ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលគេមិនទាន់រកឃើញពីមូលហេតុ បានឆាបឆេះអស់នូវរោងគោជាមួយនឹងរោងចិញ្ចឹមមាន់មួយកន្លែង កាលពីម៉ោង០២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ មករា នៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ដែលបណ្ដាលឲ្យសត្វមាន់យ៉ាងតិច១០០ក្បាល និង សងត្វគោ០១ក្បាលបានងាប់នៅក្នុងរោង ។

របាយការណ៏មន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា រោងគោដែលភ្ជាប់ជាមួយរោងចិញ្ចឹមមាន់ផង មានទំហំ០៥ម៉X២២ម៉ ធ្វើពីឈើប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ យិន ជន់ ភេទប្រុស អាយុ៧២ឆ្នាំ។

សមត្ថកិច្ចបាននិយាយក្នុងរបាយការណ៏ដដែលថា រោងគោនិងរោងចិញ្ចឹមមាន់នេះ សង់នៅជាមួយគ្នា ហើយអគ្គិភ័យបានឆេះរោងនោះអស់ទាំងស្រុងតែម្ដង ប៉ុន្តែគេមិនទាន់រកឃើញដើមចមដែលនាំឲ្យមានអគ្គីភ័យនេះកើតឡើងនៅឡើយទេ ។

បើតាមម្ចាស់រោងចិញ្ចឹមមាន់បានរាយការណ៍ប្រាប់សមត្ថកិច្ចថា សត្វមាន់ជាច្រើនក្បាល បានចិញ្ចឹមនៅក្នុងរោងនោះជាមួយនឹងសត្វគោ ហើយនៅយប់កើតហេតុ ដេកសុខៗស្រាប់តែអគ្គិភ័យបានឆេះរោងគោសន្ធោសន្ធៅនៅវេលារំលងអធ្រាត្រ បង្កការភ្ញាក់ផ្អើលពេញភូមិ ខណៈគាត់មិនបានស្នាក់នៅទីនោះទេ។

អគ្គិភ័យបានឆាបឆេះយ៉ាងលឿនត្រឹមមួយប៉ព្រិចភ្នែករោងគោដ៏ធំនេះបានក្លាយជាផេះ ។ អគ្គិភ័យឆេះលឿន ក៏ព្រោះតែនៅក្នុងរោងគោនោះ មានប្រេងម៉ាស៊ូតផងនិងគំនរដុំចំបើងច្រើនដុំផង។ របាយការណ៍សមត្ថកិច្ចបានឲ្យដឹងដែរថា ការខូចខាតនៅក្នុងគ្រោះអគ្គិភ័យនេះ ក្រៅពីរោងគោ និងរោងមាន់មួយខ្នង ងាប់សត្វមាន់ប្រមាណ១០០ក្បាល សត្វគោមួយក្បាល ម៉ូទ័របូមទឹកមួយគ្រឿង ប្រេងម៉ាស៊ូត០៩លីត្រ និងចំបើងចំនួន១១ដុំ រួមនឹងសម្ផារកសិកម្មមួយចំនួនទៀតដែលម្ចាស់ទុកនៅក្នុងរោងនោះ បានក្លាយជាចំណីព្រះអគ្គីទាំងអស់ ដែលគិតជាទឹកប្រាក់អស់ប្រហែល១០លានរៀល ។

យ៉ាងណា ទាំងជនរងគ្រោះ ទាំងសមត្ថកិច្ច មិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយទេ រហូតមកទល់ពេលនេះ ៕
ចែករំលែកព័តមាននេះ