ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឡាវ ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​ពី​កម្ពុជា ឆ្លងកាត់ឡាវ ឆ្ពោះទៅ​កាន់​ប្រទេស​ទី​៣

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​បណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​បរិស្ថាន នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ​។

ក្នុង​ឱកាស​នៃ​ជំនួប​ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​បរិស្ថាន បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​បវរ​ធិ​បតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ឱកាស​នេះ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កម្ពុជា ដែល​បាន​ផ្ដល់​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ​ឯកឧត្តម និង​គណៈប្រតិភូ ដែល​នេះ​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី​ថា ក្នុង​រយៈពេល​៧០​ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត កម្ពុជា​-​ឡាវ​ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​មានកា​រវិ​វត្ត​រីក​ចម្រើន​ឥត​ឈប់​ឈរ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ឡាវ​នៅ​កម្ពុ​ជានា​ពេល​នេះ ក៏​ជា​ការ​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឡាវ ផង​ដែរ ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ជូន​សម្ដេច​បវរ​ធិ​បតី​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម និង​គណៈប្រតិភូ មក​កាន់​កម្ពុ​ជានា​ឱកាស​នេះ មាន​គោលបំណង​សំខាន់​ចំនួន ២ រួម​មាន​៖ (១) ការ​ពិភាក្សា​ទៅ​លើ​ការ​អនុវត្ត​ នូវ​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កន្លង​មក សំដៅ​ជំរុញ​ការ​បង្កបង្កើន​ផលិតផល​កសិកម្ម​ ការ​ចិញ្ចឹមសត្វ​ និង​ការ​អភិរក្ស​ព្រៃឈើ និង (២) ការ​ពិភាក្សា​លើ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​ពី​កម្ពុជា ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ ឆ្ពោះទៅ​កាន់​ប្រទេស​ទី​៣​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏​បាន​ជម្រាប​ជូន​សម្តេច​បវរ​ធិ​បតី​ថា ក្រសួងកសិកម្ម និង​បរិស្ថាន​ឡាវ និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា បាន​ឯកភាព​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​ពី​កម្ពុជា ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ ទៅ​កាន់​ប្រទេស​ទី​៣ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នេះ​សម្រេច​បាន​លទ្ធផល​ជា​ផ្លែផ្កា និង​ឱ្យ​បាន​ឆាប់រហ័ស​។ បន្ថែម​ពី​នេះ​ ឯកឧត្តម​​រដ្ឋមន្ត្រី ​ក៏​បាន​ប្ដេជ្ញា​នៅ​ក្នុង​ការ​ជំរុញ ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​បរិស្ថាន​ឱ្យ​កាន់តែ​រីក​ចម្រើន និង​រឹង​មាំ​បន្ថែម​ទៀត ជាមួយ​សម​ភាគី​កម្ពុជា ​។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​បវរ​ធិ​បតី​បាន​សម្ដែង​ នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​បរិស្ថាន​ឡាវ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ឱកាស​នេះ​ ។

សម្ដេច​បវរ​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​អំពី​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឡាវ ព្រមទាំង​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត និង​សេចក្ដី​រីករាយ ដែល​បានឃើញ​នូវ​ភាព​រីក​ចម្រើន​ជា​លំដាប់ ​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ នៃ​ប្រទេស​ទាំង​ពីរ ​។
សម្ដេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា វិស័យ​កសិកម្ម គឺជា​វិស័យ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្នុង​ការ​ធានា ​នូវ​សន្តិសុខ​ស្បៀង​។ ជាមួយនឹង​កត្តា​ទីតាំង​ភូមិសាស្ត្រ និងភាព​ស្រ​ដៀង​គ្នា​រវាង​កម្ពុជា​-​ឡាវ​ សម្ដេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់ និង​សក្តានុពល​ជា​ច្រើន​ទៀត ដែល​ប្រទេស​ទាំង​ពីរ​អាច​សហការ​ជាមួយ​គ្នា​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ឱ្យ​ស្រប​ទៅ​នឹង​ការ​រីក​ចម្រើន ​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​លើ​វិស័យ​ផ្សេង​ៗ ដូច​ជា វិស័យ​សន្តិសុខ ​និង​ការពារ​ជាតិ​ ថាមពល​ និង​ពាណិជ្ជកម្ម ជាដើម​ ។

មុន​នឹង​បញ្ចប់​ សម្ដេច​បវរ​ធិ​បតី បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួងកសិកម្ម នៃ​ប្រទេស​ទាំង​ពីរ​ព​ន្លឿ​ន ​នូវ​នីតិវិធី​ នៅ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​ពី​កម្ពុជា ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ ឆ្ពោះទៅ​កាន់​ប្រទេស​ទី​៣ ហើយសម្ដេច​បវរ​ធិ​បតី​ជឿជាក់​ថា ​កិច្ចព្រមព្រៀង​ នៃ​កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ