ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​កម្ពុជា ៖ ការ​ដកហូត​សញ្ជាតិ និង​បញ្ជូន​ខ្លួន​លោក ចេ​ន ហ្ស៊ី ធ្វើ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៦ បាន​ចេញ​សេចក្ដី​បំភ្លឺ ឆ្លើយ​តប​ទៅ​នឹង​ការ​សាកសួរ​របស់​ប្រព័ន្ធ​ឃោសនា ទាក់ទង​នឹង​ដំណើរការ​ផ្លូវច្បាប់…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៦ បាន​ចេញ​សេចក្ដី​បំភ្លឺ ឆ្លើយ​តប​ទៅ​នឹង​ការ​សាកសួរ​របស់​ប្រព័ន្ធ​ឃោសនា ទាក់ទង​នឹង​ដំណើរការ​ផ្លូវច្បាប់ និង​ការ​បណ្ដេញ​លោក ចេ​ន ហ្ស៊ី ដូច​ខាងក្រោម ៖

-​ការ​សម្រេចចិត្ត​របស់​កម្ពុជា ក្នុង​ការ​បណ្តេញ​លោក ចេ​ន ហ្ស៊ី ទៅ​កាន់​ប្រទេស​ចិន ដែល​ជា​ប្រទេស​ដើម​កំណើត​របស់​ខ្លួន គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​ច្បាប់ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា អនុវត្ត​ជំនួយ​ផ្លូវច្បាប់​ទៅ​វិញ​ទៅ​មក និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យុត្តិធម៌​រវាង​ប្រទេស​ទាំង​ពីរ ។

-​ការ​ដកហូត​សញ្ជាតិ​កម្ពុជា​ពី​លោក ចេ​ន ហ្ស៊ី បាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​តាម​ច្បាប់​ស្ដី​ពី វិសោធនកម្ម​ច្បាប់​ស្តី​ពី​សញ្ជាតិ (​ចុះ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៥) ជា​ពិសេស​មាត្រា​២៩​ថ្មី កថាខណ្ឌ​ទី​៤ និង​អនុក្រឹត្យ​ស្ដី​ពី​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​សញ្ជាតិ (​ចុះ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៥) មាត្រា​៥២ កថាខណ្ឌ​ទី​៤​។ ផ្អែក​លើ​មាត្រា​ទាំង​ពីរ​នេះ ការ​ដកហូត​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ ដែល​ទទួល​បាន​សញ្ជាតូបនីយកម្ម ត្រូវធ្វើ​ឡើង ប្រសិនបើ​បុគ្គល​នោះ ត្រូវ​បាន​រក​ឃើញ​ថា បាន​ទទួល​សញ្ជាតិ​ខ្មែរ​តាម​រយៈ​ការ​ក្លែងបន្លំ ឬ​ដោយ​ការ​ផ្ដល់​ព័ត៌មាន​មិន​ពិត ក្នុងអំឡុងពេល នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​សញ្ជាតិ ។

-​ការ​បណ្តេញចេញ​នេះ គឺជា​សិទ្ធិ​សម្រេច​ដោយ​អធិបតេយ្យ​របស់​កម្ពុជា ដោយ​ផ្អែក​លើ​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី នៃ​ការ​ទទួល​បាន​សញ្ជាតិ ។ ការណ៍​នេះ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​នីតិរដ្ឋ​។ ជា​ការ​ពិត វា​គឺជា​នីតិវិធី​ច្បាប់​ប្រកបដោយ​ស្តង់ដារ​មួយ ហើយ​មិន​គួរ​ជា​ប្រធានបទ​យក​មក​បកស្រាយ​ខុស ដោយ​គ្មាន​មូលដ្ឋាន​នោះ​ឡើយ ។

-​ប្រព័ន្ធ​ត្រួតពិនិត្យ​តុល្យភាព​អំណាច​របស់​កម្ពុជា នៅ​តែ​មាន​ភាពរឹងមាំ​។ ការ​បញ្ជូន​ខ្លួន​បុគ្គល​នានា ក្នុង​ក្របខ័ណ្ឌ​ច្បាប់ គឺជា​ដំណើរការ​ផ្លូវការ នៃ​ជំនួយ​ផ្នែក​ច្បាប់​ទៅ​វិញ​ទៅ​មក និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យុត្តិធម៌ ព្រមទាំង​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ច្បាប់​ជាតិ និង​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​ខ្លួន ។

ការ​អនុវត្ត​ច្បាប់​ម៉ឺងម៉ាត់​បែប​នេះ បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​កម្ពុជា ចំពោះ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ទន្ទឹម​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ប្រកបដោយ​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ