ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ការ​ដាក់​ឱ្យ​ប្រើប្រាស់ ភាសា​ចា​រ៉ា​យ​ ក្នុង​កម្មវិធី​អប់រំ​ពហុ​ភាសា

35 វិនាទី មុន

ខេត្តរតនគិរី​ ៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ…

ខេត្តរតនគិរី​ ៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​ចូល​ជា​អធិបតី​ក្នុង​កម្មវិធី ការ​ដាក់​ឱ្យ​ប្រើប្រាស់ ភាសា​ចា​រ៉ា​យ​ ក្នុង​កម្មវិធី​អប់រំ​ពហុ​ភាសា និង​មានការ​ចូលរួម​ពី​សំណាក់ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា អភិបាលរង ​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត តំណាង​ដៃគូ​អភិវឌ្ឍន៍​ជាតិ​ និង​អន្តរជាតិ សមាគម និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ។

ក្នុង​ឱកាស​នេះ ឯកឧត្តម​ ហង់ជួន ណារ៉ុន ​បង្ហាញ​សេចក្ដី​រីករាយ​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ដោយ​បាន​លើក​ឡើង​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់​ភាសា​ចា​រ៉ា​យ ​ក្នុង​កម្មវិធី​អប់រំ​ពហុ​ភាសា គឺជា​សក្ខីភាព ​ដែល​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ធានា​បាន​ថា “​គ្មាន​កុមារ​ណា​ម្នាក់ ​ត្រូវ​បាន​បោះបង់​ចោល​ឡើយ​”​ នេះ​គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ ប្រកបដោយ​សមធម៌ និង​បរិ​យា​បន្ន ដោយ​អនុញ្ញាត​ឱ្យ​កុមារ​ជនជាតិ​ដើម​ភាគតិច​មានឱកាស​រៀនសូត្រ​ជា​ភាសា​កំណើត​របស់​ខ្លួន​ក្នុង​គោលដៅ ថែរក្សា​វប្បធម៌ និង​អត្តសញ្ញាណ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ឱ្យ​បាន​គង់វង្ស​។ បន្ថែម​លើ​នេះ ដើម្បី​ជំរុញ​សន្ទុះ​ នៃ​ការ​សិក្សា​នៅ​តំបន់​នេះ សូម​បន្ត​រៀបចំ​ផ្ដល់​អាហារូបករណ៍ ដល់​សិស្សានុសិស្ស​ ដែល​មាន​ជីវភាព​ខ្វះខាត និង​សិស្ស​ពូកែ ដើម្បី​ឱ្យ​ពួក​គេ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​ ។

ការ​ដាក់​ឱ្យ​ប្រើប្រាស់​ភាសា​ចា​រ៉ា​យ​ ជា​ផ្លូវការ​នេះ ជា​ផ្នែក​មួយ​ចូលរួម​ថែរក្សា​ភាសា​កំណើត ប្រពៃណី និង​ទំនៀមទម្លាប់​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​ល្អ​ប្រសើរ​។ កម្មវិធី​អប់រំ​ពហុ​ភាសា បាន​និង​កំពុង​ផ្តល់​ការ​អប់រំ​ដល់​កុមារ​មក​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ប្រមាណ ៧,៥០០​នាក់ ចាប់ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សា ដល់​ថ្នាក់​ទី​៣ និង​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ជនជាតិ ដើម​ភាគតិច​ធ្វើការ​ជា​គ្រូបង្រៀន​ប្រមាណ ៤០០​នាក់​ជា​រៀង​រាល់​ឆ្នាំ នៅ​តាម​សាលារៀន​គោលដៅ ក្នុង ខេត្តរតនគិរី ស្ទឹង​ត្រែង ក្រចេះ មណ្ឌលគិរី និង​ខេត្តព្រះវិហារ ​។

ដើម្បី​ធានា​ថា​ការ​អនុវត្ត​កម្មវិធី​នេះ​មាន​និរន្តរភាព និង​ប្រសិទ្ធភាព រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​រួម​មាន​ ៖

  • បន្ត​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ពាក្យ​ថ្មី​ៗ ដែល​ប្រើប្រាស់​ដោយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ​នៅ​កម្ពុជា កែ​លម្អ​សៀវភៅ​សិក្សា​សម្រាប់​ភាសា​ចា​រ៉ា​យ និង​ពង្រីក​ការ​អនុវត្ត​កម្មវិធី​អប់រំ​ពហុ​ភាសា​ចា​រ៉ា​យ​នៅ​តាម​តំបន់​ដែល​មាន​តម្រូវការ​បន្ថែម​ទៀត
  • ពិនិត្យ និង​វាយតម្លៃ​កម្មវិធី​សិក្សា សៀវភៅ​សិក្សា និង​សម្ភារៈ​សិក្សា
  • ពង្រឹងសមត្ថភាព​គ្រូបង្រៀន និង​អ្នក​ពាក់ព័ន្ធ​លើ​អក្ខ​កម្ម​ភាសា​កំណើត
  • ពង្រឹងសមត្ថភាព​គ្រូបង្រៀន​លើ​ជំនាញ និង​គរុកោសល្យ​អប់រំ​ពហុ​ភាសា រៀប​ចំការ​បណ្តុះបណ្តាល និង​បំប៉ន​សមត្ថភាព​គ្រូបង្រៀន​អប់រំ​ពហុ​ភាសា​ទាំងអស់​តាម​រយៈ​ការ​សិក្សា​ផ្ទាល់ ឬ​នៅ​លើ​ថ្នាល​អភិវឌ្ឍ​សមត្ថភាព
  • បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ ថ្នាក់​មូលដ្ឋាន ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​អន្តរជាតិ ដើម្បី​ពង្រឹង​ការ​អនុវត្ត និង​អភិវឌ្ឍ​សាលារៀន​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច​។

តាង​នាម​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដែល​បាន​ផ្តល់​ការ​គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា យ៉ាង​សកម្ម​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ជំរុញ​កម្មវិធី​អប់រំ​ពហុ​ភាសា​នេះ​ឱ្យ​លេច​ចេញ​ជា​រូបរាង​ឡើង នឹង​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ បងប្អូន​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច លោកគ្រូ អ្នកគ្រូ និង​ក្រុមការងារ​បច្ចេកទេស​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ក្នុង​ការ​រៀបចំ​ឯកសារ និង​កម្មវិធី​សិក្សា​ភាសា​ចា​រ៉ា​យ​នេះ ដោយ​គូសបញ្ជាក់​ថា កិច្ចសហការ​ដ៏​ល្អ​រវាង​រដ្ឋ អង្គការ​ដៃគូ និង​សហគមន៍ គឺជា​គន្លឹះ​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន ដើម្បី​ឈាន​ទៅ​សម្រេច​បាន ​នូវ​គោលដៅ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​តាម​តំបន់​ដាច់​ស្រយាល ប្រកបដោយ​ចីរភាព និង​សមធម៌​ ។

សូម​ជម្រាប​ថា កម្មវិធី​អប់រំ​ពហុ​ភាសា​នេះ មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​យ៉ាង​ពេញលេញ ហើយ​ក៏​មានការ​ចូលរួម​គាំទ្រ​ពី​មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​កុមារ (UNICEF) មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប់​ពង្រឹងសមត្ថភាព​វិស័យ​អប់រំ (CDPF) សហភាព​អឺរ៉ុប (EU) អង្គការ​អេ​ដ អេ អាក់​ស្យុ​ង (AEA) អង្គការ​សហការ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​កម្ពុជា (ICC) អង្គការ​បែរ​កម្ពុជា (CARE) អង្គការ​ NTFP អង្គការ​ភ្លែ​ន​អន្តរជាតិ (Plan) រួម​ទាំង​ដៃគូ​អភិវឌ្ឍន៍ និង​សមាគម​មួយ​ចំនួន​ទៀត​ដែល​បាន​និង​កំពុងធ្វើការ​ងារ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ