម, គ្រឿងញៀនប្រភេទម្សៅម៉ត់ពណ៌ស (កេតាមីន) ចំនួន ០១កូនថង់កិប ទម្ងន់១,៥៣ក្រាម, កាំបិតខ្វែវដងដែក ចំនួន០១ដើម ប្រវែង៦៥សង់ទីម៉ែត្រ, កាំបិតកែច្នៃ ចំនួន០១ដើម ប្រវែង៩៥សង់ទីម៉ែត្រ, រថយន្តចំនួន ០១គ្រឿង ម៉ាកកាមេរី ផលិតឆ្នាំ២០០៨ ពណ៌ស ផ្លាកលេខភ្នំពេញ 2BX-0548, ម៉ូតូ ចំនួន០១គ្រឿង (ម៉ាកហុងដា PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ផ្លាកលេខ ប.ជ 1F-3444 ចំនួន០១គ្រឿង, ទូរសព្ទចំនួន ០២គ្រឿង (ម៉ាក OPPO ពណ៌ខ្មៅ, ម៉ាក IPhone 13Promax ពណ៌ខៀវ) ប្រាក់ដុល្លា ចំនួន១,៤០០ដុល្លា (មួយពាន់បួនរយដុល្លា), ប្រាក់ខ្មែរ ចំនួន ២,៦១៤,០០០រៀល (ពីរលានប្រាំមួយសែនមួយម៉ឺនបួនពាន់រៀល), ប្រាក់ថៃ ចំនួន ១,០០០បាត (មួយពាន់បាត), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង, កាបូស្ពាយពណ៌ខ្មៅ ចំនួន០១, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន, និងកាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតពិតប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ